ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ព្រម​ទទួល​សំណង

0:00 / 0:00

អ្នក​រស់នៅ​ក្នុង​សហគមន៍​ដី​មាស សង្កាត់​ព្រែកលៀប ត្រូវ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ និង​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដោះស្រាយ​សំណង​ដោយ​ផ្ដល់​ផ្ទះ​ជា​លក្ខណៈ​ខុនដូ (Condo) ក្នុង​អគារ​បុរី​រុងរឿង នៅ​ថ្ងៃ​ទី​២៨ តុលា។ ពលរដ្ឋ​ជាង ១០០​គ្រួសារ យល់ព្រម​ទទួល​យក​ការ​ដោះស្រាយ​នេះ។

ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ដី​មាស ១៣៧​គ្រួសារ នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ព្រម​យក​សំណង​ផ្ទះ​កម្ពស់ ៤​ជាន់ នៅ​ក្នុង​បុរី​រុងរឿង ដោយ​មួយ​គ្រួសារ​ទទួល​បាន​មួយ​បន្ទប់ និង​តូប​លក់​អីវ៉ាន់​មួយ ជា​ថ្នូរ​នឹង​ផ្ទេរ​ការ​រស់នៅ​ដែល​ប៉ះពាល់​ការ​ពង្រីក​ផ្លូវ​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី។

អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ប្រាប់​ទៅ​ពលរដ្ឋ​សហគមន៍​ដី​មាស​ថា បន្ទប់​មួយ​ក្នុង​ខុនដូ​បុរី​រុងរឿង និង​តូប​មួយ​នេះ សុំ​ឲ្យ​អ្នក​ភូមិ​រស់នៅ និង​លក់​ដូរ​ឲ្យ​បាន​យ៉ាង​តិច​ពីរ​ឆ្នាំ ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​អ្នក​ផ្សេង ឬ​លក់​ដូរ​បន្ត​បាន។ លោក​ថា មាន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​មាន​ប្លង់​ដី​ត្រឹមត្រូវ ហើយ​ព្រម​ចេញ​ពី​ក្នុង​ភូមិ​មក​រស់នៅ​ក្នុង​បុរី​រុងរឿង គឺ​ក្រុមហ៊ុន​ផ្តល់​ផ្ទះ​មួយ​ល្វែង​កម្ពស់ ២​ជាន់ ទទឹង ៤​ម៉ែត្រ បណ្តោយ ១២​ម៉ែត្រ៖ «គាត់​រស់នៅ​លើ​ដី​អី​ដែល​យើង​ទទួល​ស្គាល់​គាត់​ថា​រស់នៅ​ស្រប​ច្បាប់ អា​ហ្នឹង​គឺ​គាត់​បាន​មួយ​ជុង។ នេះ​វា​របៀប​ដូច​ខុនដូ​អ៊ីចឹង ៤,២​ម៉ែត្រ និង ១៤​ម៉ែត្រ​នេះ គឺ​គាត់​រស់នៅ​លើ​ផ្លូវ»

អនុប្រធាន​ក្រុមហ៊ុន អូស៊ីអាយស៊ី លោក ទូច សំណាង ថ្លែង​ថា ក្រុមហ៊ុន អូស៊ីអាយស៊ី ទទួល​បាន​ដី​ទំហំ​ជាង ៣៨៧​ហិកតារ វិនិយោគ​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ ជិត ១០០​ឆ្នាំ។ លោក​ថា ក្នុង​ទំហំ​ដី​នោះ អាជ្ញាធរ​ក្រុង​ស្នើសុំ​ឲ្យ​ឆ្វៀល​ចេញ​នូវ​ភូមិ​ចាស់ៗ​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ ដែល​ក្រុមហ៊ុន អូស៊ីអាយស៊ី កំពុង​ពិចារណា​សំណើ​នេះ៖ «ត្រូវ​តែ​កាត់​ភូមិ​ចាស់​ចេញ ត្រូវ​តែ​អភិវឌ្ឍ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​មូលដ្ឋាន​ហ្នឹង​ប្រសើរ​ជាង​មុន មិន​មែន​ឲ្យ​គាត់​វេទនា ឲ្យ​គាត់​នេះ​ទេ។ ដូច្នេះ​ហើយ បាន​ជា​ក្រុមហ៊ុន​ចូលរួម​បដិភាគ​ក្នុង​ការ​អភិវឌ្ឍ​រួម​គ្នា ធ្វើ​ជា​តំបន់​មួយ​ដែល​មាន​បរិស្ថាន​ល្អ​មាន​ផ្សារ»

