ការអភិវឌ្ឍនៅតំបន់បឹងប្រាំ ក្នុងស្រុកបវេល បានក្លាយជាតំបន់ដែលជម្លោះដ៏ស្រួចស្រាវមួយ ក្នុងចំណោមតំបន់ដែលមានជម្លោះដទៃផ្សេងទៀតនៅខេត្តបាត់ដំបង។
ម្ចាស់គម្រោងមួយចំនួន ដែលបានផ្ដល់ជំនួយលើទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក អភិវឌ្ឍនៅទីតាំងនោះ អះអាងថា គេពិតជាមានការសោកស្ដាយណាស់ ក្រោយពីដឹងថា ជម្លោះនេះបានក្លាយជាចំណុចដ៏រសើបហើយនាំឲ្យមានការរិះគន់ប្រឆាំងគម្រោងនេះថែមទៀត ដែលអង្គការសង្គមស៊ីវិលរកឃើញថា មិនបានកាត់បន្ថយជម្លោះនោះឡើយ តាមរយៈគម្រោងនេះ។
មន្ត្រីគម្រោងរបស់អង្គការ ឌីស៊ីអេ (DCA) ទម្លាក់បញ្ហាទាំងនេះទៅលើកំហុសបច្ចេកទេសថា គឺជាដើមចមមួយផ្នែកទៀតដែលសិក្សារកឫសគល់ និងការចុះអង្កេតរបស់ម្ចាស់មូលនិធិ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនទៀតពុំបានដិតដល់ គឺជាផ្នែកមួយដែលនាំឲ្យមានកំហុស ក្នុងការអភិវឌ្ឍនៅតំបន់បឹងប្រាំ នេះដែរ។
លោក ជឿង យសវុឌ្ឍន៍ មន្ត្រីគម្រោងនៃអង្គការ ឌីសេអេ ដែលជាស្ថាប័នម្ចាស់ជំនួយមួយក្នុងចំណោមអង្គការជាដៃគូផ្សេងទៀត ដែលបានផ្ដល់លុយអភិវឌ្ឍនៅតំបន់បឹងប្រាំ ថ្លែងថា វាពិតជាមេរៀនមួយ ដែលការសិក្សារកមិនគ្រប់ជ្រុងជ្រោយ ហើយវាក៏ជាហេតុផលសម្រាប់គម្រោងនៅថ្ងៃខាងមុខទៀត។ លោកថ្លែងបន្តថា ពិតណាស់ ទាំងស្ថាប័នរបស់លោក និងអង្គការដៃគូផ្សេងទៀត ប្រសិនបើរកឃើញថា ស្ថានភាពនៅបឹងប្រាំ អាចក្លាយទៅជាជម្លោះដ៏រសើបបែបនេះ ទំនងជាពិចារណាក្នុងការបង្កកលុយជាង ១លានដុល្លារនេះ មិនផ្ដល់ក្នុងការអភិវឌ្ឍនៅតំបន់នោះទេ។
លោក ជឿង យសវុឌ្ឍន៍៖ «ការសិក្សានេះពុំបានជាលក្ខណៈឲ្យបានទូលំទូលាយទេ។ យើងបានធ្វើការសិក្សា ហើយខ្ញុំបានមើលរបាយការណ៍ដែលចុះទៅវាយតម្លៃនោះ គឺគេដឹងថា នឹងអាចប្រឈមចំពោះបញ្ហាពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនេះដែរ។ ប៉ុន្តែឥតនឹកស្មានថា សង្គមដែលពាក់ព័ន្ធជម្លោះនោះ វាធំដល់ថ្នាក់នេះ។ យើងគិតថាក្រែងលោដាក់គម្រោងហ្នឹងអាចជួយដោះស្រាយបញ្ហាជួយប្រជាពលរដ្ឋបាន។ បើសិនជាយើងដឹងជម្លោះវាធំដល់ម្ល៉ឹង ប្រហែលជាខាងខ្ញុំ ហើយនិងអង្គការដៃគូ ប្រហែលជាមិនបានពិចារណានៅក្នុងការអនុវត្តគម្រោងហ្នឹងមើលទៅបាទ»។
ការឆ្លើយបំភ្លឺរបស់ម្ចាស់គម្រោងនៃអង្គការ ឌីស៊ីអេ នៅពេលនេះ ធ្វើឡើង ៤ថ្ងៃបន្ទាប់ពីមន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) រិះគន់កាលពីថ្ងៃទី១៤ ខែកញ្ញា ថា គម្រោងដែលម្ចាស់ជំនួញ និងអង្គការដៃគូអភិវឌ្ឍន៍ ផ្ដល់លុយដើម្បីអភិវឌ្ឍនៅតំបន់បឹងប្រាំ នោះ គឺមិនបានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ទេ ហើយថែមទាំងជាគម្រោងដែលបរាជ័យទៀតផង។
