ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍​នាំ​គ្នា​រត់​គេច​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន

ដោយ វ៉ាន វណ្ណដេត
2017.08.15
អ្នក​កាសែត ជា ស៊ីថា ២០១៧ ១៤៤០ អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន​អំណាច​ប្រជាជន ប្រចាំ​ការ​នៅ​ខេត្ត​កំពត លោក ជា ស៊ីថា ពេល​ចុះ​យក​ព័ត៌មាន​អំពី​ដំណើរការ​រុះរើ​សំណង់​ពលរដ្ឋ​នា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of ADHOC
Photo courtesy of ADHOC

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ប្រាប់​ថា ក្រោយ​កើត​អំពើ​ហិង្សា​រវាង​សន្តិសុខ​ក្រុមហ៊ុន​ការពារ​ដី​ឲ្យ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​អ្នក​ភូមិ​តេជោអង្កាញ់ និង​មាន​កង​កម្លាំង​ចម្រុះ​ចុះ​ចាប់ និង​ដុត​ផ្ទះ​ពលរដ្ឋ​លើ​ដី​មាន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​១០ សីហា មក ពួក​គេ​បាន​នាំ​គ្នា​រត់​គេច​ចេញ​ពី​ផ្ទះ ព្រោះ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ភូមិ​តេជោអង្កាញ់ លោក ប៉ូ សម្បត្តិ ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង ២០០​នាក់​កំពុង​គេច​ចេញ​ពី​ផ្ទះ ក្រោយ​ពេល​ដែល​អ្នក​ភូមិ​ឮ​ថា នឹង​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត ករណី​ជម្លោះ​ដីធ្លី ហិង្សា​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ដែល​អ្នក​ភូមិ​អះអាង​ថា​ជា​របស់​អ្នកស្រី ចាន់ សុធា អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

លោក ប៉ូ សម្បត្តិ អះអាង​ថា ក្រោយ​ការ​ចាប់​ខ្លួន​ពលរដ្ឋ ២​នាក់ និង​អ្នក​កាសែត​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១១ សីហា បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពត រួច​មក នៅ​ថ្ងៃ​ទី​១៥ សីហា បុរស​ម្នាក់​ទៀត​ឈ្មោះ ភ័ក្រ រស់នៅ​ភូមិ​តេជោអង្កាញ់ ត្រូវ​បាន​កង​កម្លាំង​ចម្រុះ​របស់​ឃុំ ចាប់​ខ្លួន​នៅ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទៅ​ទិញ​អីវ៉ាន់។ ពលរដ្ឋ​ដែល​អះអាង​ថា​ផ្ទះ​គាត់​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​ដុត​ចោល​រូប​នេះ ប្រាប់​ថា បច្ចុប្បន្ន​ពួក​លោក​កំពុង​គេច​ខ្លួន ក្រោយ​ពេល​ឮ​ដំណឹង​ថា មេ​ឃុំ​តេជោអភិវឌ្ឍន៍ បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​ភូមិ៖ «ដោយសារ​កំហឹង​ប្រជាពលរដ្ឋ​យើង គាត់ (ក្រុមហ៊ុន) មក​ដុត ដុត​បំផ្លាញ​ផ្ទះ​សម្បែង។ គាត់​ឈឺ​ចាប់​ណាស់។ ដល់​ឈឺ​ចាប់​ណាស់ ក្រុមហ៊ុន​គាត់​ដឹក​សាំង ដឹង​សាំង​ប្រហែល​កន្លះ​ឡាន​មក ដើម្បី​យក​មក​កម្ទេច​ទៀត ចឹង​គាត់​ការពារ​ផ្ទះ និង​លំនៅឋាន​គាត់ គាត់ (ពលរដ្ឋ) ទប់​អត់​បាន វា (សន្តិសុខ​ក្រុមហ៊ុន និង​ទាហាន​ង​៧០) បាញ់​អ្ហា បាញ់​ស្រោច​មក​លើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ខឹង​ពេក សុខ​ចិត្ត​ថា​ស្លាប់​ក៏​ស្លាប់​ចុះ បបួល​គ្នា​ទៅ​កម្ទេច តែ​កម្ទេច​តែ​ឡាន​ក្រុមហ៊ុន​មួយ​ទេ»

