ពលរដ្ឋ​ដាក់​លិខិត​សុំ​អភិបាល​ខេត្ត​បាត់ដំបង​ដោះស្រាយ​ជម្លោះ​ដី​ទំហំ​៦១២​ហិកតារ

0:00 / 0:00

តុលាការ​ខេត្ត​បាត់ដំបង បាន​ចេញ​ដីកា​បង្កាប់​ឲ្យ​អ្នក​ភូមិ​ពីរ​នាក់​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ ចូល​ខ្លួន​បំភ្លឺ​នៅ​ខែ​មេសា ខាង​មុខ​នេះ ដើម្បី​សួរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​ដែល​កើត​ចេញ​ពី​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា សង ថន និង​បុគ្គល​ពីរ​នាក់​ផ្សេង​ទៀត។ តំណាង​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​គេ​ប្ដឹង​ចោទ​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ទាក់ទិន​ទៅ​នឹង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ដែល​មាន​ទំហំ ៦១២​ហិកតារ នៅ​ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។

អ្នក​ភូមិ​ជាច្រើន​រយ​គ្រួសារ​បាន​ធ្វើ​លិខិត​សំណូមពរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដាក់​ជូន​អភិបាល​ខេត្ត​បាត់ដំបង ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​លើ​ករណី​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​កន្លែង ទំហំ ៦១២​ហិកតារ នៅ​ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ដែល​កើត​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ចំនួន ៤១៥​គ្រួសារ​ជាមួយ​លោក​ឧកញ៉ា សង ថន និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត។

ការ​សុំ​កិច្ច​អន្តរាគមន៍​នេះ កើត​មាន​ឡើង​ក្រោយ​ពី​តំណាង​អ្នក​ភូមិ​ពីរ​នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្កាប់​ឲ្យ​ចូល​ខ្លួន នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៤ ពី​បទ​ចាប់ និង​បង្ខាំង​ដោយ​ខុស​ច្បាប់ ទាក់ទិន​ជម្លោះ​ដីធ្លី​ដែល​បាន​ប្រព្រឹត្ត​ឡើង កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១២។

តំណាង​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នោះ​ឈ្មោះ ឈឿន ឆាន និង​ឈ្មោះ ឈុត ម៉ៅ។ លោក ឈុត ម៉ៅ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ថា ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​ដូច​ជា​អ្នក​ភូមិ​ទាំង ៤១៥​គ្រួសារ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ភូមិ​ស្នើសុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​បាត់ដំបង លើ​ករណី​ជម្លោះ​ដីធ្លី​នេះ៖ «សុំ​ឲ្យ​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹង​ពីរ រឿង​នៅ​តុលាការ​ផង ហើយ​និង​រឿង​ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ កុំ​ឲ្យ​មាន​ការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ធ្វើ​រហូត​តាំង​ពី​ឆ្នាំ​២០០៤ មក​រហូត​ដល់​ឆ្នាំ​២០១៤ មាន​ដាំ​ដូង ដាំ​ស្វាយ ផ្លែផ្កា​ជាប់ ១០​ឆ្នាំ​ហើយ»

លិខិត​សំណូមពរ​ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ៤១៥​គ្រួសារ បាន​នាំ​គ្នា​ចូល​ទៅ​រស់​នៅ​លើ​ដី​ចំណុច​បឹងពីរ ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង នោះ កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០០៤ ហើយ​បាន​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ខ្លះ​បាន ១​ហិកតារ ២ ទៅ ៣​ហិកតារ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក ច័ន្ទ សុផល ជា​អភិបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ទទួល​បាន​លិខិត​របស់​អ្នក​ភូមិ ហើយ​ខាង​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ករណី​ទំនាស់​ដីធ្លី​នេះ។ លោក​សង្កត់​ធ្ងន់​ថា ក្នុង​នាម​អភិបាល​ខេត្ត លោក​ប្រកាន់​នូវ​គោលការណ៍​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ប្រកាន់​នូវ​គោលការណ៍​ច្បាប់ ហើយ​ប្រកាន់​នូវ​ភាព​យុត្តិធម៌​ជូន​ដល់​ភាគី​ទាំង​សង​ខាង ខ្ញុំ​មិន​ប្រកាន់​ខាង​ណា​ទេ»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី ថ្លែង​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹងពីរ ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ នេះ បាន​បង្ហាញ​រូបភាព​អវិជ្ជមាន និង​ភាព​អសកម្ម ដែល​ជា​ការ​បន្សល់​ទុក​របស់​អតីត​អភិបាល​ខេត្ត​បាត់ដំបង គឺ​លោក ប្រាជ្ញ ច័ន្ទ។ លោក​ថា ករណី​ទំនាស់​ដីធ្លី​កើត​មាន​យូរ​ណាស់ ប៉ុន្តែ​អតីត​អភិបាល​ខេត្ត​បាត់ដំបង អាណត្តិ​មុន​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ៖ «ទោះ​បី​បទ​បញ្ជា​០១ ចេញ​មក​ហើយ​ក៏ដោយ យើង​ឃើញ​ថា បទ​បញ្ជា​នេះ​ធ្វើ​ដោយ​ដុំ មិន​បាន​យក​មក​អនុវត្ត​ឲ្យ​ស្នើ​គ្នា​ទាំងអស់​ទេ។ អ៊ីចឹង​បញ្ហា​នេះ វា​បន្សល់​ពី​អភិបាល​ខេត្ត​នៃ​អាណត្តិ​ចាស់ វា​នឹង​ធ្វើ​មាន​បញ្ហា​លំបាក​ដល់​ប្រជាពលរដ្ឋ​ចុះ​ឡើង​តុលាការ ពីព្រោះ​ពេល​ខ្លះ​ភាគី​ម្ខាង​គេ​អាច​រក​គ្រប់​វិធាន​ការ ដើម្បី​គេ​ប្ដឹង​ពី​បទ​ព្រហ្មទណ្ឌ​ទៅ​តុលាការ»