បើទោះជាបែបនេះក៏ដោយចុះ ក៏ លោក ជឿង យសវុឌ្ឍន៍ យល់ឃើញថា គម្រោងនេះមិនបានបរាជ័យទាំងស្រុងនោះឡើយ ដោយហេតុថា ស្ថាប័នអង្គការដៃគូបានផ្ដល់បំណិនជីវិតមួយចំនួនរួចទៅហើយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក្រៅពីប្រព័ន្ធធារាសាស្ត្រ និងគមនាគមន៍នោះ។ ក៏ប៉ុន្តែ លោកចាត់ទុកថា អ្វីដែលនាំឲ្យមានការសោកសៅនោះ គឺនៅក្រោយរឿងទាំងនេះបរាជ័យដ៏ធំ សម្រាប់បេសកកម្មរបស់អង្គការលោក និងស្ថាប័នដៃគូអភិវឌ្ឍន៍ផ្សេងទៀត គឺជម្លោះដីធ្លីបន្តជាប់គាំងដោះមិនចេញ រហូតមកដល់ពេលបច្ចុប្បន្ន។
ជឿង យសវុឌ្ឍន៍៖ «ខ្ញុំគិតថា វាមិនបានជោគជ័យល្អប្រសើរទេ ក៏ប៉ុន្តែវាក៏មិនបរាជ័យមួយរយភាគរយដែរ អ៊ីចឹងណាលោក ដោយសារតែគម្រោងនេះ យើងមិនមែនមានសកម្មភាពរឿងដីធ្លីតែមួយទេ។ យើងមានសកម្មភាពទាំងដីធ្លី មានសកម្មភាពខាងផ្លូវហេដ្ឋារចនាសម្ព័ន្ធ មានខាងក្រុមសន្សំ មានខាងស្រះទឹក ហើយនិងក៏ដូចជាបង្កើតជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹង»។
កាលពីឆ្នាំ២០១១ កន្លងទៅ មានអង្គការដៃគូមួយចំនួន ក្នុងនោះមានអង្គការ ឌីស៊ីអេ អង្គការ អ៊ិល.ដាប់ប៊លយូ.ឌី (LWD) និងអង្គការសេដាក (CEDAC) ផង បានចុះសិក្សានៅតំបន់បឹងប្រាំ ហើយសម្រេចចិត្តផ្ដល់ជំនួញភ្លាមៗក្នុងការអភិវឌ្ឍតំបន់នោះ នូវទឹកប្រាក់ប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ របាយការណ៍របស់អង្គការ ឌីស៊ីអេ ដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីថ្ងៃទី១៧ ខែកញ្ញា ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍កាលណោះមិនត្រឹមតែពង្រឹងសមត្ថភាពដល់សហគមន៍ទេ ប៉ុន្តែថែមទាំងជួយបណ្ដុះបណ្ដាលដល់អាជ្ញាធរមូលដ្ឋានរបស់រដ្ឋាភិបាលទៀតផង។ របាយការណ៍ឲ្យដឹងទៀតថា ក្រៅពីបំប៉នផ្នែកចំណេះដឹងហើយ លើសពីនេះទៀត គម្រោងអភិវឌ្ឍន៍ទាំងនោះ បានជួយគាំពារដល់ក្រុមគ្រួសារដែលងាយរងគ្រោះជាង ១០០គ្រួសារថែមទៀតនៅតំបន់បឹងប្រាំ ទៅលើសន្តិសុខស្បៀង។ បន្ថែមពីលើនេះ កសាងផ្លូវលំនៅក្នុងសហគមន៍បាន ៧ខ្សែ និងស្រះទឹកសម្រាប់ផ្គត់ផ្គង់នៅក្នុងសហគមន៍បានជាង ១៤ស្រះទៀតផង។
ពាក់ព័ន្ធរឿងរ៉ាវនេះ មេឃុំបឹងប្រាំ លោក ឈា នី ទទួលស្គាល់ថា អ្វីដែលមន្ត្រីគម្រោងរបស់អង្គការ ឌីស៊ីអេ លើកឡើង វាគឺជារឿងត្រឹមត្រូវ។ លោកបន្ថែមថា លុយប្រមាណ ១លានដុល្លារ កាលណោះ គឺមិនបានយកទៅប្រើប្រាស់ដូចអ្វីដែលមន្ត្រីសមាគមការពារសិទ្ធិមនុស្សរកឃើញថា ជាគម្រោងដែលបរាជ័យនោះទេ។ ផ្ទុយទៅវិញ លោកអះអាងថា គម្រោងទាំងនោះបានជួយច្រើនសម្បើមណាស់នៅក្នុងសហគមន៍បឹងប្រាំ នៅមុនពេលកកើតជាឃុំបឹងប្រាំ នេះ៖ «ការចូលរួមរបស់ពួកគាត់ទាំងអស់គ្នាហ្នឹង មិនមែនដូចតាមការចោទប្រកាន់របស់ លោក