ការលើកឡើងរបស់សង្គមស៊ីវិល កើតមានឡើងក្រោយពីមានអ្នកភូមិនាំគ្នាឡើងមកតវ៉ាជាបន្តបន្ទាប់នៅសាលាខេត្តបន្ទាយមានជ័យ ទាក់ទិនទៅនឹងភាពមិនប្រក្រតីរបស់គណៈកម្មការវាស់វែងដីធ្លីថ្នាក់មូលដ្ឋានស្រុកម៉ាឡៃ។
ប្រជាពលរដ្ឋនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងបារម្ភពីការខកខានពុំទទួលដីសម្បទានសង្គមកិច្ចតាមគោលការណ៍បែងចែករបស់រដ្ឋាភិបាល ហើយបញ្ហានេះត្រូវបានអង្គការសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរខេត្តដោះស្រាយជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះអាចទទួលដីកម្មសិទ្ធិស្របច្បាប់។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licado) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ថ្លែងនៅថ្ងៃទី២០ ខែឧសភា ថា ក្នុងរយៈពេលកន្លងមកនេះ ប្រជាពលរដ្ឋនៅឃុំទួលពង្រ បានលើកគ្នាឡើងមកតវ៉ាជាបន្តបន្ទាប់នៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីសុំឲ្យអាជ្ញាធរខេត្តចុះជួយអន្តរាគមន៍ដោះស្រាយដីធ្លីជូនពួកគាត់៖ «បើសិនជាយើងមានគោលការណ៍គិតថាបែងចែកដីហ្នឹងទៅឲ្យប្រជាពលរដ្ឋផ្ទាល់តែម្ដង វាគួរតែមានគណៈកម្មការមួយដោយសារបញ្ហារាល់ថ្ងៃ យើងឃើញថា គណៈកម្មការដែលចុះបែងចែកហ្នឹង វាមានភាពមិនប្រក្រតី ធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានការមិនទុកចិត្ត ហើយយើងចង់ឲ្យមានគណៈកម្មការរដ្ឋបាលមានក្រុមនិស្សិត ដាក់ដីនោះជាតំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធតែម្ដង»។
លោកបន្តថា កន្លងមកក្រុមគណៈកម្មការមូលដ្ឋានស្រុកម៉ាឡៃ ដែលបានចុះវាស់វែងដីនោះ ធ្លាប់មានវិវាទជាមួយអ្នកភូមិ។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋពុំអាចស្ងប់ចិត្តបាន។ តាមគោលការណ៍របស់ខេត្ត ត្រូវកាត់ដីនោះឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារ ៥ហិកតារ ប៉ុន្តែជាក់ស្ដែងមានបញ្ហាច្រើនកំពុងកើតឡើង។ ក្នុងនោះមានឈ្មោះប្រជាពលរដ្ឋចាស់បាត់ចេញពីបញ្ជី ហើយលេចឈ្មោះអ្នកថ្មីជំនួសទៅវិញ។
ប៉ុន្តែ ការផ្ដល់អនុសាសន៍នេះត្រូវបានអភិបាលរងខេត្តបន្ទាយមានជ័យ លោក ចុង ផែត ចាត់ទុកថាមិនអាចធ្វើទៅបាននោះទេ។ លោកបញ្ជាក់ថា អតីតអភិបាលស្រុកម៉ាឡៃ លោក ទេព ឃុនណាល់ បានធ្វើពាក្យស្នើសុំទៅរដ្ឋាភិបាលកាត់ដីព្រៃបរិស្ថានក្នុងដែនជម្រកសត្វព្រៃរនាមដូនសំ ទំហំ ១.៥០០ហិកតារ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ដីនោះចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ។ ទីតាំងដីនោះ ស្ថិតក្នុងភូមិស្រឡៅជ្រំ ១ពាន់ហិកតារ និងនៅចំណុចភ្នំយាយសំ ៥០០ហិកតារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក ចុង ផែត៖ «ខាងសង្គមស៊ីវិលដែលយល់ឃើញថាគួរយកបទបញ្ជា០១ មកអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី ចំពោះខ្ញុំថាមិនគួរគប្បីធ្វើបែបនេះទេ ព្រោះអនុក្រឹត្យចេញរួចហើយ នៅតែយើងដោះស្រាយខ្វះខាតប៉ុន្មាន យើងសុំអនុប្រយោគដីខ្លះទៀតជាឯកជនរបស់រដ្ឋ ហើយប្រែក្លាយជាដីសង្គមកិច្ចចែកជូនប្រជាពលរដ្ឋ»។
ទោះយ៉ាងនេះក្តី អង្គការលីកាដូ យល់ថា អាជ្ញាធរខេត្តគួរដាក់ដីនោះនៅក្នុងតំបន់វិនិច្ឆ័យ ហើយបង្កើតគណៈកម្មការរដ្ឋបាលរួមមួយដោយមានក្រុមនិស្សិតចូលរួម និងចុះទៅវាស់វែងដីនោះធ្វើប្លង់កម្មសិទ្ធិឲ្យអ្នកភូមិឲ្យបានឆាប់៖ «វាគួរតែប្រើនីតិវិធីហ្នឹងទៅ ដើម្បីឲ្យពួកគាត់ស្ងប់ចិត្ត។ បើមិនអ៊ីចឹងទេ ពួកគាត់នៅតែមិនស្ងប់ដដែល ព្រោះថាកន្លងមកហ្នឹងក្រុមគណៈកម្មការក៏ជាអ្នកដែលធ្លាប់មានវិវាទជាមួយពួកគាត់អ៊ីចឹងដែរ តាមធម្មតាតំបន់សហគមន៍វានៅជាដីសាធារណៈរបស់រដ្ឋនៅឡើយ ហើយធម្មតាការប្រើប្រាស់ ការចេញប័ណ្ណដីហ្នឹង វាត្រូវឲ្យមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន។ អ៊ីចឹង បើយើងចង់ផ្ដល់ទម្រង់អ៊ីចឹងឲ្យពួកគាត់ គួរប្រើនីតិវិធីអនុវត្តបទបញ្ជាលេខ០១ កាត់ពួកគាត់ការកាន់កាប់ជាក់ស្ដែងនៅទីណាបានជាក់ស្ដែងទៅ»។
ប៉ុន្តែ អាជ្ញាធរខេត្តនៅតែបញ្ជាក់ជំហរថា ក្រុមការងាររបស់ខេត្ត ស្រុក រួមជាមួយស្ថាប័នជំនាញទាំងអស់នៅតែរួមគ្នាបន្តដោះស្រាយជូនប្រជាពលរដ្ឋចំនួនជាង ៥០០គ្រួសារ។ ដោយឡែក សម្រាប់អ្នកដែលបានឡើងទៅតវ៉ានៅសាលាខេត្តផ្សេងៗ អាជ្ញាធរខេត្តនឹងរករូបមន្តសុំធ្វើអនុប្រយោគដីរបស់រដ្ឋថែមទៀត ប្រែក្លាយជាដីឯកជនរបស់រដ្ឋ ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចចែកជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
