គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ស្នើ​នាយក​រដ្ឋមន្ត្រី​អន្តរាគមន៍​ជម្លោះ​ដី​ក្រុង​រណប​ជ្រោយចង្វារ

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឲ្យ​ដឹង​ថា លោក​នឹង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ផ្អាក​បណ្ដោះអាសន្ន​ចំពោះ​ការ​បូម​ខ្សាច់​លុប​លើ​ដី​កំពុង​មាន​ទំនាស់​នៅ​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ និង​ចាត់​វិធានការ​ដោះស្រាយ​ផល​ប៉ះពាល់​ឲ្យ​ចប់​សព្វ​គ្រប់​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​បន្ត​ទៀត។

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា លោក​បាន​ធ្វើ​សំណើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួច​ហើយ ដោយ​រង់ចាំ​តែ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។ លោក​បន្ត​ថា ក្នុង​សំណើ​នោះ គឺ​លោក​ស្នើ​សុំ​ឲ្យ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ផ្អាក​សកម្មភាព​បូម​ខ្សាច់​បណ្ដោះអាសន្ន​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដោយ​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​ឲ្យ​បាន​រួច​រាល់​ជា​មុន​សិន។

លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​ដោយ​ប្រសិទ្ធភាព លោក​នឹង​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ទីតាំង​ដែល​កំពុង​មាន​ជម្លោះ​នោះ​ដោយ​ផ្ទាល់៖ «ខ្ញុំ​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ជួយ​អន្តរាគមន៍​ចាត់​ការ ដោយ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សិន។ ផ្អាក​ការ​បូម​ខ្សាច់​ចាក់​លើ​ដី​ទំនាស់​ហ្នឹង​សិន ដើម្បី​រង់ចាំ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ពេញ​លេញ​សិន ព្រោះ​កាល​ណា​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​បូម​ខ្សាច់​ចាក់​ត​ទៅ​ទៀត ចាក់​លុប​ទៅ វា​នឹង​អាច​ធ្វើ​ឲ្យ​ទំនាស់​ហ្នឹង​វា​កាន់​តែ​ជ្រាលជ្រៅ ហើយ​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ។ អា​ហ្នឹង គឺ​ជា​ចំណុច​ទី​មួយ។ ហើយ​ចំណុច​ទី​ពីរ គឺ​ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​ហ្នឹង ត្រូវ​តែ​ជំរុញ​ចាត់​វិធានការ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ដោះស្រាយ​រឿង​ហ្នឹង​ឲ្យ​បាន​ឆាប់​រហ័ស»

ការ​ប្រកាស​ពី​ជំហរ​របស់ លោក អេង ឆៃអ៊ាង នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ជុំវិញ​ជម្លោះ​ដី​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ ជាមួយ​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន អូស៊ីអាយស៊ី របស់​លោក​ឧកញ៉ា ពុង ខៀវសែ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​តំណាង​ប្រជាពលរដ្ឋ​មក​ពី ៣​សង្កាត់ និង ៥​ភូមិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។