អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សើរើ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​៣៣៥​គ្រួសារ

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៣៣៥​គ្រួសារ និង​អាជ្ញាធរ​ខេត្ត​នៅ​ភូមិ​បី សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ដែល​កើត​មាន​ជម្លោះ​រ៉ាំរ៉ៃ​តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​មក​ឆ្នាំ​២០១៣ នេះ នៅ​តែ​ជាប់​គាំង​មិន​អាច​ដោះស្រាយ​ចប់​នៅ​ឡើយ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ជា​ភាគី​ម្ចាស់​ដី ត្រូវ​បាន​គេ​ប្ដឹង​ផ្ដល់​ជា​បន្តបន្ទាប់​ទៅ​តុលាការ។

0:00 / 0:00

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កំពុង​សើរើ​សំណុំ​រឿង​ទំនាស់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៣៥​គ្រួសារ នៅ​ភូមិ​បី សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ឡើង​វិញ ដើម្បី​ឈាន​ទៅ​ការ​ដោះស្រាយ​បញ្ចប់​ទំនាស់​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក ចុង ផែត ថ្លែង​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ថា អាជ្ញាធរ​ខេត្ត​បាន​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ។ បច្ចុប្បន្ន កំពុង​ស្រាវជ្រាវ ហើយ​បាន​បញ្ជូន​ឯកសារ និង​ណែនាំ​ឲ្យ​ខាង​មន្ត្រី​ជំនាញ​សុរិយោដី សហការ​ជាមួយ​ជំនាញ​ដទៃ​ទៀត ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​ឯកសារ​គតិយុត្តិ​យក​សិក្សា បន្ទាប់​មក​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ចប់​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។

លោក ចុង ផែត៖ «ព្រោះ​យើង​ត្រូវ​ការ​ស្រាវជ្រាវ​រក​ឯកសារ​គតិយុត្តិ​ទាំងអស់ ពិនិត្យ​អង្គ​ហេតុ​ឡើង​វិញ ព្រោះ​ឯកសារ​ខ្លះ​វា​បាត់ ឥឡូវ​ប្រមូល​បាន នឹង​ឲ្យ​ជំនាញ​ស្រាវជ្រាវ​បណ្ដើរៗ​ក្នុង​នាម​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត វា​ក្រុម​សម្រាប់​ទៅ​ទីតាំង​ជាក់ស្ដែង នៅ​ពេល​ដែល​យើង​អនុវត្ត រួច​បាន​ប្រមូល​គ្រប់​ទាំង​ឯកសារ​គតិយុត្តិ​ទាំង​ឡាយ​បាន​ស្រាវជ្រាវ បាន​ទីតាំង​ជាក់ស្ដែង បាន​ដាក់​កម្មវិធី​ប្រជុំ​គណៈកម្មការ​សុរិយោដី»

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ចំនួន ២៥​គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៣៣៥​គ្រួសារ បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អន្តរាគមន៍​ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​លំនៅឋាន ដែល​ពួក​គាត់​អះអាង​ថា​បាន​កាន់​កាប់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៧៩ មក។

ស្ត្រី​ឈ្មោះ ម៉ា កាន់ថៃ អាយុ ៦៨​ឆ្នាំ ថ្លែង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​ដី​តូច​ធំ​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​លំនៅឋាន​របស់​ពួក​គាត់។ ដី​ទាំង​នោះ​ស្ថិត​នៅ​ភូមិ​បី សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ កន្លង​ទៅ​នេះ ដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​មាន​ទិសដៅ​ដក​ហូត​យក​ធ្វើ​ចំណត​រថយន្ត និង​ស្ថានីយ​ប្រេង៖ «រាល់​ថ្ងៃ​នេះ ដី​ខ្ញុំ​មាន ខ្ញុំ​ធ្វើ​ផ្ទះ ខ្ញុំ​មាន​របង ខ្ញុំ​មាន​ស្វាយ ខ្ញុំ​មាន​ខ្នុរ ខ្ញុំ​មាន​ក្រូច ខ្ញុំ​កាន់​កាប់​រាល់​ថ្ងៃ តែ​អ្នក​ដែល​ប្ដឹង​ខ្ញុំ​នោះ​មិន​ទាន់​មក​យក​របស់​ខ្ញុំ​បាន​ទេ។ លោក ថាច់ ឃន និង​លោក ញ៉ឹក គឹមឈុន មិន​ធ្វើ​តាម​ចំណារ​របស់​សម្ដេច​ទេ ធ្វើ ៤​គុណ​២០ ហើយ​បែង​ចែក​យក​ដី​ខ្ញុំ​ឲ្យ​អ្នក​ដទៃ មាន​ប្រជាជន​ខ្លះ មាន​រដ្ឋ​អំណាច​ខ្លះ ដែល​មក​នៅ​លើ​ដី​ខ្ញុំ»

