ពលរដ្ឋរស់នៅក្នុងសហគមន៍ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បដិសេធមិនចូលរួមសហការគម្រោងអភិវឌ្ឍន៍ពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើយ បើសិនជាគណៈកម្មការបច្ចេកទេស និងដោះស្រាយបញ្ហាពុំមានសមាសភាពពីអង្គការសង្គមស៊ីវិលទេនោះ។
តំណាងពលរដ្ឋមកពីសហគមន៍ថ្មគោល អ្នកស្រី ច្រាយ នីម ថ្លែងថា ពួកគេពុំមានជំនឿទៅលើក្រុមការងារបច្ចេកទេស ឬគណៈកម្មការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលនោះឡើយ ពីព្រោះថាពុំមានការចូលរួមពីអង្គការសង្គមស៊ីវិល ដែលគាត់គិតថាពុំមានយុត្តិធម៌ និងតម្លាភាព។ អ្នកស្រីស្នើឲ្យការបង្កើតគណៈកម្មការនេះធ្វើឡើងដោយមានការចូលរួមពីតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិល ដែលធ្វើការផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ៖ «បើសិនជាគណៈកម្មការមានតែខាងរដ្ឋាភិបាល ហើយមិនមែន អិន.ជី.អូ (NGO) និងសហគមន៍យើងរងគ្រោះផ្ទាល់ចូលរួមទេ ពួកយើងអត់ទទួលស្គាល់ ហើយយើងក៏មិនចូលរួមក្នុងការអភិវឌ្ឍនេះទេ»។
ការថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់រវាងតំណាងសហគមន៍ថ្មគោល និងមន្ត្រីអាកាសចរស៊ីវិល នៅឯអគ្គលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣។
ឆ្លើយតបការលើកឡើងរបស់ពលរដ្ឋសហគមន៍ថ្មគោល នេះ អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក សយ សុខាន់ មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នេះធ្វើឡើងដើម្បីកំណត់គ្រប់គ្រងសន្តិសុខ និងតំបន់គ្រប់គ្រងសុវត្ថិភាពនៅជុំវិញបរិវេណអាកាសយានដ្ឋាន ដោយយោងទៅលើច្បាប់ស្ដីពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ ច្បាប់ស្ដីពីអាកាសចរស៊ីវិលជាតិ បទបញ្ញត្តិស្ដីពីសន្តិសុខ និងសុវត្ថិភាពអាកាសចរស៊ីវិលកម្ពុជា ពុំមែនរដ្ឋាភិបាលចង់ធ្វើតែឯកឯងនោះទេ។ លោកថា គោលបំណងនៃការរៀបចំតំបន់នេះ គឺជាកាតព្វកិច្ចក្នុងរដ្ឋជាសមាជិកអង្គការអាកាសចរស៊ីវិលអន្តរជាតិ ដែលកម្ពុជា បានចូលជាសមាជិកកាលពីឆ្នាំ១៩៥៦។
លោក សយ សុខាន់ បានបញ្ជាក់ថា សំណូមពររបស់ពលរដ្ឋសុំឲ្យមានសមាសភាពចូលរួមពីសង្គមស៊ីវិលជាមួយគណៈកម្មការបច្ចេកទេសនោះ គឺមិនអាចធ្វើទៅបានឡើយ៖ «គឺ អិន.ជី.អូ ជាអង្គការមួយក្រៅរដ្ឋាភិបាល បើសិនជាចូលជាសមាជិក មានន័យថា អិន.ជី.អូ ហ្នឹងវាទៅជា អិន.ជី.អូ របស់រដ្ឋាភិបាលហើយ។ ក្នុងគណៈកម្មការអន្តរក្រសួង មិនអាចមាន អិន.ជី.អូ ចូលបានទេ។ ប៉ុន្តែយើងក៏បានឯកភាពគ្នាថា គាត់មានសិទ្ធិក្នុងការបង្កើតនូវក្រុមការងារគាត់មួយដែរ ដែលមាន អិន.ជី.អូ ចូលរួមដើម្បីយើងសហការគ្នាដោះស្រាយបញ្ហានេះ»។
នេះជាលើកទី៣ហើយដែលពលរដ្ឋបានជួបប្រជុំជជែកពីគម្រោងអភិវឌ្ឍន៍ពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយតំណាងសហគមន៍ថ្មគោល។ តំណាងពលរដ្ឋអះអាងថា ផលប៉ះពាល់ពីគម្រោងនេះមាន ៣ភូមិ គឺភូមិថ្មគោល ភូមិព្រៃជីសាក់ និងភូមិគោកចំបក់។ ចំណែកពលរដ្ឋសហគមន៍ថ្មគោល មានជាង ១៥០គ្រួសារ។ ពលរដ្ឋទាំងនោះកំពុងរស់នៅក្បែររបងអាកាសយានដ្ឋាន ដែលរដ្ឋាភិបាលបានតម្រូវកាត់ដី ឬផ្ទះទំហំ ៥ម៉ែត្រពីរបងព្រលាន ដើម្បីពង្រីកឲ្យព្រលានយន្តហោះកម្ពុជា ក្លាយជាស្តង់ដារអន្តរជាតិ។
ក្នុងជំនួបជាមួយប្រជាពលរដ្ឋមន្ត្រីអាកាសចរស៊ីវិល បានបង្ហាញដំណាក់កាលចំនួន៤ ដែលជានីតិវិធីឈានទៅដល់ការដោះស្រាយសំណងជូនពលរដ្ឋរងផលប៉ះពាល់ ក្រោមការឃ្លាំមើលពីអង្គការសាជីវកម្មអន្តរជាតិ និងធនាគារពិភពលោក (World Bank)។ ប៉ុន្តែចំណុចទី១ គឺក្រុមការងារបច្ចេកទេស និងចុះបោះបង្គោលតាមចំណុចនីមួយៗឲ្យដឹងពីទំហំដីត្រូវការ។ ចំណុចទី១នេះហើយ គឺជាបញ្ហាប្រទាំងប្រទើស ដែលសហគមន៍ប្រតិកម្មមិនសហការនោះទេ លុះត្រាតែមានការចរចាត្រូវគ្នាពីបញ្ហាសំណងជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
