ក្រុមហ៊ុន​ខេ.ឌី.ស៊ី​បន្ថែម​កម្លាំង​កម្មករ​នៅ​លើ​ដី​មាន​ទំនាស់​ជាមួយ​អ្នក​ភូមិ​ឡពាង

ដោយ ជិន ជេដ្ឋា
2014.07.11
ជម្លោះ​ដី ឡពាង ៦១០ សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​កម្មករ​ក្រុមហ៊ុន ខេ.ឌី.ស៊ី នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha

ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​បន្ថែម​កម្លាំង​កម្មករ​ដើម្បី​ពន្លឿន​ការ​ឈូស​ឆាយ និង​ធ្វើ​របង បើ​ទោះ​បី​ជា​ក្រសួង​យុត្តិធម៌ ចេញ​លិខិត​អន្តរាគមន៍​មួយ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ចំពោះ​ការ​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​របង​រំលោភ​យក​ដី​លំនៅឋាន និង​ដី​ស្រែ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ឃុំ​តាជេស ខេត្ត​កំពង់ឆ្នាំង។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន​បាន​កើន​ឡើង​រាប់​រយ​នាក់ ដោយ​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​មួយ​ក្រុម​អនុវត្ត​ការងារ និង​មួយ​ក្រុម​ទៀត​រង់ចាំ​ទប់ទល់​នឹង​កម្លាំង​តវ៉ា​របស់​ប្រជាពលរដ្ឋ។ ចំណែក​កម្លាំង​សមត្ថកិច្ច នៅ​តែ​រក្សា​កម្លាំង​ដដែល ដើម្បី​ប៉ុនប៉ង​តាម​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​ឈ្មោះ សៀង ហេង ឈ្មោះ ស្ងួន ញឿន និង​រូប​អ្នកស្រី​ផ្ទាល់៖ «ខ្ញុំ​យល់​ឃើញ​ក្រសួង​យុត្តិធម៌ និង​ប្រព័ន្ធ​តុលាការ គឺ​តូច​ជាង​ក្រុមហ៊ុន​ទៀត ឃើញ​ក្រដាស​ក្រសួង​យុត្តិធម៌ បញ្ជា​ទៅ​តុលាការ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ផ្អាក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​ផ្អាក អ៊ីចឹង​បាន​ន័យ គឺ​មាន​សិទ្ធិ​អំណាច​ធំ​ខ្លាំង​ណាស់ ធំ​ជាង​តុលាការ ធំ​ជាង​ក្រសួង​យុត្តិធម៌ ទៀត។ អ៊ីចឹង​បាន​ន័យ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​បំពាន​លើ​ច្បាប់​តែ​ម្ដង»

តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា។ ចំណែក​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក តេង រតនា ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង លោក យូ ទិត្យវឌ្ឍនៈ ថ្លែង​ថា ខាង​លោក​បាន​ទទួល​លិខិត​របស់​ក្រសួង​យុត្តិធម៌ នេះ​ហើយ ប៉ុន្តែ​មិន​អាច​អន្តរាគមន៍​បាន ដោយ​លោក​ប្រាប់​ថា សំណុំ​រឿង​ទាំងអស់​ទាក់ទង​ករណី​ដីធ្លី​នេះ មិន​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​អយ្យការ​របស់​លោក​នោះ​ទេ។

លិខិត​អន្តរាគមន៍​លេខ​៩៥៨ ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា របស់​ក្រសួង​យុត្តិធម៌ ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ស្នើសុំ​អន្តរាគមន៍​របស់​តំណាង​ពលរដ្ឋ​ចំនួន ៨៩​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​បង្គាប់​ឲ្យ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង អោយ​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​សំណើ​សុំ​បញ្ឈប់​សកម្មភាព​ធ្វើ​របង​របស់​ក្រុមហ៊ុន ដែល​ដឹក​នាំ​ដោយ លោកស្រី ជា ខេង ពីព្រោះ​ក្រសួង​ពិនិត្យ​ឃើញ​ថា សំណុំ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង នៅ​ឡើយ។

តំណាង​អ្នក​ភូមិ​អះអាង​ថា តាំង​ពី​ឆ្នាំ​២០០៧ មក អ្នក​ភូមិ​បាន​ប្ដឹង​រឿង​ព្រហ្មទណ្ឌ​ចំនួន ៨៦​បណ្ដឹង និង​រឿង​រដ្ឋប្បវេណី​ចំនួន ២២​បណ្ដឹង ចូល​តុលាការ​ខេត្ត​កំពង់ឆ្នាំង។ ចំណែក​សំណុំ​រឿង​រដ្ឋប្បវេណី​ចំនួន ២​បណ្ដឹង​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។