អ្នក​ភូមិ​ជា​ម្ចាស់​ដី​ខ្លះ​ត្រូវ​បាន​គេ​ប្ដឹង​ជា​បន្តបន្ទាប់​ទៅ​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន និង​អ្នក​ខ្លះ​ត្រូវ​គេ​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ៖ «ពួក​ខ្ញុំ​កាន់​កាប់​នៅ​លើ​ហ្នឹង គេ​ថា​ពួក​ខ្ញុំ​នេះ​រស់នៅ​លើ​របស់​គេ​ដែរ ហើយ​ដី​លំនៅឋាន​ខ្ញុំ​នៅ​តាំង​ពី​ឆ្នាំ​១៨៨០ ហើយ​ខ្ញុំ​ធ្វើ​ចម្ការ​តាំង​ពី​ឆ្នាំ​១៩៨០ មក។ វា​អត់​មាន​ដី​ច្រើន​នៅ​សល់​អី​ទេ មាន​តែ​ទី​ផ្ទះ​រៀង​ខ្លួន ទទឹង ៥​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ»

ទាក់ទិន​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ ថ្លែង​ថា ទំនាស់​ដី​ចំ​កណ្ដាល​ក្រុង​សិរីសោភ័ណ បាន​ជាប់​គាំង​អស់​រយៈពេល​ច្រើន​ឆ្នាំ។ អ្នក​ភូមិ​មួយ​ចំនួន​មិន​ហ៊ាន​សង់​ផ្ទះ​ធំ​ទេ នៅ​ពេល​មាន​ទឹក​ឡើង​លិច​លំនៅឋាន​របស់​គាត់​ពិបាក​រស់នៅ។ ទន្ទឹម​គ្នា​នេះ ទំនាស់​ដីធ្លី​នៅ​ភូមិ​បី សង្កាត់​ព្រះពន្លា នោះ មាន​មតិ​ខ្លះ​លើក​ឡើង​ថា មាន​ភាព​ស្មុគស្មាញ​ផ្ទុយ​ពី​សមាគម​ដែល​គិត​ថា ពុំ​មាន​អ្វី​ជា​ឧបសគ្គ​ទេ អោយ​តែ​អាជ្ញាធរ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ៖ «យើង​ធ្វើ​ដូច​ភ្លៀង​រលឹម យក​បញ្ហា​ទំនាស់​ហ្នឹង​មក​ធ្វើ​ជា​អាទិភាព​ដាក់​លើ​តុ​ដោះស្រាយ គោលការណ៍​របស់​ខេត្ត​មិន​អាច​ដោះ​បាន សុំ​បញ្ជូន​ក្រសួង ហើយ​ក្រសួង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​មិន​ចាំបាច់​ទៅ​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផង ក៏​ខេត្ត​មាន​សមត្ថភាព​សម្រាប់​ធ្វើ​ដែរ»

កាល​ពី​អំឡុង​ឆ្នាំ​២០០០ ប្រជាពលរដ្ឋ​ទាំង ៣៣៥​គ្រួសារ បាន​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋសភា និង​ដាក់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​កិច្ច​អន្តរាគមន៍​ជួយ​ដោះស្រាយ។ ជា​ការ​ឆ្លើយ​តប​មក​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា បាន​ចារ​លើ​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​សម្រេច​ថា ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​យូរ​ហើយ ត្រូវ​តែ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាជន មិន​អាច​ដក​ហូត​តាម​ទំនើង​ចិត្ត​បាន​នោះ​ទេ។ ក្រសួង​រៀបចំ​ដែន​ដី និង​នគរូបនីយកម្ម ត្រូវ​ចាត់​តាំង​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ចេញ​កម្មសិទ្ធិ​ជូន​ប្រជាជន តាម​ដី​ដែល​គាត់​ធ្លាប់​បាន​កាន់​កាប់ ដើម្បី​ឲ្យ​គាត់​បាន​ស្ងប់​ចិត្ត និង​កសាង​ជីវភាព​រស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។