ជម្លោះ​ដណ្ដើម​កាន់​កាប់​ដីធ្លី​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​នៅ​បាត់ដំបង

គម្រោង​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ឋិត​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នៅ​ជាប់​គាំង​ដោះស្រាយ​មិន​ចេញ។ ភាព​ជាប់​គាំង​នេះ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ប្ដឹង​ផ្ដល់​គ្នា ហើយ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ។

0:00 / 0:00

ទន្ទឹម​គ្នា​នេះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​គម្រោង​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ ដើម្បី​ចុះ​សិក្សា​គម្រោង​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ឃុំ​បឹងប្រាំ ឡើង​វិញ។

ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ ដើម្បី​រិះ​រក​យន្តការ​ដោះស្រាយ​ថ្មីៗ​បន្ថែម​ទៀត មុន​ពេល​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដណ្ដើម​កាន់​កាប់​ដីធ្លី​នៅ​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។

ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម លោក ចាន់ សុវ៉េត បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤ ថា ក្រោយ​ពី​ការ​ចុះ​ស៊ើប​អង្កេត និង​ការ​ជួប​ពិភាក្សា​គ្នា​លើ​ស្ថានភាព​ជាប់​គាំង​នៃ​គម្រោង​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​បឹងប្រាំ ចំនួន​ពីរ​លើក​រួច​មក ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ ខាង​អង្គការ​សង្គម​ស៊ីវិល នឹង​ជួប​ប្រជុំ​គ្នា​រៀប​ចំ​សមាសភាព ពេល​វេលា តួនាទី និង​សិទ្ធិ​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច ដើម្បី​ជំរុញ​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ផល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ ដូច​ដែល​ម្ចាស់​ជំនួយ​ចង់​បាន។

លោក ចាន់ សុវ៉េត៖ «ក្រោយ​មក យើង​នឹង​ទៅ​ជជែក​ជាមួយ​អាជ្ញាធរ​ថ្នាក់​ស្រុក ថ្នាក់​មូលដ្ឋាន ព្រោះ​ថ្នាក់​ស្រុក ថ្នាក់​មូលដ្ឋាន ជា​អ្នក​អនុវត្ត​ផ្ទាល់ ព្រោះ​សំខាន់​ការ​ជជែក​គ្នា​ជា​បឋម ដើម្បី​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ទាល់​តែ​មាន​ការ​ឯកភាព​គ្នា​សិន ក្រុម​ការងារ​ហ្នឹង​មាន​សិទ្ធិ និង​ស្រាវជ្រាវ​របៀប​ម៉េច ហើយ​អ្នក​ណា​ខ្លះ​ដែល​អាច​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ហ្នឹង ដើម្បី​ធ្វើ​ឲ្យ​សម្រេច​ហ្នឹង ទាល់​តែ​យើង​យល់​គ្នា​សិន ហើយ​កាល​ណា​យើង​អត់​យល់​ភារកិច្ច តួនាទី​ធ្វើ​អត់​កើត​ទេ»

ម្ចាស់​លុយ​ដែល​នឹង​ឧបត្ថម្ភ​ក្នុង​គម្រោង​នេះ មាន​អង្គការ ឌី.ស៊ី.អេ អ៊ី.យូ (DCA EU) និង​អង្គការ អិល.ដាប់ប៊លយូ.ឌី (LWD) ដែល​ជា​អ្នក​អនុវត្ត​គម្រោង។ រីឯ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម (CHRAC) និង​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ ជា​អ្នក​រួម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​ក្នុង​មូលដ្ឋាន។

លោក ចាន់ សុវ៉េត បញ្ជាក់​ថា ចំណុច​ស្នូល​ក្រុម​ការងារ​នេះ ត្រូវ​បើក​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ ក្នុង​ការ​ទទួល​បាន​ដី​នៅ​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ឃុំ​បឹងប្រាំ៖ «ក្នុង គឺ​អាជ្ញាធរ​បាន​ឯកភាព​គ្នា ហើយ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត មុន​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​នោះ​ត្រូវ​ជជែក​គ្នា ឧទាហរណ៍​ត្រូវ​បង្កក​ដី​ភាគី​ទាំង​សង​ខាង​អត់​មាន​អ្នក​ណា​មក​បំពេញ​កាតព្វកិច្ច​លើ​ដី​ហ្នឹង​ត​ទៅ​ទៀត​ទេ ទី​២ ត្រូវ​រក​ឲ្យ​ឃើញ​ថា បើ​គាត់​ពិត​ជា​ក្រ​ពិត​ប្រាកដ​មែន ពេល​ហ្នឹង​ក្រុម​ការងារ​ត្រូវ​តែ​លើក​ជា​យោបល់​ស្នើ​ជូន​ទៅ​រដ្ឋាភិបាល​ឲ្យ​បាន​ជ្រាប»

