គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ប្រជាពលរដ្ឋ ៣សង្កាត់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យរក្សាការពារដី និងសុំបញ្ឈប់សកម្មភាពក្រុមហ៊ុនដែលពន្លិចយកដីរបស់ពួកគាត់។
នៅក្នុងកិច្ចពិភាក្សារកដំណោះស្រាយជាច្រើនម៉ោង អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានសុំឲ្យអាជ្ញាធរសង្កាត់ ចុះវាស់ដីប្រជាពលរដ្ឋក្នុងភូមិចាស់ទាំងអស់ក្នុងខណ្ឌនេះ ដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍក្រុងរណបជ្រោយចង្វារ។
លោក ឃ្លាំង ហួត សន្យាចំពោះមុខពលរដ្ឋដែលមានដីជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍក្រុងរណបជ្រោយចង្វារ ដែលក្រុមហ៊ុន អូស៊ីអាយស៊ី បូមខ្សាច់ពន្លិចដំណាំនោះថា មិនអាចឲ្យក្រុមហ៊ុននោះរំលោភយកដីពលរដ្ឋក្នុងអាណត្តិគាត់ជាអភិបាលខណ្ឌនេះបានទេ៖ «ទាំងអ្នកក្រៅស្រុកក្នុងស្រុក គឺថាមិនបាច់ទៅហែញត្តិទៅហែអីទេ ហែមកត្រឹមតែ ឃ្លាំង ហួត នេះបានហើយ ខ្ញុំធានាថាគ្មានអំពើហិង្សា គ្មានការរំលោភបំពានណាមួយដាច់ខាតនៅទីនេះ គ្មានកងកម្លាំងគ្មានគ្រឿងចក្រណាមួយមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជន»។
ប្រជាពលរដ្ឋម្ចាស់ដីនៅមានចម្ងល់ បានចោទសួរទៅអាជ្ញាធរ អំពីដីនៅជាប់មាត់ទន្លេ តើគាត់ទទួលបានកម្មសិទ្ធិឬទេ និងអាចសង់ផ្ទះរស់នៅបានវិញឬអត់ ជាដើម។ លោក ឃ្លាំង ហួត បំភ្លឺថា ពលរដ្ឋអាចសង់បាន ប៉ុន្តែដីមាត់ទន្លេ បើសង់ផ្ទះ គួរទុកផ្លូវសម្រាប់ធ្វើដំណើរឲ្យធំទូលាយ។ អាជ្ញាធរនឹងជូនដំណឹង ថាត្រូវទុកទទឹងផ្លូវនោះប៉ុណ្ណាៗពេលក្រោយ៖ «នេះជំហរខ្ញុំ គឺអ៊ីចឹង ហៅភូមិបាលចុះមកវាស់ធ្វើទាំងយប់ទាំងថ្ងៃ មានយុវជនស្ម័គ្រចិត្តអីជួយវាស់ជួយវែង និងអ្នកស្រុកទៅជួយវាស់ធ្វើកម្មសិទ្ធិលើកផ្លូវតែមានបញ្ហាមួយ ដែលសុំនៅភូមិចាស់នេះ វាមានភាពស្មុគស្មាញ ផ្លូវវាតូចដោយសារតែពីដូនពីតាយើងកន្លងមក គាត់មានឡានឯណាជិះ ជិះតែកង់អ៊ីចឹង មានតែមួយទេដែលខ្ញុំសុំ សុំឲ្យផ្លូវត្រូវតែរីកធំបន្តិច។ ឧទាហរណ៍បើផ្លូវ ១,៥ម៉ែត្រ ត្រូវបាន ៣ម៉ែត្រ ដើម្បីឡានទឹកចូល ឡានសង្គ្រោះចូល កុំយកតម្រាប់តាមសង្កាត់ទួលសង្កែ ហើយនិងទឹកថ្លា អូរបែកក្អម អត់មានផ្លូវទេ វេទនាណាស់ ដល់វេទនា អ្នកដែលរស់នៅទីនេះអត់មានអ្នកណាមកវេទនាជាមួយយើងទេ នេះផ្លូវនេះក៏ត្រូវដែលត្រូវពង្រីកហើយ»។
