ប្រជាពលរដ្ឋប្រមាណ ៣៥គ្រួសារនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាស្រុក ថាចាក់ដីលុបប្រឡាយ និងរំលោភយកដីសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ អ្នកភូមិអះអាងថា ការបិទប្រឡាយទឹកនោះ ធ្វើឲ្យស្ទះផ្លូវទឹកហូរចេញចូលនៅខែប្រាំង និងនៅរដូវវស្សា ធ្វើឲ្យលិចលង់ដល់ផលដំណាំ ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្បែរនោះជាច្រើនគ្រួសារ។
ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី អះអាងថា កាលពីថ្ងៃទី១៦ មិថុនា កន្លងទៅ ពួកគាត់នាំគ្នាទៅសុំកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរនៅសាលាឃុំព្រែកជីក ដើម្បីឲ្យបើកប្រឡាយបង្ហូរទឹកនោះចេញ ប៉ុន្តែពុំទទួលបានលទ្ធផលទេ។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង គឺលោក សំ បូរី ថ្លែងនៅថ្ងៃទី១៧ មិថុនា ថា អតីតអភិបាលរងស្រុករុក្ខគិរី បច្ចុប្បន្នជាមន្ត្រីក្រុមប្រឹក្សាស្រុក បានចាក់ដីលុបប្រឡាយទឹកសាធារណៈមួយកន្លែងដែលមានទំហំទទឹងជាង ១២ម៉ែត្រ និងបណ្ដោយប្រមាណ ៨០ម៉ែត្រ នៅចំណុចភូមិព្រៃតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកអះអាងថា ការលុបដីប្រឡាយទឹកនេះ នៅរដូវវស្សាធ្វើឲ្យទឹកមិនអាចចេញទៅតាមប្រឡាយនោះបាន បណ្ដាលឲ្យលិចលង់ដល់ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្បែរនោះប្រមាណ ៣៥គ្រួសារ៖ «បិទប្រឡាយទឹកនោះទៅ នៅពេលភ្លៀងធ្លាក់ច្រើនទឹកនឹងជន់លិចក្នុងភូមិអស់គ្មានសល់ជាពុំខាន។ ពួកយើងខ្ញុំបានស្នើសុំឲ្យក្រុមប្រឹក្សាស្រុករុក្ខគិរី បើកប្រឡាយទឹកនោះចេញដែរ ប៉ុន្តែគាត់រឹងរូសមិនព្រមធ្វើតាមសំណើរបស់ប្រជាពលរដ្ឋនោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមប្រឹក្សាស្រុករុក្ខគិរី លោក ចាន់ សារ៉ា មានប្រសាសន៍បញ្ជាក់ថា ដីដែលអ្នកភូមិអះអាងថា ជាដីប្រឡាយទឹកសាធារណៈនោះជាដីកម្មសិទ្ធិរបស់លោកដោយស្របច្បាប់។ លោកអះអាងថា ប្រសិនបើការចាក់ដីនោះទៅធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ លោកយល់ព្រមសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រឡាយទឹកមួយចំហៀងវិញ៖ «ទឹកចិត្តខ្ញុំមានសម្រាប់ផ្ដល់ជូនប្រយោជន៍សាធារណៈ ប៉ុន្តែដីនេះជាដីរបស់ខ្ញុំ ដោយកាលដែលខ្ញុំទិញមកពីដំបូង គ្មានប្រឡាយទឹកនៅទីនោះទេ គឺទើបលេចឮមានប្រឡាយនៅពេលក្រោយមកនេះប៉ុណ្ណោះ»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋអះអាងថា អ្នកភូមិព្យាយាមស្នើសុំទៅលោកក្រុមប្រឹក្សាស្រុក ឲ្យបើកប្រឡាយទឹកនោះជាច្រើនលើករួចមកហើយ ប៉ុន្តែគ្មានដំណោះស្រាយឡើយ។
ទាក់ទងនឹងបញ្ហានេះដែរ មេឃុំព្រែកជីក លោក អោម សែម មានប្រសាសន៍ថា អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធ កំពុងដំណើរការដោះស្រាយជាមួយក្រុមប្រឹក្សាស្រុក ដើម្បីធ្វើការបើកប្រឡាយបង្ហូរទឹកនោះឡើងវិញក្នុងពេលឆាប់ៗ៖ «បាទ! អាជ្ញាធរបានដោះស្រាយកាលពីម្សិលមិញជិតត្រូវរ៉ូវគ្នាអស់ទៅហើយ គឺនៅសល់តែបន្តិចបន្តួចទេ ហើយរឿងនេះពុំមានអ្វីពិបាកដោះស្រាយវែងឆ្ងាយទៀតនោះឡើយ»។
កាលពីថ្ងៃទី១៦ មិថុនា កន្លងទៅ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការបិទប្រឡាយទឹកប្រមាណ ៣០នាក់ នាំគ្នាតវ៉ាទៅសាលាឃុំព្រែកជីក ដើម្បីឲ្យអាជ្ញាធរឃុំដោះស្រាយជុំវិញបញ្ហានេះ ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយ។ អ្នកភូមិអំពាវនាវឲ្យអាជ្ញាធរស្រុករុក្ខគិរី និងមន្ត្រីពាក់ព័ន្ធ បើកប្រឡាយទឹកនោះចេញឲ្យបានឆាប់ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
