មន្ត្រី​អាដហុក​ថា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ពោធិ៍សាត់​អាច​នឹង​ដោះស្រាយ​ចប់​នៅ​ចុង​ឆ្នាំ​២០១៥

0:00 / 0:00

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ មាន​ជំនឿ​ថា ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ជាមួយ​ពលរដ្ឋ​ជាង ២០​គ្រួសារ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង នឹង​ដោះស្រាយ​ចប់​នៅ​ចុង​ឆ្នាំ​២០១៥។

តើ​មាន​មូលដ្ឋាន​អ្វី​ខ្លះ​ដែល​សង្គម​ស៊ីវិល មាន​ជំនឿ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​នេះ?

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​តែងតែ​រិះគន់​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​គន្លឹះ​ចំនួន​ពីរ ដែល​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ គឺ​ទី​១ អាជ្ញាធរ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា។ ទី​២ តំបន់​ដែល​កំពុង​មាន​ជម្លោះ​នោះ ត្រូវ​អភិវឌ្ឍ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច ពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ។ អាជ្ញាធរ​ខេត្ត និង​សមាគម​អាដហុក បាន​ក្លាយ​ជា​ដៃគូ​ដោះស្រាយ​បញ្ហា​នេះ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ថា បច្ចុប្បន្ន​មាន​អ្នក​ភូមិ​សង្គមថ្មី ចំនួន ១២​គ្រួសារ ក្នុង​ចំណោម ២១​គ្រួសារ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស តាំង​ពី​ឆ្នាំ​២០១០ មក​នោះ បាន​ផ្ដិត​មេដៃ​ក្រោយ​ពី​បំពេញ​សលាកបត្រ​ព័ត៌មាន ឬ​ប្រវត្តិ​នៃ​ការ​កាន់​កាប់​លើ​ដី​កំពុង​មាន​ជម្លោះ។ លោក​ថា សង្គម​ស៊ីវិល ព្យាយាម​ពន្យល់​អំពី​កម្មសិទ្ធិ​ដីធ្លី និង​ច្បាប់​ដល់​ពួក​គាត់ ប៉ុន្តែ​បើ​អ្នក​ភូមិ​ដែល​អះអាង​ថា ក្រុមហ៊ុន​រំលោភ​យក​ដី​នោះ​មិន​ព្រម​សហការ​បំពេញ​សលាកបត្រ គឺ​មាន​ន័យ​ថា ពួក​គាត់​ពុំ​មាន​ដី​នៅ​ចំណុច​នោះ​ឡើយ៖ «១២​គ្រួសារ​បាន​មក​បំពេញ​សលាកបត្រ​ព័ត៌មាន ដើម្បី​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ សិក្សា​ពី​ព័ត៌មាន​ទាំងអស់​ហ្នឹង​ថា ព័ត៌មាន​ទាំងអស់​ពិត​ប្រាកដ​ដូច​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន​មក​ខាង​យើង​ដែរ​ឬ​ទេ? ហើយ​អាជ្ញាធរ​ក៏​បាន​សិក្សា​ព័ត៌មាន​ទាំងអស់​ហ្នឹង ដើម្បី​ស្វែងរក​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ពលរដ្ឋ បើ​ពលរដ្ឋ​ទាំងអស់​ហ្នឹង​អត់​មាន​ដី​ពិត​ប្រាកដ»

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ៤​ពាន់​ហិកតារ (៤.៤០០​ហិកតារ) នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ទៅ​ឲ្យ​ក្រុមហ៊ុន អឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​ធ្លាប់​បញ្ជាក់​ថា ជាក់ស្ដែង​ក្រុមហ៊ុន​បាន​ឆ្វៀល​ដី​ជូន​ពលរដ្ឋ និង​ព្រៃ​សហគមន៍ ហើយ​ទំហំ​ដី​ដែល​នឹង​អភិវឌ្ឍ​ពុំ​មាន​ធំ​ឡើយ។

