ពលរដ្ឋ​នៅ​បាត់ដំបង​អំពាវនាវ​អាជ្ញាធរ​ឲ្យ​ពន្លឿន​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច

0:00 / 0:00

ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​គ្មាន​ដី​បង្កបង្កើនផល​ប្រមាណ​ជាង ១៨០​គ្រួសារ នៅ​ស្រុក​រុក្ខគីរី ខេត្ត​បាត់ដំបង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​បែង​ចែក​ដី​សម្បទាន​របស់​រដ្ឋ​ដល់​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។

ការ​អំពាវនាវ​នេះ កើត​ឡើង​បន្ទាប់​ពី​ពួក​គាត់​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​បែង​ចែក​ដី​អស់​ជាច្រើន​ខែ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ទន្ទឹង​រង់ចាំ​ការ​បែង​ចែក​ដីធ្លី​ទាំង​នោះ រៀបរាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ចង់​បាន​ដីធ្លី​យក​ទៅ​ដាំ​ដុះ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ដែល​ជួប​ការ​ខ្វះ​ខាត​នោះ ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក​របស់​ខ្លួន​នោះ​ទេ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម្នាក់ៗ​ចេះ​តែ​ខ្វល់ខ្វាយ​រឿង​ដីធ្លី​នោះ​មិន​ឈប់​ឈរ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក ចាន់ ឌី រស់នៅ​ភូមិ​អូររំចេក ឃុំ​បាសាក់ ស្រុក​រុក្ខគីរី ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រួម​ទាំង​លោក​ផង មិន​បាន​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ប្រមាណ ៤​ខែ​មក​ហើយ។ លោក​ថា ដោយ​ហេតុ​ថា​ជីវភាព​ក្រីក្រ បើ​ទោះ​ជា​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ខែ​យ៉ាង​នេះ​ក្ដី ឲ្យ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ បែង​ចែក​ដី​សម្បទាន​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ​នោះ​ដល់​ប្រជាពលរដ្ឋ គឺ​ពុំ​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ។ លោក​សោកស្ដាយ​ចំពោះ​ការ​យឺតយ៉ាវ​របស់​អាជ្ញាធរ ដែល​អូស​បន្លាយ​ពេល​វេលា​មិន​បែង​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​មក​នេះ។ លោក​បន្ត​ថា ការ​មិន​បែង​ចែក​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​នេះ អាជ្ញាធរ​ទំនង​មាន​គោល​បំណង​មិន​ល្អ​ចំពោះ​អ្នក​ភូមិ​នោះ​ទេ៖ «ប្រសិន​បើ​មិន​បាន​ដី​ហ្នឹង​យក​មក​បង្កបង្កើនផល​ទេ ឃើញ​ថា​អា​ក្រ​ហ្នឹង​ចេះ​តែ​ក្រីក្រ​ទៅ​មុខ ដោះស្រាយ​មិន​ចេញ​នោះ​ទេ ពីព្រោះ​ផ្ទៃ​ដី​ដែល​មាន​សព្វថ្ងៃ​បន្តិចបន្តួច មិន​អាច​ដាំ​ដុះ​ចិញ្ចឹម​ជីវភាព​គ្រួសារ​បាន​ឡើយ»

ផ្ទៃ​ដី​ដែល​អ្នក​ភូមិ​ទន្ទឹង​រង់ចាំ​ការ​បែង​ចែក​ពី​សំណាក់​អាជ្ញាធរ​នោះ ជា​ដី​សម្បទាន​របស់​រដ្ឋ​មាន​ទំហំ​ប្រមាណ ២​ពាន់​ហិកតារ ស្ថិត​នៅ​ភូមិ​អូររំចេក ឃុំ​បាសាក់ ស្រុក​រុក្ខគីរី ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​អះអាង​ថា ដី​ចំនួន​នេះ​ដើម​ឡើយ អាជ្ញាធរ​មូលដ្ឋាន​ថា​នឹង​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​រស់នៅ​តំបន់​នោះ​ធ្វើ​ជា​កម្មសិទ្ធិ។ ប៉ុន្តែ​អាជ្ញាធរ​ភូមិ បែប​រក្សា​ដី​នោះ​ទុក​ដើម្បី​ផល​ប្រយោជន៍​បក្ខពួក​របស់​ខ្លួន​ទៅ​វិញ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រុក្ខគីរី លោក ពេជ្រ ម៉ាឡៃ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ពុំ​មាន​គោល​បំណង​រក្សា​ដី​នោះ​ទុក ដោយ​ពុំ​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ពិត​ជា​ខ្វះខាត​ដី​បង្កបង្កើនផល​មែន ហើយ​ថា លោក​នឹង​ទាក់ទង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ខាង​មុខ៖ «យើង​មាន​ផែនការ​របស់​យើង​ទៅ​ត្រួត​ពិនិត្យ​មើល​ដី​រដ្ឋ​ហ្នឹង យើង​នឹង​ចុះ​បញ្ជី​ដី​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ប្រសិន​បើ​មាន​ដី​ដែល​នៅ​សេសសល់ ដែល​មាន​លក្ខណៈ​សមស្រប​អាច​បែង​ចែក​ប្រជាពលរដ្ឋ​បាន យើង​នឹង​នាំ​រឿង​ហ្នឹង​ស្នើ​ទៅ​អភិបាល​ខេត្ត​បាត់ដំបង ដើម្បី​ពិនិត្យ និង​ពិចារណា​ដល់​ប្រជាពលរដ្ឋ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​ពេល​មិន​បែង​ចែក​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ក្រីក្រ​ស្រាប់​នោះ កាន់​តែ​លំបាក​ខ្លាំង​មួយ​កម្រិត​ទៀត ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​គិត​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់​ជា​ប្រសើរ៖ «មុខ​របរ​កន្លែង​ហ្នឹង​ពួក​គាត់​រស់នៅ​អាស្រ័យ​វិស័យ​ខាង​កសិកម្ម គឺ​ការ​ដាំដុះ​ហ្នឹង​ឯង។ ហើយ​ប្រសិន​បើ​អាជ្ញាធរ​ចេះ​តែ​អូស​បន្លាយ​ពេល មិន​ដោះស្រាយ​ឲ្យ​គាត់​អ៊ីចឹង ពួក​គាត់​គ្មាន​ការងារ​ធ្វើ ច្បាស់​ជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ជា​ពុំ​ខាន​នោះ​ទេ។ អ៊ីចឹង​ដើម្បី​ជៀសវាង​បញ្ហា​នេះ​កើត​ឡើង អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទៅ»

ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ហើយ​គ្មាន​ដី​បង្កបង្កើនផល​នៅ​តំបន់​ដី​សម្បទាន​នោះ​ប្រមាណ​ជិត ២០០​គ្រួសារ។ សព្វថ្ងៃ ពួក​គាត់​កំពុង​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​បែង​ចែក​ដី​នោះ ដើម្បី​យក​ទៅ​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​រស់នៅ​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។