ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា​ពុក​រលួយ​ក្នុង​ការ​ចែក​ដី​សង្គម​កិច្ច​នៅ​បាត់ដំបង

0:00 / 0:00

ការ​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច ចែក​ជូន​គ្រួសារ​ជន​ក្រីក្រ​អត់​ដីធ្លី​នៅ​កណ្ដាល​ក្រុង​បាត់ដំបង កំពុង​ប្រឈម​ទៅ​នឹង​ការ​ប្រឆាំង​តវ៉ា​ពី​សំណាក់​អ្នក​ភូមិ​ជា​ម្ចាស់​ដី។

មូលហេតុ​ដោយសារ​តែ​ដី​ដែល​គេ​រឹប​អូស​ពី​អ្នក​ភូមិ ធ្វើ​ការ​វាស់វែង​ជា​ច្រើន​ឡូត៍​នោះ ពុំ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គ្រួសារ​ជន​ក្រីក្រ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​បែរ​ជា​មាន​ការ​ឃុបឃិត​គ្នា​យក​ដី​ឡូត៍​ទាំង​នោះ​ទៅ​លក់​ឲ្យ​អ្នក​មាន​លុយ និង​ចែក​ទៅ​ឲ្យ​មន្ត្រី​យោធា​ជិត ១០០​នាក់ ដែល​ពុំ​មាន​ឈ្មោះ​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ទៅ​វិញ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង អំពាវនាវ​សុំ​រាជ​រដ្ឋាភិបាល​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ ចុះ​ត្រួត​ពិនិត្យ​ជា​បន្ទាន់​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចែក​ដី​សម្បទាន​សង្គម​កិច្ច នៅ​ទី​រួម​ខេត្ត​បាត់ដំបង ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ចម្រូងចម្រាស គ្មាន​សមធម៌ និង​គ្មាន​តម្លាភាព។

អ្នក​ភូមិ​ដែល​បាន​កាន់​កាប់​ដី និង​ភាគ​ច្រើន​មាន​លំនៅឋាន តាំង​ពី​ឆ្នាំ​១៩៨២ មក​នោះ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី២៣ និង​ថ្ងៃ​ទី២៥ ខែ​ឧសភា អាជ្ញាធរ​ក្រុង​បាត់ដំបង និង​មន្ត្រី​យោធា​ភូមិ​ភាគ​៥ បាន​ចុះ​រុះរើ​របង​នៅ​តាម​ដី​ឡូត៍​របស់​អ្នក​ភូមិ នៅ​ក្នុង​ភូមិ​ចម្ការឫស្សី និង​ភូមិ​១៣មករា សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង៖ «ធ្វើ​ម៉េច​ឲ្យ​ស្រប​ហ្នឹង​សម្ដេច ពីព្រោះ​ខ្ញុំ​ដឹង​ពាក្យ​ពី​សម្ដេច​មក លោក​ថា បើ​ដី​អ្នក​ណា​កាន់​កាប់​ពី ១០​ឆ្នាំ​ទៅ គឺ​គេ​មាន​កូន​មាន​ចៅ​កុំ​ដក​របស់​គេ ឥឡូវ​នេះ​គេ​ផ្សាយ​មីក្រូ គេ​ថា​យើង​កាន់​ដី​ខុស​ច្បាប់»

កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា អាជ្ញាធរ​ក្រុង​បាត់ដំបង បាន​ចេញ​សេចក្ដី​ណែនាំ​មួយ ដើម្បី​អនុវត្ត​គម្រោង​គំរូ​រៀបចំ​សុវត្ថិភាព​ដីធ្លី និង​សុវត្ថិភាព​លំនៅឋាន​ជន​ក្រីក្រ​ទីក្រុង នៅ​លើ​ដី​អតីត​សួន​ច្បារ​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

អភិបាល​ក្រុង​បាត់ដំបង លោក អឿម សុខុន បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​បាន​អនុវត្ត​ទៅ​តាម​គម្រោង​របស់​ខ្លួន៖ «ចម្រាស​ចម្រូង​វា​ច្រើន ប៉ុន្តែ​ទី១ យើង​អនុវត្ត​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​គម្រោង​ដែល​យើង​បាន​លើក​ឡើង​ហ្នឹង គឺ​យើង​អនុវត្ត​ទៅ​តាម​ហ្នឹង។ អ្នក​ខ្លះ​គេ​ឲ្យ​ចុះ​ឈ្មោះ​គាត់​ចូលរួម អ្នក​ណា​មាន​ប័ណ្ណ​ដែល​យើង​ផ្សព្វផ្សាយ​កន្លង​មក យើង​ធ្វើ​ជូន​អ្នក​ហ្នឹង​មុន នេះ​គឺ​ជា​នីតិវិធី​របស់​យើង»