រយៈពេល​ជិត ៦​ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន បាន​ប៉ះពាល់​លើ​ដី​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​សង្គមថ្មី ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល នៃ​ថ្មដា ប៉ុន្តែ​គ្រួសារ​ភាគ​ច្រើន​ទទួល​បាន​ការ​ដោះស្រាយ តាម​រយៈ​ក្រុមហ៊ុន​ផ្ដល់​សំណង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ខ្លះ​ទទួល​បាន​ការ​វាស់វែង​ដីធ្លី​ដោយ​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១២ តែ​គ្រួសារ​ខ្លះ​មិន​ទាន់​ដោះស្រាយ​ចប់។

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ទទួល​ផែន​ដីធ្លី លោក ខូយ រីដា ថ្លែង​ថា ចំពោះ​គ្រួសារ​ដែល​នៅ​សល់​ពី​ការ​ដោះស្រាយ​កន្លង​ទៅ អាជ្ញាធរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល នឹង​រួត​រាស់​ដោះស្រាយ​បញ្ចប់។ លោក​ថា នៅ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ខាង​មុខ​ទៀត ក្រុម​ការងារ​នឹង​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ​ជា​ថ្មី​ទៀត ហើយ​ពលរដ្ឋ​ក្រៅ​ពី ១២​គ្រួសារ ដែល​មិន​ចូល​មក​បំពេញ​សលាកបត្រ​អាច​ជា​អ្នក​ដែល​មាន​បញ្ហា៖ «បើ​គាត់​មិន​ចូលរួម​មាន​ន័យ​ថា គាត់​មាន​បញ្ហា បញ្ហា​អី​ខ្លះ? ឧទាហរណ៍​អ្នក​ខ្លះ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ គាត់​ជំពាក់​លុយ​គេ អ្នក​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដូច​ឧក្រិដ្ឋ​អ៊ីចឹង ខ្លះ​គេច​ខ្លួន​មក​សម្ងំ​នៅ​កៀនៗ​កន្លុក​កន្លៀត​អស់​ហ្នឹង គាត់​អត់​បញ្ចេញ​មុខ​ទេ​អា​ហ្នឹង​ក៏​ពាក់ព័ន្ធ​ដែរ»

លោក​បញ្ជាក់​ថា ចំពោះ​ពលរដ្ឋ​ដែល​មិន​សហការ​ចូលរួម​ផ្ដល់​ព័ត៌មាន​អំពី​ដីធ្លី​ដើម្បី​ដោះស្រាយ ខាង​អាជ្ញាធរ​នឹង​មិន​សើរើ​អ្វី​ឡើយ តែ​បើ​ពលរដ្ឋ​ទាំង​នោះ​ឆ្លៀត​ឱកាស​តវ៉ា​លើ​រឿង​ដីធ្លី​ដដែល​នេះ អាជ្ញាធរ​នឹង​ប្ដឹង​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​ច្បាប់។ លោក​ថា ក្រៅ​ពី ១២​គ្រួសារ​ដែល​ចូលរួម​ដោះស្រាយ​ជាមួយ​អាជ្ញាធរ គេ​មិន​ទាន់​រក​ឃើញ​អត្តសញ្ញាណ​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​មាន​ប្រភព​ពី​ខេត្ត​បាត់ដំបង។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ទូល​ចាន​ឆ្នាំង​ខោអាវ និង​កាន់​បដា​ទាមទារ​រឿង​ដីធ្លី​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ខេត្ត​ពោធិ៍​សាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ទូល​ចាន​ឆ្នាំង​ខោអាវ និង​កាន់​បដា​ទាមទារ​រឿង​ដីធ្លី​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ខេត្ត​ពោធិ៍​សាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤។ (RFA/Chin Chetha)