កាល​ពី​ឆ្នាំ​២០០៦ អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អន ស៊ុំ បាន​ចេញ​ដីកា​ដក​ហូត​ដី​ព្រៃ​ឈើ​គ្រប់​ប្រភេទ​នៅ​តំបន់​នោះ មក​ទុក​ជា​សម្បត្តិ​រដ្ឋ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៦ ដដែល​នោះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​បាត់ដំបង បាន​ចេញ​តារាង​ស្ថិតិ​ស្ដីពី​ការ​ដុត​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃ​ឈើ ដើម្បី​វាយ​តម្លៃ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ស្រុក​បវេល ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ៦១២​ហិកតារ ពាក់ព័ន្ធ​ជាមួយ​មនុស្ស ៣​នាក់ គឺ​ឧកញ៉ា សង ថន ឈ្មោះ ប៉ែន កិ និង​ឈ្មោះ ទន់ ប៊ុនធឿន ដែល​រស់​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។

តែ​នៅ​ឆ្នាំ​២០០៦ ដដែល​នោះ អតីត​អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ច័ន្ទ បាន​ចេញ​លិខិត​បដិសេធ និង​ចេញ​ដីកា​ដក​ហូត​ដី​ព្រៃ​ឈើ​គ្រប់​ប្រភេទ ដែល​ត្រូវ​បាន​រំលោភ​បំពាន​ច្បាប់​នៅ​ក្នុង​ស្រុក​បវេល មក​ទុក​ជា​សម្បត្តិ​រដ្ឋ។ ដូច្នេះ ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០០៤ មក​នោះ ឋិត​នៅ​ក្នុង​ដី​ព្រៃ​របស់​រដ្ឋ។ ទោះ​បី​ជា​មាន​ដីកា​ដក​ហូត​ក៏ដោយ ក៏​អាជ្ញាធរ​ខេត្ត​មិន​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ដី​នោះ​ឡើយ ហើយ​ពួក​គាត់​បន្ត​កាន់​កាប់​ធ្វើ​ស្រែ​ចម្ការ​អស់​រយៈពេល ១០​ឆ្នាំ រហូត​មក។

នៅ​ក្នុង​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី រដ្ឋាភិបាល​បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​កន្លែង ចែក​ជូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​កំពុង​កាន់​កាប់ និង​ប្រើប្រាស់​ជាក់​ស្ដែង ព្រម​ទាំង​រៀប​ចំ​ធ្វើ​វិញ្ញាបនបត្រ​ឲ្យ​ថែម​ទៀត តាម​រយៈ​ការ​ចុះ​វាស់វែង​របស់​ក្រុម​និស្សិត។ ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា នៅ​ពេល​នោះ​ស្រាប់​តែ​លេច​មុខ​មនុស្ស​បី​នាក់ គឺ​លោក​ឧកញ៉ា សង ថន ឈ្មោះ ប៉ែន កិ និង​ឈ្មោះ ទន់ ប៊ុន ធឿន បាន​ទៅ​អះអាង​ថា​ជា​ដី​របស់​ខ្លួន ហើយ​បាន​ប្ដឹង​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ និង​ក្រុម​និស្សិត​វាស់វែង​ដី​ស្រែ​ឲ្យ​អ្នក​ភូមិ​នោះ​ឡើយ ព្រម​ទាំង​បាន​ប្ដឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​តុលាការ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។