អ្នកភូមិឡពាង ដែលមានវិបត្តិដីធ្លីអស់រយៈពេលជាង ១០ឆ្នាំ ជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី កំពុងស្រែករកជំនួយសប្បុរសធម៌ និងសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយដោះស្រាយបញ្ចប់បញ្ហា ខណៈដែលជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ដុនដាបខ្លាំង។
ប្រជាពលរដ្ឋម្នាក់ អ្នកស្រី ឈិត ខន មានប្រសាសន៍ថា ដីស្រែចម្ការ គឺជាឆ្នាំងបាយ និងជាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា សព្វថ្ងៃអ្នកភូមិដែលមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ភាគច្រើនបានចាប់យកមុខរបរមិនពិតប្រាកដ ដូចជា ដើរស៊ីឈ្នួលច្រូតស្រូវគេ កាប់គាស់គល់ ឬដី និងដេរស្លឹកកណ្ដបលក់ជាដើម ដើម្បីយកប្រាក់មកទិញអង្ករហូបប្រចាំថ្ងៃ៖ «ទាល់តែយើងទៅធ្វើខ្ញុំគេ មួយថ្ងៃបានហូបទៅ ខ្ញុំអត់ចង់អ៊ីចឹងទេ ខ្ញុំចង់បានហូបដូចខ្ញុំពីដើម។ ចា៎! ទោះបីពីដើមខ្ញុំខ្វះខាតក៏អត់ដល់ប៉ុណ្ណឹងដែរ ខ្ញុំខ្វះខាតតិចតួច តែនេះខ្វះខាត១ខែទល់មួយខែហើយ។ រាល់ថ្ងៃខ្ញុំចង់តែបានដីខ្ញុំមកវិញទេ អ៊ីចឹងបានខ្ញុំអំពាវនាវឲ្យរដ្ឋាភិបាល គ្រប់អង្គការ ដើម្បីជួយប្រជាជន ខ្ញុំសុំបានតែដីវិញចុះ ព្រោះអីពិបាកណាស់រាល់ថ្ងៃ»។
ក្រុមអ្នកភូមិបញ្ជាក់ថា បន្ទាប់ពីបាត់បង់ដីសម្រាប់បង្កបង្កើនផល មានប្រជាពលរដ្ឋជាច្រើននាក់ទទួលរងនូវការរើសអើង និងស្គាល់តែភាពឈឺចាប់ ដូចជា ការងាររោងចក្រ និងការងារគ្រាន់បើមួយចំនួនទៀត មិនត្រូវបានគេអនុញ្ញាតឲ្យចូលធ្វើឡើយ ប្រសិនបើគេដឹងថាអ្នកនោះ គឺជាអ្នកភូមិឡពាង។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ខាងលោកនៅមិនទាន់បានឮពីបញ្ហាជីវភាព ឬភាពបន្ទាន់ណាមួយរបស់ប្រជាពលរដ្ឋឡើយ ហើយប្រសិនបើមានករណីដូចការលើកឡើងមែននោះ ខាងអាជ្ញាធរស្រុក ឬឃុំ នឹងបញ្ចេញថវិការបស់ខ្លួនសម្រាប់ជួយដល់ពួកគាត់។ ចំណែកបញ្ហាដីធ្លី អាជ្ញាធរបានជំរុញឲ្យភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ជួបពិភាក្សាគ្នារកដំណោះស្រាយ ហើយលទ្ធផលទទួលបានកម្រិតណានោះ ខាងលោកនៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយរង់ចាំព័ត៌មានបន្ថែមពីខាងអាជ្ញាធរឃុំ៖ «កន្លងទៅនេះ កាកបាទក្រហម បានជួយដល់ទៅ ៣៤៥គ្រួសារ មកពីឃុំ៤។ ឃុំតាជេស ហ្នឹង មានតើ ប៉ុន្តែខ្ញុំអត់ដឹងថា តើការបែងចែកហ្នឹងយ៉ាងម៉េចណា ព្រោះអីខ្ញុំគ្រាន់តែក្ដាប់ចំនួនរួមរបស់ឃុំមួយៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេឃុំតាជេស លោក សួស ស៊ីផៃ និងតំណាងភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី ដើម្បីជម្រាបសួរអំពីដំណើរការនៃកិច្ចពិភាក្សារកដំណោះស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែមករា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា ថ្លែងថា ដើម្បីរំដោះអ្នកភូមិឡពាង ឲ្យរួចផុតពីភាពក្រីក្របាន លុះត្រាតែរាជរដ្ឋាភិបាលជំរុញឲ្យមានការដោះស្រាយបញ្ចប់នូវវិបត្តិដីធ្លីពួកគាត់ឲ្យបានឆាប់។ ក្រៅពីនេះ រាជរដ្ឋាភិបាលគួរតែពិចារណា និងផ្ដល់ដីសម្បទានសង្គមកិច្ចបន្ថែមទៀតដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដើម្បីរស់នៅ និងបង្កបង្កើនផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