ក្រៅ​ពី​នេះ ក្រុម​ការងារ​នឹង​សិក្សា​ទៅ​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជា​អ្នក​មាន​ដី​ច្រើន​រយ​ហិកតារ នៅ​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​ទំហំ ៣.៦៣៨​ហិកតារ នោះ ដើម្បី​សិក្សា​ពី​ប្រវត្តិ​កាន់​កាប់​ទិញ​លក់​របស់​ពួក​គេ​ឲ្យ​បាន​ច្បាស់។ លោក​បន្ត​ថា នៅ​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច ៣.៦៣៨​ហិកតារ នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ដី​ច្រើន​រយ​ហិកតារ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​មាន​ដី ៣ ទៅ ៤​ហិកតារ ហើយ​បាន​កាន់​កាប់​ជាក់​ស្ដែង​យូរ​ឆ្នាំ​មក​ហើយ​នោះ មិន​ត្រូវ​គេ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ឡើយ។ ប៉ុន្តែ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​ថា ប្រជាពលរដ្ឋ​នោះ​ពុំ​មែន​ជា​អ្នក​រស់​នៅ​កាន់​កាប់​នៅ​ក្នុង​ឃុំ​បឹងប្រាំ នោះ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី ក្រុម​មន្ត្រី​សង្គម​ស៊ីវិល សង្កត់​ធ្ងន់​ថា ភាព​ជាប់​គាំង​នៃ​ការ​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​នេះ បាន​ជះ​ឥទ្ធិពល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជាពលរដ្ឋ។ អ្នក​រស់​នៅ​តំបន់​បឹងប្រាំ ជា​ច្រើន​គ្រួសារ បាន​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ដែល​កំពុង​រស់​នៅ​លើ​ដី​ជាក់​ស្ដែង​នោះ ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ និង​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ថែម​ទៀត។

ទន្ទឹម​គ្នា​នេះ ពួក​គេ​បាន​ស្ដី​បន្ទោស​ថា ក្រុម​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ខេត្ត​ស្រុក និង​ឃុំ ពុំ​មាន​ការ​ស៊ី​សង្វាក់​គ្នា និង​ពុំ​មាន​ការ​ចូល​រួម​វាយ​តម្លៃ​ក្នុង​ការ​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​នោះ​ឲ្យ​ត្រឹមត្រូវ​ទេ។ ប្រជាពលរដ្ឋ​រស់​នៅ​ជាក់​ស្ដែង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឃុំ​បឹងប្រាំ នោះ មាន​ចំនួន​ជាង ១.៧០០​គ្រួសារ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ ត្រូវ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​មាន​ចំនួន​រហូត​ទៅ ១.២៩៩​គ្រួសារ។

បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើប្រាស់​ដី​សម្បទាន​សង្គម​កិច្ច ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​នោះ​មិន​ចំ​គោលដៅ។ កន្លង​ទៅ​នេះ មាន​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​កើត​មាន​ឡើង ទាក់ទង​ទៅ​នឹង​ផ្លូវ​ច្បាប់។ ក្រុម​អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​នៅ​លើ​ដី​នៅ​ចំណុច​ខ្លះ​តាម​បទ​បញ្ជា​០១ និង​តាម​សារាចរ​០៣ ជា​ដើម។ ការ​អនុវត្ត​នេះ ខាង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មិន​មាន​ផល​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​បាន​ផល​ប៉ះពាល់​ដល់​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។ ជា​លទ្ធផល​ជាក់​ស្ដែង គឺ​អ្នក​ខ្លះ​មាន​ដី​រាប់​រយ​ហិកតារ​នៅ​ឃុំ​បឹងប្រាំ ពួក​គេ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ចំណែក​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​មាន​ដី​ត្រឹម​តែ ២ ទៅ ៣​ហិកតារ ហើយ​បាន​កាន់​កាប់​ជាក់​ស្ដែង​យូរ​ឆ្នាំ​មក​នោះ មិន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។