ពលរដ្ឋរស់នៅតំបន់មានជម្លោះដីធ្លីជាមួយវៀតណាម ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងព្រួយបារម្ភថា នឹងជួបបញ្ហាក្នុងជីវភាពរស់នៅ នៅពេលដឹងថា ពួកគេនឹងមិនអាចចូលធ្វើស្រែចម្ការលើដីរបស់ខ្លួនបានបន្តទៀត។
ការព្រួយបារម្ភនេះ កើតឡើងក្រោយពេលដែលអាជ្ញាធរអំពាវនាវឲ្យពលរដ្ឋទាំងនោះ ផ្អាកចូលដាំដំណាំលើដីតំបន់នោះតទៅទៀត ពីព្រោះមិនមែនជាដីរបស់កម្ពុជា ឡើយ។
ពលរដ្ឋស្នើឲ្យអាជ្ញាធរគិតគូររកដីកន្លែងផ្សេង សម្រាប់ពួកគាត់ប្រកបរបរចិញ្ចឹមជីវិតបាន។ ការស្នើសុំរបស់ប្រជាពលរដ្ឋនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពេលនេះ ក្រោយពេលអាជ្ញាធរខេត្តប្រកាសជាថ្មី ឲ្យពលរដ្ឋមានជម្លោះដីធ្លីជាមួយវៀតណាម បញ្ឈប់សកម្មភាពចូលដាំដំណាំលើដីនោះបន្តទៀត។ ការប្រកាសនេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ចេញលិខិតប្រកាសមួយកាលពីថ្ងៃទី៦ ឧសភា ថា ដីនោះ គឺពលរដ្ឋខ្មែរនាំគ្នាធ្វើនៅលើដីរបស់វៀតណាម។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ មានប្រសាសន៍ថា ការអំពាវនាវឲ្យពលរដ្ឋនៅភូមិជើង បញ្ឈប់សកម្មភាពចូលដាំដំណាំនៅចំណុចជាំប្រាំល្វែង ចន្លោះបង្គោលព្រំដែនលេខ៩៤ និង៩៥ គឺដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ម្យ៉ាងដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនពលរដ្ឋផង៖ «ជាការពិត ដែនដីដែលពួកគាត់ធ្វើនៅខាងយើង ហើយយើងមានតែបង្កលក្ខណៈឲ្យគាត់បានធ្វើវិញ។ អារឿងហាមឃាត់ យើងមិនដែលហាមឃាត់ទេអាដីនៅក្នុងបូរណភាពក្នុងដែនដីយើង»។
យ៉ាងណាលោកបញ្ជាក់ថា ចំពោះផលដំណាំរបស់ពលរដ្ឋដែលនៅសេសសល់ពីការបាញ់ថ្នាំពុល កាលពីថ្ងៃទី១៩ មេសា គឺពួកគាត់អាចចូលប្រមូលផលរហូតរួចរាល់បាន ប៉ុន្តែមិនអនុញ្ញាតឲ្យចូលដាំដំណាំបន្តទៀតទេ។
ទាក់ទងការហាមឃាត់មិនឲ្យពលរដ្ឋអាចចូលបង្កបង្កើនផលលើដីនោះបន្ត ទៀត ពលរដ្ឋនៅភូមិជើង ឃុំជាំ លោក ពុត ផាត់ ឲ្យដឹងថា ដីតំបន់នោះ គឺពលរដ្ឋនាំគ្នាធ្វើតាំងពីដូនតាមក។ លោកថា ប្រសិនបើរាជរដ្ឋាភិបាលរកឃើញថា ដីនោះពិតជាដីវៀតណាម ពលរដ្ឋនឹងគោរពតាមច្បាប់ ប៉ុន្តែសូមឲ្យមានការបញ្ជាក់ច្បាស់លាស់ និងត្រូវមានដំណោះស្រាយដីធ្លីតំបន់ផ្សេងជូនពួកគាត់ជំនួសវិញ។ បើមិនដូច្នេះទេ ពលរដ្ឋនៅតែចង់ចូលទៅកាន់កាប់ដីតំបន់ដែលអាជ្ញាធរហាមឃាត់វិញ ដដែល៖ «ពលរដ្ឋកំពុងរងផលប៉ះពាល់នៅកន្លែងនេះ ហើយចង់ឲ្យមានទឹកដីនៅកន្លែងនេះ ព្រោះគាត់ធ្វើយូរយារណាស់ហើយ អ៊ីចឹងគាត់ចង់ឲ្យដោះដូរនៅទីនេះ»។
ឆ្លើយតបការចង់បានរបស់ពលរដ្ឋពេលនេះ អភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណារ៉ា មានប្រសាសន៍ថា ការដោះដូរនោះ អាជ្ញាធរបានធ្វើមុនពេលបោះបង្គោលជាផ្លូវការរួចទៅហើយ ដោយមានទាំងអាជ្ញាធរមូលដ្ឋានបានដឹងឮទៀតផង។ ប៉ុន្តែបញ្ហានេះ លោកថាជាករណីថ្មីទៀតដែលអាជ្ញាធរមិនអាចតម្រូវចិត្តពួកគាត់បាន ក្រៅពីពន្យល់ពលរដ្ឋទាំងនោះតែប៉ុណ្ណោះ៖ «គឺថាឲ្យយើងទៅរកឯណាទៀត បើយើងបានរកត្រង់ហ្នឹងរួចហើយ គឺបានគិតគូរដល់ពួកគាត់រួចទៅហើយ ត្រង់ហ្នឹង។ អ៊ីចឹងយើងមានតែពន្យល់ពីចំណុចហ្នឹងឲ្យពួកគាត់បានយល់ទេ»។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា រាជរដ្ឋាភិបាលក្រៅពីដោះស្រាយបញ្ហាចំពោះមុខជូនពលរដ្ឋហើយ ពួកគេគប្បីស្វែងរកការពិតជុំវិញបញ្ហានេះ ពីព្រោះពលរដ្ឋយ៉ាងច្រើនកំពុងតែងឿងឆ្ងល់ថា តើហេតុអ្វីបានជាពលរដ្ឋខ្មែរទៅធ្វើស្រែចម្ការលើដីវៀតណាម ទៅវិញ?៖ «ហើយបកស្រាយរឿងបង្គោលរឿងព្រំដែនអីហ្នឹងទៅ ដើម្បីឲ្យអ្នកនៅហ្នឹងស្ងប់ចិត្តផង ព្រោះឥឡូវហ្នឹងគាត់ពិបាកមែនទែនតាំងពីមានការបោះបង្គោលព្រំដែន មក ពួកគាត់ចេះតែបន្តធ្វើនៅលើដីគេរហូតទាំងដែលពួកគាត់មិនដឹង ខ្លួនផង»។
ពាក់ព័ន្ធរឿងចម្រូងចម្រាសដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅឃុំជាំ ពេលនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ពួកគេកំពុងពិភាក្សាលើគម្រោងកោះហៅរដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ទៅឆ្លើយបំភ្លឺនៅសភា ឬធ្វើញត្តិស្តីបន្ទោស លោក ហោ ណាំហុង អំពីការចេញលិខិតរបស់លោកកាលពីថ្ងៃទី៦ ឧសភា ថា ពលរដ្ឋខ្មែរដាំដំណាំលើដីវៀតណាម និងបញ្ហាដោះដូរភូមិខ្មែរមួយចំនួនទៅឲ្យវៀតណាម ជាដើម។ ក្នុងកាសែតបញ្ជាក់ថា បើរកឃើញពីកំហុសទាំងនោះ នឹងអាចឈានទៅបោះឆ្នោតទម្លាក់តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