យ៉ាង​ណា តំណាង និង​ពលរដ្ឋ ៩​គ្រួសារ​ដែល​មិន​ទាន់​បំពេញ​សលាកបត្រ បញ្ជាក់​ស្រដៀង​គ្នា​ថា ពួក​គាត់​នឹង​មិន​ផ្ដិត​មេដៃ​លើ​សលាកបត្រ​ដែល​អាជ្ញាធរ​រៀបចំ ក្នុង​គោល​បំណង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពួក​គាត់​នោះ​ទេ ព្រោះ​អ្នក​ភូមិ​មាន​ដី​ពិត​ប្រាកដ​លើ​ទីតាំង​ដែល​កំពុង​មាន​ជម្លោះ។ ពួក​គាត់​ថា ក្រុមហ៊ុន​បាន​ឈូស​បំផ្លាញ​ខ្ទម និង​ដំណាំ​បំបិទ​ភស្តុតាង​កាល​ពី​ឆ្នាំ​២០១០ ដើម្បី​កុំ​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​បាន។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៩​គ្រួសារ គឺ​អ្នកស្រី ប្រាក់ សុផល មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ថា ពួក​គាត់​មាន​ដី​ពិត​ប្រាកដ មិន​មែន​ពលរដ្ឋ​រស់នៅ​អនាធិបតេយ្យ​ចូល​កាប់​ទន្ទ្រាន​ដី​រដ្ឋ​នោះ​ទេ។ អ្នកស្រី​អាច​យល់ព្រម​ផ្ដិត​មេដៃ និង​ចូលរួម​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ដែរ បើ​ក្នុង​ករណី​សលាកបត្រ​ត្រូវ​បាន​កែ​តម្រូវ ហើយ​អាជ្ញាធរ​មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «យើង​ជា​ម្ចាស់​ដី​ពិត ហើយ​គាត់​ឲ្យ​ផ្ដិត​ក្នុង​នាម​យើង​ទៅ​ទទួល​ដី​សង្គមកិច្ច ហើយ​ដី​សង្គមកិច្ច​យើង​សួរ​ជា​ច្បាប់​ទៅ គឺ​ជា​ដី​ផ្ដល់​ជូន​ប្រជាជន​អត់​ដី​សោះ និង​រស់នៅ​អនាធិបតេយ្យ​អ៊ីចឹង​ទៅ។ មួយ​ទៀត​ដែល​យើង​ទាំងអស់​គ្នា​ដែល​នៅ​សេសសល់ យើង​ចង់​បញ្ជាក់​ថា យើង​ជា​ម្ចាស់​ដី ហើយ​មុន​ពេល​ទទួល​ដី​សម្បទាន ឬ​ដី​អ្វី​មួយ​ដែល​រដ្ឋ​ផ្ដល់​ឲ្យ គួរ​តែ​មាន​ការ​ទទួល​ស្គាល់​ថា យើង​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​សិន»

ក្រុម​ពលរដ្ឋ​ទាំង ២១​គ្រួសារ ធ្លាប់​កណ្ដៀត​កន្ទេល​ខ្នើយ និង​ចាន​ឆ្នាំង ដើរ​ថ្មើរ​ជើង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​លើ​រឿង​ដីធ្លី​នេះ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ស្ទាក់​សម្រប​សម្រួល​នៅ​ពាក់​កណ្ដាល​ផ្លូវ ដោយ​សន្យា​ជួយ​រក​ដំណោះស្រាយ។ បច្ចុប្បន្ន ពលរដ្ឋ​ទាំង ២១​គ្រួសារ តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​ហំ ២៣៣,៥​ហិកតារ ដែល​ក្រុមហ៊ុន​រំលោភ​យក។

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្ដឹង និង​ដោះស្រាយ​បាន​ជា​បន្តបន្ទាប់ តែ​មិន​ទាន់​អាច​ប្រាប់​ពី​តួលេខ​ច្បាស់​បាន។ ចំណែក​សមាគម​អាដហុក​វិញ​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ខេត្ត​ក្នុង​ឆ្នាំ​២០១៥ មាន ៤​ករណី​ធំៗ​នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។