ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ឧកញ៉ា ឃុន សៀ នៅ​បឹងកក់១​ព្រម​ទទួល​សំណង

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ឃុន សៀ សម្រេច​ទទួល​សំណង​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នៃ​ការ​ចាក​ចេញ។ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៣​គ្រួសារ ជាមួយ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក បាន​អូស​បន្លាយ​ពេល​វេលា​អស់​ជាង ១​ឆ្នាំ​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ទី​៥ សីហា គ្រួសារ​របស់ លោកស្រី សុខ ហ៊ុច ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន បន្ទាប់​ពី​មាន​ការ​ចរចា​ព្រមព្រៀង​រួច​មក។

កូន​ប្រុស​របស់ លោកស្រី សុខ ហ៊ុច គឺ​លោក ហីង សុខចាង មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ប្រាក់​សំណង ដែល​ត្រូវ​ទទួល​បាន​ពី​ក្រុមហ៊ុន​ទេ តែ​ប្រាប់​ថា វា​ជា​សំណង​សមរម្យ​ដែល​គ្រួសារ​លោក​អាច​ទទួល​យក​បាន ហើយ​ក្រុមហ៊ុន​ទុក​ពេល​១​សប្ដាហ៍ ឲ្យ​គ្រួសារ​លោក​រើ​ចេញ​ពី​តំបន់​ជម្លោះ​នោះ៖ «វា​បាន​លុយ​សមរម្យ​សម្រាប់​ខ្ញុំ​នៅ ខ្ញុំ​សប្បាយ តែ​បើ​ពិបាក​រស់នៅ​ជាង​កន្លែង​ខ្ញុំ ខ្ញុំ​មិន​សប្បាយ​ទេ»

ពលរដ្ឋ​ទាំង ៣​គ្រួសារ ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​ដាក់​ខ្នោះ បញ្ជូន​ទៅ​តុលាការ និង​មាន​ជន​មិន​ស្គាល់​មុខ​យក​ពូថៅ​កាប់ ឆាឆៅ​អុកឡុក​ស្ទើរ​រាល់​ថ្ងៃ ពិសេស​គ្រួសារ លោក លី ស្រ៊ាងខេង ជួប​ទុក្ខ​ទោស​ច្រើន​ជាង​គេ រហូត​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បោះ​ពស់វែក ៣​ក្បាល ចូល​ផ្ទះ​ទាំង​កណ្ដាល​យប់ ប៉ុនប៉ង​សម្លាប់​មួយ​ពូជ។

យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ នៅ​សល់​តែ​គ្រួសារ លោក លី ស្រ៊ាងខេង ទេ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន ហើយ​កូន​ប្រុស​ស្រី​២​នាក់​របស់​គ្រួសារ​នេះ នៅ​ជាប់​បណ្ដឹង​តុលាការ ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។