តំណាងប្រជាពលរដ្ឋភូមិដើមគរ និងជាម្ចាស់ដើមបណ្ដឹងមួយរូប លោក ជា សុផាត ឲ្យដឹងថា ការដោះស្រាយរបស់អាជ្ញាធរនេះ គ្រាន់តែពន្លត់ការខឹងសម្បាររបស់ម្ចាស់ដីច្រើនហិកតារ ដែលក្រុមហ៊ុន អូស៊ីអាយស៊ី បង្ខំបូមខ្សាច់ចាក់លុបបំបាត់ភស្តុតាងព្រំដី រួចបន្ថោកតម្លៃដី ដែលក្នុង១ម៉ែត្រការ៉េ ឲ្យតែ ៣ ទៅ ៤ដុល្លារនោះ កុំឲ្យពលរដ្ឋប្ដឹងតវ៉ាទៅតុលាការ ឬតវ៉ាដូចអ្នកភូមិបឹងកក់ បុរីកីឡា ជាដើម។ លោកថា ក្រោយពីតុលាការសាលាដំបូង និងសាលាឧទ្ធរណ៍ ច្រានចោលការស្នើសុំរក្សាការពារដីមក ពួកគាត់នឹងបន្តដាក់ពាក្យសុំអន្តរាគមន៍ទៅស្ថាប័នផ្សេងៗទៀត ដូចជា សហគមន៍អឺរ៉ុប ស្ថានទូតម្ចាស់ជំនួយ និងធនាគារផ្សេងៗ៖ «សំឡេង»។
លោកស្រី សេន ស្រីនុប ជនជាតិចាម ឲ្យដឹងថា ពួកគាត់មិនចង់តវ៉ាទេ ប៉ុន្តែសកម្មភាពបូមដីចាក់លុបយកដីគាត់នៅមាត់ទន្លេ ហាក់ដូចរំលោភយកស្រស់ៗ ទើបគាត់តវ៉ាដោយសន្តិវិធី៖ «ឥឡូវនេះរឿងឈូសឆាយ សុំឲ្យឈប់ទាំងអស់ បើសិនជាយើងចរចាត្រូវ ចាំយើងឈូសឆាយធ្វើ បើសិនជាប្រជាជនធ្វើល្អប៉ុណ្ណឹងហើយ យើងគួរណាស់អាណិតឲ្យច្រើនបន្តិចទៅ ពីព្រោះធ្វើអីក៏ដោយក្រុមហ៊ុន ធ្វើទីណាក៏ដោយមានប្រជាជន គឺល្អ បើសិនជាអត់ប្រជាជន គាត់អត់សប្បាយដែរ»។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ប្រាប់ឲ្យប្រជាពលរដ្ឋដែលមានចម្ងល់ពីបញ្ហាតម្លៃដី ទៅចរចាជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី។ លោកឲ្យដឹងថា តំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ពីដំបូង គឺស្នើដោយក្រុមហ៊ុនប្រទេសម៉ាឡេស៊ី ឈ្មោះសាន់វ៉េ សុំវិនិយោគលើផ្ទៃដីប្រមាណជាង ៤០០ហិកតារ។ ប៉ុន្តែក្រោយមក សាលារាជធានីភ្នំពេញ បានផ្ទេរការវិនិយោគឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី វិនិយោគវិញ ហើយសាលារាជធានីភ្នំពេញ បានយកថវិកាពីក្រុមហ៊ុនទៅសង់ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាសពេទ្យលោកសង្ឃ ជាដើម។ លោកបន្តថា ក្រុមហ៊ុន អូស៊ីអាយស៊ី ពេលនេះ វិនិយោគទំហំដីតែ ៣៨៧ហិកតារទេ ព្រោះមានភូមិចាស់ជាច្រើនដែលតម្រូវឲ្យក្រុមហ៊ុនឆ្វៀលចេញពីតំបន់អភិវឌ្ឍន៍នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
