មន្ត្រី​បក្ស​ប្រឆាំង​ព្រមាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ចោទ​រឿង​លក់​ដី​ព្រៃ

0:00 / 0:00

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ប្ដឹង​មេ​ភូមិ​ត្រដក់ពង មេ​ឃុំ​ខ្នារឆ្មារ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​លក់​ដី​ព្រៃ​របស់​រដ្ឋ។ ចំណែក​អាជ្ញាធរ​វិញ​អះអាង​ថា ដី​ព្រៃ​នេះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ជា​សមូហភាព​របស់​ប្រជាពលរដ្ឋ​ភូមិ​ត្រដក់ពង ហើយ​ការ​លក់​ដូរ​នោះ ក៏​ជា​ការ​ស្រុះស្រួល​គ្នា​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែរ។

ភាព​មិន​ច្បាស់លាស់​លើ​ការ​គ្រប់គ្រង​ដី​ព្រៃ​គីឡូ​ទំហំ ៧២​ហិកតារ ឋិត​នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ នាំ​ឲ្យ​ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន​ខិលខូច​ខ្លះ ប្រើ​រូបភាព​ផ្សេងៗ​ដើម្បី​រំលោភ​យក​ដី​នោះ។ សារ​ព្រមាន​ប្ដឹង​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​លក់​ដី​ព្រៃ​ទៅ​តុលាការ គឺ​បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​រក​ឃើញ​កិច្ចសន្យា​ទិញ​លក់​ដី​របស់​ពលរដ្ឋ​ចំនួន ២២​ច្បាប់ ដែល​មាន​ចុះ​ហត្ថលេខា​បញ្ជាក់​ពី​មេ​ភូមិ និង​មេ​ឃុំ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ដ្រា ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ថា រូប​លោក​ធ្លាប់​លើក​បញ្ហា​នេះ​មក​ជជែក​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា ប៉ុន្តែ​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ភូមិ​រហូត​ដល់​ខេត្ត ប្រកែក​ថា​អត់​ដឹង​រឿង ហើយ​ទម្លាក់​កំហុស​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​ថា​ជា​អ្នក​លក់​ដី​ព្រៃ។ លោក​ថា នឹង​សើរើ​រឿង​នេះ ដោយ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ផ្ដន្ទាទោស​ជនល្មើស និង​រក្សា​ដី​នោះ​ទុក​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​ឡើង​វិញ៖ «យើង​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​លក់​ដី​ព្រៃ​គីឡូ ដោយ​មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​ដោយ លោក ទា កុំ ជា​មេ​ឃុំ​ខ្នារឆ្មារ។ ដូច្នេះ យើង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ​នេះ។ តុលាការ​សព្វថ្ងៃ​នេះ គឺ​ជា​តុលាការ​មួយ​ដែល​បម្រើ​ប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជន តែ​សង្ឃឹម​ថា​ថ្ងៃ​មុខ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នឹង​សើរើ​រឿង​នេះ​ឡើង​វិញ»

ដី​ព្រៃ​គីឡូ គឺ​ឋិត​នៅ​ភូមិ​ត្រដក់ពង ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ ដី​នេះ​ត្រូវ​ពលរដ្ឋ​ចំនួន ៦​ភូមិ នៃ​ឃុំ​ខ្នារឆ្មារ ចាត់​ទុក​ជា​ដី​ព្រៃ​សហគមន៍ ហើយ​ចូល​ទៅ​អាស្រ័យ​ផល​ជាច្រើន​ជំនាន់​មក​ហើយ។ ជាក់ស្ដែង កាល​ពី​ឆ្នាំ​២០០៦ ក្រុម​ពលរដ្ឋ​នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើសុំ​ទុក​ដី​នេះ​ជា​ព្រៃ​សហគមន៍ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​លិខិត​ទទួល​ស្គាល់​ជា​ព្រៃ​សហគមន៍​ពី​ស្ថាប័ន​ណា​មួយ​នៅ​ឡើយ ខណៈ​ឈ្មួញ​កំពុង​ដាក់​កម្លាំង​កាប់​ព្រៃ ដោយ​សំអាង​ថា​បាន​ទិញ​ពី​ប្រជាពលរដ្ឋ។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ខ្នារឆ្មារ លោក ទា កុំ ថ្លែង​បញ្ជាក់​ថា ផ្ទៃ​ដី​ព្រៃ​ទំហំ​ជាង ៧០​ហិកតារ​នេះ មិន​មែន​ជា​គម្រប​ព្រៃ​ឈើ ឬ​បាន​កំណត់​ជា​ព្រៃ​សហគមន៍​នោះ​ទេ ប៉ុន្តែ​វា​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពលរដ្ឋ និង​មេ​ភូមិ​ត្រដក់ពង។ លោក​ថា អ្នក​ភូមិ​ត្រដក់ពង ជាង ៣០០​គ្រួសារ (៣៥០) បាន​ស្រុះស្រួល​គ្នា​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មួញ និង​មាន​អ្នក​ភូមិ​តែ ២០​គ្រួសារ​ប៉ុណ្ណោះ​ដែល​ជំទាស់៖ «ខ្ញុំ​សូម​បញ្ជាក់​ថា កន្លង​ទៅ​នេះ​មាន​ការ​ភ្ញាក់ផ្អើល​តែ​ភូមិ​ហ្នឹង (ភូមិ​ត្រដក់ពង) មួយ ដែល​មាន​ជន​មួយ​ចំនួន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា ហើយ​ឈ្មួញ​ក៏​នៅ​ក្នុង​ភូមិ​ហ្នឹង​ដែរ​ត្រូវរ៉ូវ​គ្នា​ទៅ ចេះ​តែ​នាំ​គ្នា​លក់​ដី។ ក្នុង​នេះ​ក៏​មិន​បាន​ដឹង​ឮ​ក្នុង​រឿង​ហ្នឹង​ដែរ​ពី​ដំបូង​មក ទើប​ក្រោយៗ​ទៀត​បាន​ខ្ញុំ​ទទួល​ស្គាល់»

ចំណែក​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់​ថា មន្ត្រី​គណបក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​លក់​ដូរ​ដី​ព្រៃ​នេះ អាច​យក​ជម្រើស​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ ប្រសើរ​ជាង​ប្ដឹង​ទៅ​គណៈកម្មការ​រដ្ឋបាល​ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​អាជ្ញាធរ​រដ្ឋបាល ឬ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ៖ «ដើម្បី​ឲ្យ​មាន​នីតិរដ្ឋ និង​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​នាំ​ខ្លួន​អ្នក​លក់ និង​អ្នក​ដែល​ផ្សំ​គំនិត​ក្នុង​ការ​លក់​នេះ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ឆ្នាំ​២០១៣ ក្រុម​ឈ្មួញ​បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​ដី​ព្រៃ​សហគមន៍​គីឡូ​ពី​អ្នក​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ ជិត ៤០០​គ្រួសារ (៣៧៨)។ ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព​ដើរ​ចែក​លុយ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ២០០​ដុល្លារ និង​គ្រួសារ​ខ្លះ​ទទួល​បាន ៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដី​ព្រៃ​គីឡូ​ទៅ​ឲ្យ​គេ។ ក្រោយ​មក ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​រៀបចំ​កិច្ចសន្យា​លក់​ផ្ដាច់​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។