លោក ស៊ុន ឆេងអ៊ី រស់នៅ​ភូមិ​ស្វាយជួរ សង្កាត់​ព្រែកលៀប ឲ្យ​ដឹង​ថា គាត់​មាន​ដី​ភូមិ​ដែល​ក្រុមហ៊ុន អូស៊ីអាយស៊ី គូស​ផែនទី​ប៉ះ​ដី និង​ផ្ទះ​គាត់​អស់​ទំហំ ៥​ម៉ែត្រ បណ្តោយ ១៧​ម៉ែត្រ។ លោក​ថា លោក​ព្រម​ទទួល​យក​បន្ទប់​ខុនដូ​ក្នុង​បុរី​រុងរឿង​តាម​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ឲ្យ​គាត់​រស់នៅ​ក្នុង​បន្ទប់​ផ្ទាល់​ដី​ទេ គឺ​តម្រូវ​ឲ្យ​ចាប់​ឆ្នោត​យក​បន្ទប់​ខុនដូ​ពី​ជាន់​ទី​១​ឡើង​ទៅ ទើប​គាត់​ឆ្ងល់៖ «រួច​មិន​ដឹង​ថា​ជា​អ្នក​ណា​ត្រូវ​បាន​ជាន់​ទី​ប៉ុន្មាន​ទេ អា​ហ្នឹង​បើ​យើង​និយាយ​ពី​ភាព​សុចរិត​ទៅ វា​នៅ​រឿង​ថា​ហេង​ស៊យ​នៅ​ឡើយ វា​អត់​ទាន់​ប្រាកដ​ថា យើង​ត្រូវ​បាន​ប៉ុន្មាន»

តំណាង​ក្រុមហ៊ុន អូស៊ីអាយស៊ី លោក បញ្ញា បំភ្លឺ​ថា បន្ទប់​ផ្ទាល់​ដី គឺ​ក្រុមហ៊ុន​ផ្តល់​អាទិភាព​ជូន​គ្រួសារ​ពិការ ជន​មាន​ជំងឺ​ធ្ងន់ធ្ងរ មិន​អាច​ឡើង​ចុះ​ដោយ​ជើង​ទៅ​កាន់​ជាន់​ទី​៣ ទី​៤​បាន។ លោក​ថា ក្រុមហ៊ុន​នឹង​ឲ្យ​ពលរដ្ឋ​សហគមន៍​ដី​មាស​ទាំង ១៣៧​គ្រួសារ ចាប់​ឆ្នោត​ផ្សង​សំណាង​យក​បន្ទប់​ស្នាក់​នៅ​ក្នុង​អគារ​ខុនដូ​បុរី​រុងរឿង ក្រោយ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក៖ «សំឡេង»។

