ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមាណ ១០នាក់តំណាងឲ្យប្រជាពលរដ្ឋ ២៤៦គ្រួសារ នៅព្រឹកថ្ងៃទី៧ មីនា លើកគ្នាទៅដល់ទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយធ្វើលិខិតអន្តរាគមន៍ដាក់ទៅសាលាខេត្ត ដើម្បីរារាំងអាជ្ញាធរមូលដ្ឋាន ឲ្យបញ្ឈប់លក់ដីមានទំនាស់របស់ពួកគាត់។
អ្នកភូមិនៅស្រុកអូរជ្រៅ កំពុងព្រួយបារម្ភខ្លាចដីដែលមានទំនាស់របស់ពួកគាត់ ធ្លាក់ទៅជាកម្មសិទ្ធិរបស់អ្នកមានលុយនៅថ្ងៃខាងមុខ ដោយសារអាជ្ញាធរមូលដ្ឋាន យកដីលក់ដោយគ្មានការទប់ស្កាត់ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។
តំណាងពលរដ្ឋនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ លោស្រី ឡុង សុគន្ធី ឲ្យដឹងនៅថ្ងៃទី៧ មីនា ថា មេភូមិថ្នល់បត់ ឃុបឃិតគ្នាជាមួយមេឃុំអូរបីជាន់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត យកដីមានទំនាស់របស់ពួកគាត់ដោះស្រាយមិនទាន់ចប់នៅឡើយ ទៅលក់ឲ្យប្រជាពលរដ្ឋអ្នកមានទ្រព្យធនអស់ចំនួនជាង ៣ហិកតារហើយ ក្នុងចំណោមផ្ទៃដីជាង ១.៤០០ហិកតារ។ លោកស្រីអះអាងថា ដីនេះដើមឡើយ ពួកគាត់មានទំនាស់ជាមួយក្រុមហ៊ុន សំ ផាន់ណារិទ្ធ ដោះស្រាយមិនចេញតាំងពីឆ្នាំ២០០៤ រហូតមក៖ « ពួកគាត់ទទួលយកមិនបានឡើយ ចំពោះទង្វើរបស់អាជ្ញាធរភូមិបែបនេះ ព្រោះពួកខ្ញុំខំតវ៉ាយកដីនោះទៅដល់សាលាខេត្ត និងរហូតឡើងតុលាការជួបការលំបាកខ្លាំងណាស់ »។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមេភូមិថ្នល់បត់ និងមេឃុំអូរបីជាន់ ដើម្បីអត្ថាធិប្បាយជុំវិញពីការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានទេ នៅថ្ងៃទី៧ មីនា។
រីឯអភិបាលស្រុកអូរជ្រៅ លោក សាន ស៊ានហូ ទទួលស្គាល់ថា ដីដែលប្រជាពលរដ្ឋព្រួយបារម្ភនោះ ដើមឡើយពួកគាត់ពិតជាមានទំនាស់ជាមួយក្រុមហ៊ុន សំ ផាន់ណារិទ្ធ ប្រាកដមែន។ លោកអះអាងថា រឿងប្រជាពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថាយកដីទំនាស់ទៅលក់នោះ លោកមិនទាន់ទទួលព័ត៌មាននេះនៅឡើយ៖ « ពីដើមទីតាំងដីនោះនៅក្នុងស្រុកអូរជ្រៅ តែក្រោយមក ខាងខេត្តបានកាត់ចូលទៅស្រុកស្វាយចេក វិញ។ អ៊ីចឹងទេ បញ្ហានេះយើងអត់ដឹងថា អាជ្ញាធរភូមិគាត់លក់ដីនៅត្រង់ចំណុចណាទេ ព្រោះខ្ញុំមិនទាន់បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនៅឡើយ »។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋសហគមន៍ដីធ្លីនៅឃុំអូរបីជាន់ បាននាំគ្នាមកស្នើឲ្យលោកជួយធ្វើលិខិត ដាក់ទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីអន្តរាគមន៍ទប់ស្កាត់អាជ្ញាធរភូមិ និងឃុំលក់ដីទំនាស់របស់ពួកគាត់។ លោកពន្យល់ថា អ្នកភូមិប្រឈមមុខនឹងការបាត់បង់ដីធ្លីដែលមានទំនាស់នោះ ដោយសារតែអាជ្ញាធរមូលដ្ឋានមួយចំនួន យកដីទៅលក់ឲ្យប្រជាពលរដ្ឋត្រួតលើគ្នាពីមួយទៅមួយ ហើយធ្វើឲ្យពិបាកក្នុងការដោះស្រាយ៖ « យើងមើលឃើញថា អាជ្ញាធរហាក់មិនទាន់ដោះស្រាយទំនាស់ដីរបស់ប្រជាពលរដ្ឋនៅឡើយ ព្រោះដីនៅកន្លែងនោះមានភាពស្មុគស្មាញជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ »។
ប្រជាពលរដ្ឋ បានបញ្ជូនពាក្យបណ្ដឹងរបស់ពួកគាត់ទៅដល់សាលាខេត្តបន្ទាយមានជ័យ ហើយនៅរសៀលថ្ងៃទី៧ មីនា នេះ បន្ទាប់ពីពួកគាត់ស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក ប៉ុន្តែនៅពុំទាន់មានចំណាត់ការ ថាយ៉ាងណាពីខាងសាលាខេត្តនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
