ភាគី​មាន​ជម្លោះ​ដីធ្លី​នៅ​កំពង់ឆ្នាំង​នឹង​រួម​គ្នា​បង្កើត​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ដីធ្លី

ជំនួប​ក្រៅ​ផ្លូវ​ការ​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​ជំទាវ ជា ខេង ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ ដើម្បី​ពិភាក្សា​ទម្លុះ​ភាព​ទាល់ច្រក​នៃ​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ឡពាង បាន​កើត​មាន​ជា​លើក​ទី​១ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ ក្រោយ​ពី​ជំនួប​នេះ ភាគី​ទាំង​បី​បាន​ប្ដេជ្ញា​បង្កើត​គណៈកម្មការ​មួយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ប្រវត្តិ និង​ផ្ទៃ​ដី​ពិត​ប្រាកដ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​កាន់​កាប់។

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ជំនឿ​ច្រើន​លើ​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ឡពាង ក្នុង​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្រោយ​ជំនួប​ក្រៅ​ផ្លូវ​ការ​អស់​រយៈពេល​ជាង ៣​ម៉ោង។ ភាគី​ក្រុមហ៊ុន​បញ្ជាក់​ថា ប្រសិន​បើ​ដំណើរ​ការ​នៃ​ការ​ដោះស្រាយ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​នោះ រឿង​ក្ដីក្ដាំ​ដែល​កំពុង​តែ​ដំណើរ​ការ​នៅ​ប្រព័ន្ធ​តុលាការ​នឹង​ត្រូវ​បញ្ចប់។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ចគា មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ ភាគី​ទាំងអស់​បាន​លើក​ឡើង​នូវ​នីតិវិធី​ផ្សេងៗ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា។ ក្នុង​នោះ ភាគី​ក្រុមហ៊ុន​បាន​ប្ដេជ្ញា​ថា នឹង​ស្នើ​សុំ​ទៅ​សាលា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​ពី​តំណាង​ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជ្ញាធរ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ «ខ្ញុំ​សង្ឃឹម​ថា វា​នឹង​កើត​ឆាប់ៗ​នេះ ពីព្រោះ​ជំទាវ​លោក​ក៏​មិន​ចង់​ឲ្យ​រឿង​នៅ​វែង​ឆ្ងាយ មិន​ចង់​ឲ្យ​គេ​យក​អា​រឿង​ហ្នឹង​ទៅ​វាយ​ប្រហារ​ទៅ​លើ​លោក​ដែរ។ កន្លង​មក និយាយ​ឲ្យ​ចំ ភាគី​អត់​មាន​ដែល​បាន​ជួប​ជជែក​គ្នា​ទេ។ ភាគី​ក្រុមហ៊ុន​ហ្នឹង​ហាក់​មិន​ចង់​បាន​យោបល់​ពី​ខាង​ណា​ឲ្យ​ច្បាស់​លាស់ ទើប​ឥឡូវ​នេះ​លោក​ពិភាក្សា​ជាមួយ អិន.ជី.អូ (NGO) ទៅ​ឃើញ​ថា ដំណោះស្រាយ​មាន​តែ​ផ្លូវ​នេះ​ទេ​ដែល​ល្អ»

នៅ​ពេល​សុំ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី តំណាង​ភាគី​ក្រុមហ៊ុន លោក ថៃ ហ៊ី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា មេ​ឃុំ​តាជេស លោក សួស ស៊ីផៃ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​បាន​ចូល​រួម​ស្ដាប់​កិច្ច​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ឡពាង នេះ​ដែរ ក៏ប៉ុន្តែ​ខាង​អាជ្ញាធរ​មិន​ទាន់​បាន​ធ្វើ​អ្វី ហើយ​ក៏​មិន​ដឹង​ថា​នឹង​ធ្វើ​អ្វី​នៅ​ឡើយ​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ៖ «ឥឡូវ​ហ្នឹង​និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​និយាយ​តែ​មួយ​ម៉ាត់​ទៀត​ទេ​ណា។ ខ្ញុំ​មាន​រវល់​បន្តិច គឺ​អត់​ទាន់​បាន​ធ្វើ​អ្វី​នៅ​ឡើយ អ៊ីចឹង​បាន​ន័យ​ថា គ្មាន​សេចក្ដី​រាយការណ៍»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា គណៈកម្មការ គឺ​បង្កើត​ឡើង​ដើម្បី​ចុះ​ស្រាវជ្រាវ​រក​ភាព​ត្រឹមត្រូវ និង​ច្បាស់​លាស់​ទៅ​លើ​បញ្ហា​ទាំងអស់ ក៏ប៉ុន្តែ​បើ​ភាគី​ណា​មួយ​មិន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ គណៈកម្មការ​ដែល​បាន​បង្កើត​ឡើង​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ៖ «តាម​ពិត​ទៅ បើ​យើង​និយាយ​ពី​នីតិវិធី វា​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ទេ ប៉ុន្តែ​បើ​ភាគី​ទាំង​ពីរ​មាន​បំណង​ចង់​ដោះស្រាយ​តាម​របៀប​ហ្នឹង អា​ហ្នឹង​យើង​ក៏​អាច​ធ្វើ​បាន គ្រាន់​ថា​យើង​ទៅ​បង្កើត​គណៈកម្មការ​អី ព្រោះ​អា​ហ្នឹង​រឿង​កំពុង​តែ​ដោះស្រាយ​នៅ​តុលាការ មាន​ន័យ​ថា វា​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​តុលាការ»

សរុប​ជា​រួម ទំនាស់​ដីធ្លី​នៅ​ក្នុង​ភូមិ​ឡពាង មាន​រយៈពេល ១៣​ឆ្នាំ​ហើយ។ ប៉ុន្តែ វិវាទ​ដីធ្លី​រយៈពេល​ពិត​ប្រាកដ​រវាង​អ្នក​ភូមិ​ឡពាង ជា​មួយ​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោក​ជំទាវ ជា ខេង គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល ៧​ឆ្នាំ។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ចំនួន ៥២​គ្រួសារ នៅ​មិន​ទាន់​ដោះស្រាយ​ចប់។ ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់ៗ នៅ​គ្រា​ដែល​ជីវភាព​របស់​ពួក​គាត់​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។