ការ​ចរចា​ដោះស្រាយ​ដីធ្លី​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ នោះ ក្រុមហ៊ុន​សម្រេច​ប្រគល់​តូប​មួយ​ដែល​មាន​ទទឹង ២​ម៉ែត្រ​បួន​ជ្រុង ឲ្យ​ប្រជាពលរដ្ឋ​លក់​ដូរ​អីវ៉ាន់ និង​អាច​ដោះដូរ​កម្មសិទ្ធិ​បាន។ ប៉ុន្តែ​ផ្ទះ​ក្នុង​អគារ​ខុនដូ​បុរី​រុងរឿង មាន​កម្មសិទ្ធិ​តាម​គ្រួសារ​ហើយ គឺ​ពលរដ្ឋ​មិន​អាច​លក់​បន្ត​បាន​ទេ ដរាប​ណា​គ្រួសារ​នីមួយៗ​មិន​បាន​រស់នៅ​ក្នុង​ខុនដូ​នោះ​ជាក់​លាក់​ឲ្យ​បាន​ពីរ​ឆ្នាំ​ទេ។ ពលរដ្ឋ​បាន​ស្នើសុំ​ទៅ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខណ្ឌ សុំ​ឲ្យ​ក្រុមហ៊ុន​ត​ភ្ជាប់​បណ្ដាញ​ទឹក និង​ភ្លើង​មិន​យក​កម្រៃ។ ប៉ុន្តែ​ពលរដ្ឋ​ព្រម​បង់​ជូន​ថ្លៃ​ប្រើប្រាស់​ភ្លើង​តាម​គីឡូវ៉ាត់ និង​ទឹក​តាម​ម៉ែត្រ​គូប​ដែល​រដ្ឋ​កំណត់​តម្លៃ មិន​មែន​ក្រុមហ៊ុន​កំណត់​តម្លៃ​ខ្ពស់​ជាង​តម្លៃ​រដ្ឋ​នោះ​ទេ។

ទោះ​ជា​មាន​ការ​ដោះស្រាយ​បណ្ដើរៗ​នេះ​ក្តី នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ លើ​ទំហំ​ផ្ទៃ​ដី​ជាង ៣៨៧​ហិកតារ មាន​អ្នក​រស់នៅ​យូរយារ​ណាស់​មក​ហើយ​ក្នុង​ភូមិ​ចាស់ៗ ៣​សង្កាត់​ទៀត គឺ​ភូមិ​កៀនឃ្លាំង សង្កាត់​ព្រែកលៀប ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វារ និង​ភូមិ​ព្រែកតាសេក សង្កាត់​ព្រែកតាសេក។

ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត អះអាង​ថា លោក​ស្នើសុំ​ឲ្យ​ឆ្វៀល​ចេញ​ពី​ការ​វិនិយោគ​នូវ​ភូមិ​ចាស់ៗ​ដែល​មាន​ផ្ទះ​សង់​តាំង​ពី​សម័យ​បារាំង គ្រប់គ្រង​កម្ពុជា ជា​ភស្តុតាង ហើយ​រង​នូវ​ការ​វិនិយោគ​ដែល​នឹង​អាច​ក្រុមហ៊ុន​វាយ​បំផ្លាញ​ចោល៖ «គាត់​សុខ​ចិត្ត​រស់នៅ​ភូមិ​របស់​គាត់ កេរ​ដូនតា ដូច្នេះ​កេរ​ដូនតា យើង​ត្រូវ​តែ​ថែរក្សា​ឲ្យ​គេ មិន​បាន​ទេ កុំ​ប៉ះពាល់​ឲ្យ​សោះ»

ពលរដ្ឋ​រស់នៅ​ក្នុង ៣​សង្កាត់​នោះ ដោយ​បារម្ភ​អំពី​ការ​វិនិយោគ​ដែល​ក្រុមហ៊ុន​បូម​ដី និង​ខ្សាច់ ចាក់​ពី​លើ​ដី​ពួក​គាត់​កំពុង​អាស្រ័យ​ផល បាន​ប្ដឹង​ទៅ​តុលាការ​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ សុំ​ឲ្យ​រក្សា​ការពារ​ដី តែ​ត្រូវ​តុលាការ​ទាំង​ពីរ​ថ្នាក់ បង្វិល​សំណុំ​រឿង​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន អូស៊ីអាយស៊ី ដោះស្រាយ​វិញ។

មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ ៣​សង្កាត់​នោះ លោក ណន អូនី ឲ្យ​ដឹង​ថា ពលរដ្ឋ​ស្នើសុំ​ឲ្យ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ និង​ក្រុមហ៊ុន អូស៊ីអាយស៊ី បើក​វេទិកា​សាធារណៈ​ពិគ្រោះ​យោបល់ ដើម្បី​ឲ្យ​ការ​ដោះស្រាយ​អាច​ទទួល​យក​បាន​ទាំង​សង​ខាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។