កាល​ពី​ថ្ងៃ​ទី​១០ សីហា អ្នក​ភូមិ​តេជោអង្កាញ់ និង​សន្តិសុខ​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) បាន​ប៉ះ​ទង្គិច​គ្នា​បង្ក​ជា​ហិង្សា ដោយ​អ្នក​ភូមិ​អះអាង​ថា​កើត​ចេញ​ពី​ខាង​ប្រជា​ការពារ​ភូមិ និង​ទាហាន «ង​៧០» ការពារ​ដី​ឲ្យ​ក្រុមហ៊ុន ដែល​បាន​បាញ់​រះ​ដោយ​ប្រើ​កាំភ្លើង​វែង​ប្រភេទ​អាកា (AK) បាញ់​ឡើង​លើ​គំរាម​អ្នក​ភូមិ និង​គ្រាប់​ខ្លះ​បាញ់​តម្រង់​អ្នក​ភូមិ​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ខឹងសម្បា ក៏​បាន​វាយ​បំបែក​កញ្ចក់​ឡាន​ក្រុមហ៊ុន​មួយ​គ្រឿង។ ចំណែក​ឡាន​របស់​កង​រាជ​អាវុធហត្ថ អ្នក​ភូមិ​អះអាង​ថា​មិន​បាន​វាយ​កម្ទេច​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

មេ​ឃុំ​តេជោអភិវឌ្ឍន៍ លោក សាន់ គ្រីយ៉ា បដិសេធ​ព័ត៌មាន​ថា លោក​បញ្ជា​ឲ្យ​កង​កម្លាំង​ឃុំ​ចុះ​ចាប់​ពលរដ្ឋ ដោយ​លោក​សំអាង​ថា លោក​គ្មាន​សិទ្ធិ​នោះ​ទេ៖ «ខ្ញុំ​គ្មាន​សិទ្ធិ​ណា​បញ្ជា​ឲ្យ​ចាប់​ប្រជាពលរដ្ឋ​ទេ ត្រូវ​ចាំ​ប៉ុណ្ណឹង​បាន​ហើយ​ណា»

ក្រោយ​ការ​ប្រើ​ហិង្សា​ដាក់​គ្នា កង​កម្លាំង​ចម្រុះ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១១ សីហា បាន​ឃាត់​ខ្លួន​អ្នក​ភូមិ ២​នាក់ ឈ្មោះ ព្រឿង ប្រាណ និង​ឈ្មោះ សុខ ពិសី ព្រម​ទាំង​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​អំណាច​ប្រជាជន​ម្នាក់​ឈ្មោះ ជា ស៊ីថា បញ្ជូន​ទៅ​តុលាការ។

ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល ឲ្យ​អាស៊ីសេរី​ដឹង​ថា បុរស​ទាំង ៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ សីហា ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​ឃុំ​ខ្លួន ដោយ​ចោទ​បី​បទល្មើស គឺ​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប៉ះពាល់​កម្មសិទ្ធិ​សាធារណៈ៖ «ចៅក្រម​គាត់​សម្រេច​ឃុំ​ខ្លួន​អស់​ហើយ​ណា។ បាទ! ឃុំ​ខ្លួន​ទាំង​៣»

សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ការងារ គឺ​ជា​ទង្វើ​ខុស​ឆ្គង និង​រំលោភ​សិទ្ធិ​អ្នក​សារព័ត៌មាន ហើយ​វា​អាច​ជា​ការ​បិទ​បាំង​រឿង​អ្វី​ម្យ៉ាង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ។

មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ហៅ​ការ​ឃាត់​ខ្លួន និង​ការ​ចោទ​ប្រកាន់​អ្នក​យក​ព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ខេត្ត​កំពត ជា​ការ​រឹតត្បិត​សេរីភាព និង​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សារព័ត៌មាន​ទូទៅ៖ «អ្នក​កាសែត​គាត់​ទៅ​ហ្នឹង គឺ​គាត់​បាន​ពាក់​កាត​របស់​គាត់ ពាក់​អី។ គាត់​មាន​ឧបករណ៍​សម្រាប់​យក​ព័ត៌មាន មាន​ន័យ​ថា​គាត់​ចុះ​ទៅ​បំពេញ​ការងារ​យក​ព័ត៌មាន។ ចឹង​ហើយ កាល​ដែល​ចុះ​ទៅ​យក​ព័ត៌មាន មាន​ការ​ចាប់​ខ្លួន​ចឹង អា​ហ្នឹង​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ទៅ​លើ​អ្នក​សារព័ត៌មាន ក៏ដូចជា​ការ​គំរាម​កំហែង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​ឲ្យ​មាន​ការ​ភ័យ​ខ្លាច»

អ្នក​ភូមិ​ទាំង ៦​ភូមិ​នៃ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក អះអាង​ស្រដៀង​គ្នា​ថា ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​ឲ្យ​បង្កើត​ភូមិ​តេជោ​ទាំង​៦ នោះ​មក ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​តែង​រំលោភ​យក​ដី កាប់​បំផ្លាញ​ផ្ទះ ដុត​ផ្ទះ និង​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់ និង​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​ជា​បន្តបន្ទាប់។ អ្នក​ភូមិ​ស្នើ​យ៉ាង​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទៅ​មើល​ស្ថានភាព និង​ស្ដាប់​ពី​ទុក្ខ​លំបាក​ពិតប្រាកដ​របស់​អ្នក​ភូមិ ជាជាង​ស្ដាប់​តាម​របាយការណ៍​របស់​មន្ត្រី​នៅ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។