ក្រុមហ៊ុនឯកជនមួយបានប្រើប្រាស់កងទាហានដាក់គ្រឿងចក្រទៅឈូសឆាយរំលោភលើដីកសិកម្មទំហំជាង ១ពាន់ហិកតារ របស់អ្នកភូមិជាង ៤០០គ្រួសារ ឋិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកភូមិថ្លែងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ថា សកម្មភាពឈូសឆាយដីរបស់ក្រុមហ៊ុននេះកើតមានជាបន្តបន្ទាប់ ចាប់ពីអំឡុងខែធ្នូ ឆ្នាំ២០១៣ រហូតមកដល់ខែមករា ឆ្នាំ២០១៤។
ក្រុមហ៊ុននោះជាក្រុមហ៊ុនថ្មីមួយដែលទទួលបានការផ្ទេរសិទ្ធិពីក្រុមហ៊ុនសំណង់ លាង ប៊ូ បានធ្វើសកម្មភាពឈូសឆាយរំលោភលើដីស្រែចម្ការរបស់អ្នកភូមិ ដោយបានប្រើប្រាស់កងកម្លាំងទាហានមិនគោរពអនុក្រឹត្យរបស់រដ្ឋាភិបាលនោះឡើយ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយស្ដីពីការកាត់ដីទំហំជាង ១ម៉ឺនហិកតារ (១១.៥១៥ហិកតារ) ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ឈុន លីម គ្រុប និងក្រុមហ៊ុនសំណង់ លាង ប៊ូ ពីគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារទេសភាពបន្ទាយឆ្មារ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ការធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២.៦៥២គ្រួសារ ដែលបានកាន់កាប់ប្រើប្រាស់ដាំដុះជាក់ស្ដែងនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយឡែកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ អ្នកភូមិចំនួន ៤២៨គ្រួសារ រស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានដាក់លិខិតមួយទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីសុំឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍លើបញ្ហានេះ។ ដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុននោះ គឺក្រុមអ្នកភូមិអះអាងថា បានកាន់កាប់អាស្រ័យផលជាក់ស្ដែងតាំងពីឆ្នាំ១៩៩៩ មក ប៉ុន្តែក្រោយមក នៅឆ្នាំ២០០៨ ខាងក្រុមហ៊ុនសំណង់ លាង ប៉ូ បានចូលទៅឈូសឆាយនៅលើដីនោះ។
ឆ្លើយតបបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា អាជ្ញាធរខេត្តទទួលបានលិខិតពីក្រុមហ៊ុនទើបបង្កើតថ្មីមួយ ដែលទទួលបានការផ្ទេរសិទ្ធិពីក្រុមហ៊ុនសំណង់ លាង ប៊ូ។ ក្រុមហ៊ុននេះបានយកលិខិតរបស់ក្រសួងបរិស្ថាន និងសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី សុំឲ្យអាជ្ញាធរខេត្តអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការឈូសឆាយដីនៅតំបន់នោះ។ បញ្ហានេះ លោកអភិបាលខេត្តបញ្ជាក់ថា អាជ្ញាធរខេត្តមិនអាចអនុញ្ញាតបាននោះឡើយ។ ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការរួចរាល់ហើយ ដើម្បីចុះទៅសិក្សាដោះស្រាយដីមានជម្លោះជូនប្រជាពលរដ្ឋ។
ក្នុងរយៈពេលកន្លងទៅ ក្រុមអ្នកភូមិធ្លាប់បានដាក់ពាក្យបណ្ដឹងចូលទៅសាលាខេត្តជាច្រើនដង ក៏ប៉ុន្តែពុំទទួលបានការដោះស្រាយនោះឡើយ។ ពួកគាត់បន្តថា ឈរលើគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីនោះ កាលពីឆ្នាំ២០១២ មានក្រុមនិស្សិតបានចុះទៅវាស់វែងដីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែរ ប៉ុន្តែដីរបស់អ្នកភូមិដែលកំពុងកាន់កាប់អាស្រ័យផលដាំដុះជាក់ស្ដែងនោះ មិនត្រូវបានក្រុមនិស្សិតវាស់វែងឲ្យនោះទេ ដោយចាត់ទុកថា ដីនោះសង្ស័យមានគ្រាប់មីនកប់ក្នុងដី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា ក្រោមហេតុផលនេះហើយបានធ្វើឲ្យអ្នកភូមិនៅតែបន្តកាន់កាប់អាស្រ័យផលរហូតមក។ ទើបតែនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ខែមករា ឆ្នាំ២០១៤ ដីធ្លីរបស់អ្នកភូមិ ត្រូវបានក្រុមហ៊ុនប្រើប្រាស់កងទាហាននៃកងពលលេខ៥១ ដឹកនាំដោយឈ្មោះ តូ ធានទឺ ឈ្មោះ សៅ ចន្ថា និងឈ្មោះ នុត ចំណាន យកគ្រឿងចក្រចូលទៅឈូសឆាយនៅលើដីរបស់អ្នកភូមិ។
ទន្ទឹមគ្នានេះ លោកជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿនការដោះស្រាយជម្លោះដីធ្លីនេះជូនប្រជាពលរដ្ឋឲ្យឆាប់។ លោកថា ក្រុមអ្នកភូមិសព្វថ្ងៃកំពុងមានការព្រួយបារម្ភពីការបាត់បង់ដីស្រែចម្ការរបស់ពួកគាត់។ ក្រុមអ្នកភូមិទាំងនោះបានពឹងផ្អែកទាំងស្រុងទៅដីកសិកម្ម ហើយបើសិនជាខាងក្រុមហ៊ុន និងទាហានទៅរំលោភបំពានយកនោះ ពួកគាត់នឹងមិនមានដីធ្វើស្រែចម្ការនោះឡើយ។ បញ្ហានេះ អាចធ្វើឲ្យជីវភាពរបស់អ្នកភូមិជួបការលំបាកធ្ងន់ធ្ងរថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