ក្នុង​នោះ​ដែរ សាលា​ក្រុង​មាន​សេចក្ដី​ណែនាំ ៥​ចំណុច ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​ប្រតិកម្ម​ថា គោលការណ៍​ណែនាំ​មាន​នៅ​លើ​ក្រដាស តែ​ការ​ជាក់ស្ដែង ពួក​គេ​បាន​អនុវត្ត​ផ្ទុយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី។ ពួក​គាត់ អះអាង​ថា ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ចម្ការឫស្សី ភូមិ​អូរខ្ចាយ និង​ភូមិ​១៣មករា សង្កាត់​ព្រែកព្រះស្ដេច ប្រហែល ៣០% ត្រូវ​បាន​គេ​វាស់វែង​ពុះ​ជា​ឡូត៍ ៤​គុណ​១៦​ម៉ែត្រ លក់​ទៅ​ឲ្យ​ក្រុម​អ្នក​មាន​លុយ​កាក់ និង​ដី​ជិត ១០០​ឡូត៍​ទៀត ត្រូវ​គេ​ប្រគល់​ទៅ​ក្រុម​មន្ត្រី​យោធា។ ចំណែក​ឯ​គ្រួសារ​ក្រីក្រ​អត់​ដី​នៅ​ក្នុង​សហគមន៍​នោះ អត់​ទទួល​បាន​ដី​ដដែល​ជា​ដដែល៖ «ដាច់​អហង្ការ​មិន​អាច​ឲ្យ​ទៅ​បាន​ទេ ព្រោះ​ថា បើ​ថា​យក​ទៅ​ឲ្យ​ប្រជាជន​នៅ​បាន​ដូច​គ្នា ខ្ញុំ​ក៏​នៅ​បាន​ដូច​គ្នា អា​ហ្នឹង​គេ​និយាយ​ដាច់​ខាត​គ្រប់​គ្នា អា​រឿង​គេ​ដក​គេ​លក់​គេ​ដូរ​ហ្នឹង វា​រឹប​អូស​ដី​ពី​យើង​បាន​យក​ទៅ​លក់​ឲ្យ​អ្នក​មាន​ហ្នឹង​ឯង»

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក អ្នក​ភូមិ​ទាំង​នោះ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ កៀងគរ​ឲ្យ​បង្កើត​ជា​សហគមន៍​ក្រីក្រ។ សហគមន៍​នោះ​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ​មួយ​គ្រួសារ ៣​ពាន់​រៀល​ក្នុង​មួយ​ខែ ដោយ​សន្យា​រក​ដី​ទំហំ ៤​គុណ​នឹង ១៦​ម៉ែត្រ សង់​លំនៅឋាន​ស្រប​ច្បាប់ ចែក​ជូន​មក​វិញ។ ប៉ុន្តែ​សហគមន៍​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ដោយសារ​តែ​អ្នក​ភូមិ​មិន​គាំទ្រ។

ពី​មុន​មក ដី​កំពុង​មាន​ជម្លោះ​នេះ​ជា​ប្រភេទ​ដី​ស្រែ ពុំ​មែន​ជា​ដី​សួរ​ច្បារ​សង្កាត់​ព្រែកព្រះស្ដេច នោះ​ទេ។ តែ​ក្រោយ​មក ទើប​អាជ្ញាធរ​ខេត្ត​លើក​គម្រោង​យក​ដី​នោះ​ធ្វើ​ជា​ដី​សួន​ច្បារ ខណៈ​ដែល​ប្រជាពលរដ្ឋ ២៤៥​គ្រួសារ បាន​រស់នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៨២ មក​ម្ល៉េះ។ ហើយ​នៅ​ឆ្នាំ​២០០៧ ដី​សួន​ច្បារ​សាធារណៈ​របស់​រដ្ឋ​នោះ ត្រូវ​អាជ្ញាធរ​ខេត្ត​ធ្វើ​អនុប្រយោគ ប្រែ​ក្លាយ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច ចែក​ជូន​ប្រជាពលរដ្ឋ​អត់​មាន​ដីធ្លី​រស់នៅ ប៉ុន្តែ​ជាក់ស្ដែង ការ​រៀបចំ​ដី​នោះ​កំពុង​កើត​មាន​ភាព​ចម្រូងចម្រាស ដោយសារ​តែ​អ្នក​ភូមិ​មើល​ឃើញ​នូវ​ភាព​ប្រក្រតី​ជាច្រើន ដែល​កើត​មាន​ជា​បន្តបន្ទាប់​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។