តំណាង​សហគមន៍​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង​ប្រតិកម្ម​នឹង​អាជ្ញាធរ​និង​អ្នក​រំលោភ​កាន់​កាប់​ដី​រដ្ឋ

0:00 / 0:00

តំណាង​សហគមន៍​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​នឹង​មន្ត្រី​យោធា និង​អាជ្ញាធរ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ជុំវិញ​ការ​បកស្រាយ​រឿង​បទល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ។ ការ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ដី​ព្រៃ​ប្រមាណ ១០០​ហិកតារ​នៅ​ចំណុច​ខ្លុង​រលើង នៃ​ភូមិ​អញ្ចាញរូង ត្រូវ​ពលរដ្ឋ​ជួល​គ្រឿងចក្រ​ឈូស​ឆាយ ប៉ុន្តែ​មេ​ឃុំ និង​មន្ត្រី​យោធា ថា​ដី​នោះ​ជា​កម្មសិទ្ធិ​ឯកជន។

តំណាង​សហគមន៍​ព្រៃ​ឈើ​ស្ទឹង​ខ្សាច់​ស នៃ​ឃុំ​អញ្ចាញរូង ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សម្ដី​របស់​មេ​ឃុំ និង​មន្ត្រី​យោធា​ម្នាក់ ដែល​ថ្លែង​តាម​រយៈ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ដី​ដែល​បាន​ឈូស​ឆាយ​នោះ​ជា​ដី​ពលរដ្ឋ​មាន​លិខិត​កាន់​កាប់​ត្រឹមត្រូវ។ ប៉ុន្តែ​តំណាង​សហគមន៍​បញ្ជាក់​ថា ទីតាំង​ដី​ឈូស​នោះ គឺ​ជា​ដី​ព្រៃ​សុទ្ធ សូម្បី​ក្រុម​និស្សិត និង​មន្ត្រី​សុរិយោដី ក៏​មិន​វាស់​ចេញ​ប្លង់​កម្មសិទ្ធិ​ឯកជន​ដែរ។

តំណាង​សហគមន៍ លោកស្រី ប៉ិញ អាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា មេ​ឃុំ​អញ្ចាញរូង និង​មន្ត្រី​យោធា​ឈ្មោះ មាស សារ៉េត ដែល​ដឹក​នាំ​កម្លាំង​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ បាន​និយាយ​ភូត​កុហក​សាធារណជន ទាក់ទង​នឹង​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី។ លោកស្រី​ចង់​ឲ្យ​អាជ្ញាធរ ឬ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ សម្រួល​ដល់​សហគមន៍​បាន​បោះ​បង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​សហគមន៍​ចំនួន ៩០​ដើម ដើម្បី​បញ្ចប់​ការ​ប្រទាញប្រទង់​ដី​នេះ៖ « សុរិយោដី​ដែល​វាស់វែង​ជា​លក្ខណៈ​ប្រព័ន្ធ​ហ្នឹង គេ​ដាក់​ឋិត​នៅ​ក្នុង​ព្រៃ​សហគមន៍ ហើយ​មួយ​ទៀត​នៅ​កន្លែង​ហ្នឹង​ក៏​អត់​មាន​វាស់​ឲ្យ​ពលរដ្ឋ​ដែរ។ មក​និយាយ​ថា​ដី​ហ្នឹង​មាន​ប័ណ្ណ ពេល​ដាំ​កូន​ឈើ​ដែល​សហគមន៍​ទៅ គាត់​ទៅ​ចូលរួម​ដែរ។ អ៊ីចឹង​ឲ្យ​គាត់​មុន​នឹង​ឆ្លើយ ឲ្យ​ពិចារណា​ឲ្យ​បាន​ដិតដល់​ផង »

