តំណាងពលរដ្ឋរស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការពីបទប៉ុនប៉ងមនុស្សឃាតពីសំណាក់ជនមិនស្គាល់មុខ។
ពាក្យបណ្ដឹងរបស់ពលរដ្ឋរស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅដល់ដៃសាលាដំបូងរាជធានីភ្នំពេញ រួចហើយ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ប៉ុន្តែតុលាការមិនទាន់សម្រេចថា ចាត់ការ ឬមិនចាត់ការនៅឡើយទេ។
ពលរដ្ឋដើមបណ្ដឹងប្ដឹងទាមទារឲ្យតុលាការការពារសុវត្ថិភាពពួកគាត់តាមផ្លូវច្បាប់ និងស្នើឲ្យសមត្ថកិច្ចស៊ើបអង្កេតរកជនដៃដល់ និងអ្នកបញ្ជាឲ្យពន្លែងពស់វែកប៉ងសម្លាប់អ្នកភូមិកាលពីសប្ដាហ៍មុន។
ប្រជាពលរដ្ឋដើមបណ្ដឹង លោក លី ស្រ៊ាខេង មានប្រសាសន៍ថា គ្រួសារអ្នកភូមិទាំងបីគ្រួសារនៅតែប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត បើទោះបីជាពស់វែកបីក្បាលដែលគេបោះចូលផ្ទះពួកគាត់កាលពីសប្ដាហ៍មុន ត្រឹមតែបង្កការភ័យខ្លាចចំពោះពួកគាត់ក៏ដោយ។ បន្ទាប់ពីបោះពស់វែកចូលផ្ទះរួច គ្រួសារអ្នកភូមិក៏ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូមកគំរាមថា នឹងបោះគ្រាប់បែកចូលក្នុងផ្ទះសម្លាប់ទាំងគ្រួសារទៀត។
លោកបន្តថា អ្នកភូមិកំពុងបារម្ភពីសុវត្ថិភាព ហេតុនេះពលរដ្ឋស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសស្ថាប័នតុលាការ មេត្តាជួយពួកគាត់ផង៖ «មិនមែនត្រឹមតែបារម្ភទេ មិនដឹងថា ស្លាប់ថ្ងៃណាទេ វាធ្វើកាន់តែខ្លាំងឡើងៗអ៊ីចឹង។ វាអស់មធ្យោបាយធ្វើហើយ វាមានតែលួចបាញ់ ឡានដេញបុក ក៏វាធ្វើហើយ កាប់ហើយ ដាក់ពស់ដាក់ហើយ។ ត្រូវតែដាក់អ៊ីចឹងតែម្ដង ព្រោះផ្ទះវាឈ្មោះ វាចឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការរាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៣។ ក៏ប៉ុន្តែមន្ត្រីតុលាការរបស់សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ដើមបណ្ដឹងថា តុលាការនឹងផ្ដល់ដំណឹងដល់ដើមបណ្ដឹង ថានឹងចាត់ការ ឬមិនចាត់ការលើសំណុំរឿងព្រហ្មទណ្ឌនេះនៅអាទិត្យក្រោយ។
ទាក់ទងនឹងបញ្ហានេះ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ក្រុមពលរដ្ឋរស់សង្កាត់បឹងកក់១ កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ លោកបន្តថា អាជ្ញាធរត្រូវតែវែកមុខជនប្រព្រឹត្តមកផ្ដន្ទាទោស ដើម្បីលុបបំបាត់និទណ្ឌភាព។
លោកបញ្ជាក់ថា រឿងរ៉ាវទំនាស់ដីធ្លីនៅសង្កាត់បឹងកក់១ រហូតដល់មានការប៉ងសម្លាប់នេះ ជាករណីសិក្សាមួយដែលពលរដ្ឋគ្រប់មជ្ឈដ្ឋានគួរយកទៅពិចារណា និងចូលរួមជួយជនរងគ្រោះតាមដែលអាចធ្វើទៅបាន៖ «រុញទាំងអស់គ្នា ទាំងអង្គការសង្គមស៊ីវិល សារព័ត៌មាន ទាំងសាធារណៈហ្នឹង ដើម្បីជំរុញឲ្យមានយុត្តិធម៌សង្គម។ យើងឃើញមានការប៉ុនប៉ងសម្លាប់ហើយ វាដូចជាករណីលោក ឈូក បណ្ឌិត អ៊ីចឹង បាញ់គេឃើញនៅភ្នែករហូតដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង្អុលហើយ នៅតែមិនចាប់មកដាក់ទោសទៀត»។
មនុស្សមិនស្គាល់មុខម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែតុលា បានបោះពស់វែកចូលក្នុងផ្ទះ ក្នុងភូមិបឹងកក់១ សង្កាត់បឹងកក់១ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍។ពស់វែកទាំងបីក្បាលនោះ ជាប្រភេទពស់វែកដំបូក ១ក្បាល និងពស់វែកក្របីពីរក្បាល ដែលមានទំហំប៉ុនកដៃមនុស្សចាស់ និងប្រវែងជិត ១ម៉ែត្រ។
ឪពស់វែកដំបូកត្រូវបានពលរដ្ឋវាយងាប់ទាំងយប់ ហើយពស់វែកក្របីត្រូវបានគេចាប់ក្នុងថង់ទុកជាភស្តុតាង។ មួយថ្ងៃបន្ទាប់ អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន និងគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ថ្កោលទោសការប្រព្រឹត្តនេះ ដោយជំរុញឲ្យអាជ្ញាធរចាត់វិធានការបន្ទាន់ និងចាត់ទុកថា នេះជាទង្វើប៉ុនប៉ងសម្លាប់មនុស្សទាក់ទងនឹងទំនាស់ដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
