អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំកងសមត្ថកិច្ចចម្រុះជាច្រើននាក់ ដើម្បីចុះទៅរុះរើលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង ចេញពីដីទំនាស់មួយកន្លែង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមអ្នកភូមិជាម្ចាស់ដី បាននាំគ្នាប្រឆាំងជំទាស់ ដោយអះអាងថា ដីលំនៅឋាន និងដីចម្ការទំហំ ៩៥ហិកតារ របស់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារនោះ បានកាន់កាប់អស់រយៈពេលជាង ១០ឆ្នាំ។
ក្រុមអ្នកភូមិ និងកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានប្រឈមមុខដាក់គ្នានៅលើដីទំនាស់មួយកន្លែង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ ប៉ុន្តែពុំកើតមានអំពើហិង្សានោះទេ ដោយសារតែភាគីទាំងពីរ បានងាកទៅជួបចរចាគ្នារកដំណោះស្រាយឡើងវិញ។
ក្នុងជំនួបនោះ ភាគីអាជ្ញាធរមានគ្នា ៦នាក់ ដឹកនាំដោយអភិបាលរងខេត្តប៉ៃលិន លោក កើត សុធា និងភាគីប្រជាពលរដ្ឋមានគ្នា ៤នាក់ តំណាងឲ្យអ្នកភូមិ ១៩គ្រួសារ ដែលកំពុងរស់នៅកាន់កាប់ដីភូមិ និងដីចម្ការទំហំ ៩៥ហិកតារ នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តំណាងអ្នកភូមិ ១៩គ្រួសារ លោកស្រី ឱម សំអុល ថ្លែងថា ការចរចាគ្នានោះពុំទទួលបានលទ្ធផលទេ ដោយសារភាគីអាជ្ញាធរបង្ខំឲ្យអ្នកភូមិទទួលយកដីទំហំ ២០ម៉ែត្រគុណ ៥០ម៉ែត្រក្នុងមួយគ្រួសារ។ រីឯក្រុមអ្នកភូមិទាំង ១៩គ្រួសារ ទាមទារយកដីចម្ការមួយគ្រួសារ ៥ហិកតារ ដែលពួកគាត់បានកាន់កាប់បង្កបង្កើនផលតាំងពីឆ្នាំ២០០០ មក៖ «បើតាមលទ្ធភាពដែលគេឲ្យត្រឹមក្បាល ២០ និងបណ្ដោយ ៥០ម៉ែត្រ តែប្រជាពលរដ្ឋបដិសេធ ព្រោះដីប៉ុណ្ណឹងធ្វើអីអត់កើត។ ប្រជាពលរដ្ឋមានសុទ្ធដីស្រែហ្នឹង ៥ហិកតារម្នាក់ បើអត់ប៉ុណ្ណឹង មិនដឹងបានអីធ្វើ គេឲ្យរុះរើផ្ទះទាំងអស់ហ្នឹង តែប្រជាពលរដ្ឋទាំងអស់ថាអត់រុះរើទេ រង់ចាំការដោះស្រាយសិន»។
ក្រុមអ្នកភូមិចោទថា អាជ្ញាធរខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១ ខែមីនា បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធចម្រុះ មានប៉ូលិស ប៉េអិម និងទាហានជាច្រើននាក់ ក្នុងគោលបំណងទៅរុះរើលំនៅឋានរបស់ពួកគាត់ ដែលសាងសង់រួចប្រហែល ១០ខ្នងចេញពីដីមានទំនាស់ ប៉ុន្តែអ្នកភូមិជាម្ចាស់ផ្ទះ បាននាំគ្នាចូលកាន់កាប់ក្នុងលំនៅឋានរៀងៗខ្លួន៖ «សំណូមពរជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ខុសថា ត្រូវថាត្រូវ ប្រជាពលរដ្ឋរងទុក្ខអត់មានដីរស់នៅទេ សុំដីគេនៅទេ អ្នកខ្លះទៀតយកដីភូមិទៅប្រចាំគេ ដាច់ដីភូមិទៀត គេសន្យាថាដោះដូរ អ្នកខ្លះដាច់ដីភូមិហើយ អ៊ីចឹងបានសម្រេចចិត្តថា ធ្វើនៅលើដីហ្នឹង សូម្បីមួយជំហានងាប់ក៏ដោយ»។
យ៉ាងណាក៏ដោយ នៅក្នុងការជួបចរចាគ្នាកាលពីព្រឹកថ្ងៃទី១ មីនា ភាគីទាំងពីរក្រោយពីបានជជែកមិនត្រូវគ្នាជាច្រើនម៉ោងរួចមក ក៏សម្រេចលើកពេលជួបចរចាគ្នាម្ដងទៀត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ពី លោក កើត សុធា អភិបាលរងខេត្តប៉ៃលិន និងលោក ហុក សុផល ប្រធានមន្ទីរសុរិយោដី ខេត្តប៉ៃលិន ប៉ុន្តែទូរស័ព្ទរោទ៍ពុំមានអ្នកទទួល។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តប៉ៃលិន លោកស្រី ប្រាក់ សុភិមា ថ្លែងថា នៅក្នុងកិច្ចជំនួបចរចាគ្នានោះ ភាគីអាជ្ញាធរក៏បានហាមឃាត់មិនឲ្យក្រុមអ្នកភូមិសាងសង់លំនៅឋានបន្តនៅលើដីទំនាស់នោះទៀតឡើយ។ ពាក់ព័ន្ធទំនាស់ដីធ្លីនេះ លោកស្រីយល់ថា សមាគមអាដហុក ចង់ឃើញអាជ្ញាធរខេត្តមានចំណាត់ការសមស្រប និងភាពយុត្តិធម៌ ដើម្បីផ្ដល់ផលប្រយោជន៍ជូនក្រុមអ្នកភូមិ៖ «ខេត្តគួរតែមានចំណាត់ការណាដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារតែពួកគាត់ចូលទៅរស់នៅតាំងពីឆ្នាំ២០០០ មកម្ល៉េះ ដីហ្នឹងគឺមានភូមិជាអ្នកចែកអោយ ហើយខាងខេត្តទើបតែឆ្នាំ២០០៦ ទេ ដែលប្រកាសថា ជាដីរបស់រដ្ឋ។ ដំបូងឡើយ ប្រជាពលរដ្ឋទៅនៅតាំងពីឆ្នាំ២០០០ គាត់កាន់កាប់រហូតអ៊ីចឹង អាជ្ញាធរខេត្តគួរតែធ្វើការពិចារណារកដំណោះស្រាយ ដើម្បីចៀសវាងបាតុភាពកើតឡើង»។
ក្រុមអ្នកភូមិថ្លែងថា ដីលំនៅឋាន និងដីចម្ការទំហំ ៩៥ហិកតារ នោះ ពួកគាត់ទទួលបានពីការបែងចែកដោយអាជ្ញាធរមូលដ្ឋានភូមិឃុំ តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៦ ទើបមានទំនាស់កើតឡើង។ នៅឆ្នាំ២០០៦ អាជ្ញាធរខេត្តប៉ៃលិន បានសម្រេចយកដីទំហំជាង ២ពាន់ហិកតារ (២.១០២ហិកតារ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ដីទំហំជាង ២ពាន់ហិកតារនោះ អាជ្ញាធរយករក្សាទុក ដើម្បីត្រៀមបម្រុងធ្វើព្រលានយន្តហោះ និងធ្វើជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស។ ការសម្រេចនេះ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលកំពុងកាន់កាប់ដីជាក់ស្ដែងនៅតាមបណ្ដាភូមិចំនួន៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