មេ​ឃុំ​អញ្ចាញរូង ធ្លាប់​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​តំណាង​សហគមន៍​ថា ដី​ដែល​ឈូស​នៅ​ចំណុច​ខ្លុង​រលើង គឺ​ជា​ដី​កម្មសិទ្ធិ​ឯកជន​មាន​លិខិត​កាន់​កាប់​ទទួល​ស្គាល់​ដោយ​មេ​ឃុំ​ចាស់។ ចំណែក​មន្ត្រី​យោធា លោក មាស សារ៉េត ឆ្លើយ​ថា ទីតាំង​ដី​ដែល​លោក​ស៊ី​ឈ្នួល​ឈូស​ឆាយ​នោះ មាន​ពលរដ្ឋ​ម្ចាស់​ដី​ឈរ​ចាំ​ចង្អុល​បង្ហាញ​ឲ្យ​ឈូស ហើយ​មាន​លិខិត​កាន់​កាប់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៩៩ និង​ខ្លះ​ឆ្នាំ​២០០៨។

បន្ថែម​លើ​នេះ មេ​ឃុំ​អញ្ចាញរូង លោក ប្លង់ វ៉ាត ថា​លោក​មិន​ទាន់​អាច​ឲ្យ​សហគមន៍​បោះ​បង្គោល​កំណត់​ព្រំប្រទល់​សហគមន៍​នៅ​ឡើយ​ទេ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​វែង​ឆ្ងាយ។ លោក​ទទួល​ស្គាល់​ថា ដី​នៅ​តំបន់​ដែល​មាន​ព្រំប្រទល់​បី​ស្រុក គឺ​ស្រុក​បរិបូរណ៍ ស្រុក​រលាប្អៀរ និង​ស្រុក​ទឹកផុស នេះ ខាង​ជំនាញ​មិន​ទាន់​វាស់​មែន ដោយសារ​មាន​ពលរដ្ឋ​ងើប​តវ៉ា​ពាក់ព័ន្ធ​នឹង​ព្រៃ​សហគមន៍ ហើយ​លោក​ក៏​ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផ្ទៃដី និង​វាស់​បែង​ចែក​ឲ្យ​បាន​ច្បាស់លាស់៖ « គេ​ចាប់​វាស់ ប៉ុន្តែ​អត់​វាស់​អា​តំបន់​ហ្នឹង ប្រជាជន​ទទូច ហើយ​ខ្ញុំ​ក៏​សំណូមពរ​តាម​រយៈ​ធ្វើ​វេទិកា ចំពោះ​ឯកឧត្ដម​មក​ពី​ថ្នាក់​ខេត្ត​អី ចេះ​តែ​សំណូមពរ តែ​អត់​ទាន់​ចេញ​សេចក្ដី​សម្រេច​នៅ​ឡើយ។ ចង់​បាន​ញែក​ឲ្យ​ដាច់​ព្រៃ​សហគមន៍​ប៉ុណ្ណា សល់​ពី​ហ្នឹង​ចែក​ប្រជាជន។ ខ្ញុំ​ចង់​សំណូមពរ​ត្រង់​ហ្នឹង​ប្អូន។ ស្រួល​ខ្ញុំ​អាណត្តិ​ទី​៣ ទី​៤ ទៀត វា​ចេះ​តែ​ស្រួល​ថា​ដី​តំបន់​នេះ​ចប់​សព្វគ្រប់​ហើយ »

សហគមន៍​ព្រៃ​ឈើ​ស្ទឹង​ខ្សាច់​ស ដែល​មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ (១.៤៥៩,៥៧​ហិកតារ) មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​កសិកម្ម នៅ​ឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​រដ្ឋបាល​ព្រៃ​ឈើ បាន​ទទួល​ស្គាល់​សហគមន៍​នេះ​រួច​ហើយ។ ផ្ទៃដី​សហគមន៍ លំបាក​គ្រប់គ្រង​ដោយសារ​ជន​ខិលខូច​រំលោភ​យក ថែម​ទាំង​ឈូស​រំលើង​ទាំង​កូន​ឈើ​ធ្នង់ បេង និង​គគីរ ដែល​ប្រជា​សហគមន៍​នាំ​គ្នា​ដាំ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។