យិន ម៉េងលី ថា ឈា នី ប្រព្រឹត្តអំពើពុករលួយយកពីប្រជាពលរដ្ឋបួនប្រាំរយគ្រួសារ។ ឥតមានទេ រាប់ពាន់គ្រួសារ ដែលចូលរួមអភិវឌ្ឍដែលចូលរួមធ្វើផ្លូវនេះ។ ការដែលយើងបង្កើតហៅថាសហគមន៍ ទាមទារដើម្បីឲ្យរដ្ឋាភិបាលទទួលស្គាល់ដីនេះ។ ទទួលស្គាល់បឹងប្រាំនេះ។ ឥឡូវនេះ មានការអភិវឌ្ឍអស់ហើយ ហើយទៅជាផ្ទុយស្រឡះមកវិញថា តំបន់បឹងប្រាំ មកពីជាប់គាំងរឿងដីធ្លី។ វាជារឿងអំពើពុករលួយណាមួយ ដែលធ្វើឲ្យបឹងប្រាំ នេះជាប់គាំង។ ខាងខ្ញុំឥតទទួលទេ ខាងរដ្ឋអំណាចយើងទាំងមូល ទាំងក្រុមការងារចម្រុះទាំងអស់ ក៏គេមិនទទួលដែរ»។
ជុំវិញវិវាទនេះ កាលពីដើមឆ្នាំ២០១៤ កន្លងទៅ គណៈកម្មការមួយត្រូវបានបង្កើតភ្លាមដែរ ដើម្បីរកឲ្យឃើញពីបញ្ហាដែលកំពុងប្រឈម និងចាក់ស្រេះ ដែលបានបន្តអូសបន្លាយចាប់តាំងពីឆ្នាំ២០០៦ កន្លងទៅ។ គណៈកម្មការដែលមានសមាសភាពមកពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផង ហាក់បង្ហាញលទ្ធផលបញ្ច្រាសគ្នា។ របាយការណ៍របស់សង្គមស៊ីវិល ហាក់មើលឃើញការផ្ដល់ដីតាមកម្មវិធីនយោបាយសមាហរណកម្ម គឺទំនងមានទម្ងន់ផ្នែកផ្លូវច្បាប់ជាង ព្រោះគោលនយោបាយផ្ដល់សម្បទានដីសង្គមកិច្ច ហាក់ពុំបានសិក្សាពីផលប៉ះពាល់ឲ្យបានល្អិតល្អន់នោះទេ។ ស្ថិតក្រោមហេតុផលនេះហើយ ទើបបន្តបញ្ហារហូតដល់បច្ចុប្បន្ន។
ឆ្លើយតបបញ្ហានេះ មេឃុំបឹងប្រាំ លោក ឈា នី បំភ្លឺថា បន្ទាប់ពីលោកទទួលបានសិទ្ធិក្នុងការបង្កើតឃុំបឹងប្រាំ ក្រោមគោលនយោបាយដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលលើផ្ទៃដីជិត ៤ពាន់ហិកតារ គឺជម្លោះដណ្ដើមដីចាប់មានភ្លាមដែរ។ លោកបន្តថា ដីធ្លីក៏ចាប់ផ្ដើមផ្ទុះឡើងក្នុងដំណាក់នោះ ខណៈដែលក្រុមការងារឃុំ ចុះវាស់វែងកំណត់ព្រំដីដើម្បីបែងចែកឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍៖ «ចាប់ផ្ដើមបោះព្រំបោះអី មានបញ្ហាទំនាស់ដីធ្លីនៅពេលនោះឯង។ អ៊ីចឹងណា! ចាប់ផ្ដើមបោះព្រំទាំង ៣.៦៣៨ហិកតារ វាទំនាស់គ្នាបែកអូរហូរស្ទឹង រហូតដល់វ៉សសមត្ថកិច្ច រហូតដល់ស្អីៗហូរហែអ៊ីចឹងទៅ។ រហូតដល់វ៉ៃកម្ទេចបង្គោលព្រំបង្គោលអីហ្នឹង បានរដ្ឋាភិបាលយើងហ្នឹង តាមរយៈរបាយការណ៍របស់ខេត្តហ្នឹង ដែលមានក្រុមយុវជនស្ម័គ្រចិត្ត តាមបទបញ្ជាលេខ០១មក។ យើងក៏អនុវត្តបន្តទៀតមក»។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ១២៣គ្រួសារ តំណាងឲ្យ ៣០៣គ្រួសារ ដែលបន្តសកម្មភាពតវ៉ាប្រឆាំង លោក ឈា នី វិញ អះអាងថា មេឃុំបឹងប្រាំ នេះ បានបង្កើតឃុំដោយជាន់លើដីសមាហរណកម្មរបស់យោធិនរំសាយនៃទាហានខ្មែរក្រហម ដែលរដ្ឋាភិបាលបានប្រគល់រួចហើយចាប់តាំងពីក្រោយឆ្នាំ១៩៩៨ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
