តំណាងសហគមន៍ព្រៃឈើភ្នំព្រះធាតុ នៅខេត្តកំពង់ឆ្នាំង ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការចំពោះជនល្មើស ដែលបានកាប់រានដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ តំណាងសហគមន៍បញ្ជាក់ថា អ្នកដែលបំពានលើដីព្រៃសហគមន៍នោះ គឺជាសមត្ថកិច្ចប៉ូលិសក្នុងមូលដ្ឋាន ហើយអាជ្ញាធរភូមិឃុំ ហាក់មិនយកចិត្តទុកដាក់ទប់ស្កាត់ករណីនេះឡើយ។
តំណាងសហគមន៍ព្រៃឈើភ្នំព្រះធាតុ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដែលអះអាងថាខ្លួនត្រូវជនមិនស្គាល់មុខគំរាមសម្លាប់ចំនួនពីរលើក ដោយសារតែភាពសកម្មក្នុងកិច្ចការពារព្រៃឈើសហគមន៍នោះ បានស្នើឲ្យប្រមុខរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់សកម្មភាពរំលោភបំពានលើដីព្រៃសហគមន៍។ ការស្នើនេះ គឺបន្ទាប់ពីសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានជាច្រើនដង តែគ្មានប្រសិទ្ធភាព។
តំណាងសហគមន៍ លោក ប៊ុន យ៉ូន មានប្រសាសន៍នៅថ្ងៃទី៦ ខែវិច្ឆិកា ថា រយៈពេលជិត១ឆ្នាំមកហើយ ដែលប៉ូលិសក្នុងមូលដ្ឋានចំនួនពីរនាក់ គឺម្នាក់ឈ្មោះ ពៅ សំបូរ និងម្នាក់ទៀតឈ្មោះ អ៊ុក ឌី បានព្យាយាមកាប់រានដីព្រៃសហគមន៍កាន់កាប់ និងដាំដើមស្វាយជាច្រើនដើមនៅលើដីនោះទៀតផង។ ប្រជាពលរដ្ឋក្នុងឃុំពាម ដែលប្រើប្រាស់ដីព្រៃសហគមន៍នេះ បានត្រឹមតែខ្សឹបខ្សៀវគ្នាមិនពេញចិត្ដ និងជំរុញឲ្យលោកចេញមុខជួយទប់ស្កាត់។ លោកធ្លាប់ហាមឃាត់មិនឲ្យប៉ូលិសនោះកាប់រានដីព្រៃសហគមន៍ជាញឹកញយដែរ ប៉ុន្តែគេមិនស្ដាប់ ដោយសំអាងថាដីព្រៃនោះគេបានទិញស្របច្បាប់ ហើយថ្មីៗនេះគេបានស្ពាយកាំភ្លើងទៅតាម នៅពេលធ្វើសកម្មភាពកាប់រាន ឬដាំដើមឈើហូបផ្លែលើដីនោះ ទើបលោកមានការខ្លាចរអាក្នុងការទៅហាមឃាត់ទៀត៖ «មេឃុំក៏អត់ដោះស្រាយឲ្យខ្ញុំ ហើយស្រុកក៏អត់ តែមេឃុំហ្នឹងគេនិយាយគំរាមកំហែងខ្ញុំដែរថា អ្ហែង! កាត់ (ដី) ទៅឲ្យគេ (ប៉ូលិស) ទៅហើយ កុំប្រាប់ឲ្យប្រជាពលរដ្ឋឲ្យដឹងឲ្យឮថាសម្រេចលើខ្ញុំ (មេឃុំ)។ ហើយខ្ញុំថា ទេបើចង់ឲ្យដីទៅឈ្មោះ អ៊ុក បូរ ហ្នឹង ឲ្យពូឯងទៅប្រាប់ប្រជាពលរដ្ឋទាំង ៧ភូមិ អាហ្នឹងបានខ្ញុំសុខចិត្ដថា ឲ្យអាហ្នឹងខ្ញុំនិយាយខ្លួនខ្ញុំថាអ៊ីចឹងណាបង»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងប៉ូលិសឈ្មោះ ពៅ សំបូរ និងឈ្មោះ អ៊ុក ឌី ដើម្បីសុំការពន្យល់ចំពោះការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ ខែវិច្ឆិកា។
ប៉ុន្តែ មេឃុំពាម លោក យី ផេង ថ្លែងថា សកម្មភាពកាប់រានដីព្រៃ និងដាំឈើហូបផ្លែ ពិតជាមាននៅតំបន់នោះមែន ប៉ុន្តែលោកដឹងតាមរយៈមេភូមិថា ប៉ូលិសទាំងពីរនាក់នោះមានលិខិតស្នើសុំកាន់កាប់ដីតាំងពីជំនាន់មេឃុំចាស់មកម្ល៉េះ។
លោក យី ផេង បន្ថែមថា ផ្ទៃដី និងទីតាំងព្រំប្រទល់ដីព្រៃសហគមន៍ភ្នំព្រះធាតុ ហាក់នៅមិនច្បាស់លាស់ ទើបលំបាកឲ្យលោកកំណត់ថា ដីដែលប៉ូលិសកំពុងកាន់កាប់នោះនៅក្នុង ឬគ្រាន់តែស្ថិតនៅក្បែរដីព្រៃសហគមន៍។ ករណីនេះ លោកមិនទាន់បានរាយការណ៍ ឬស្នើសុំគោលការណ៍យ៉ាងណាទៅថ្នាក់ស្រុក និងខេត្ត ដើម្បីដោះស្រាយនៅឡើយទេ។ លោកដឹងថា បច្ចុប្បន្នអ្នកទាំងពីរមិនបានកាប់រានលើសប្លង់ ឬលិខិតស្នាមដែលខ្លួនមានខ្ទង់ក្រោម ១០ហិកតារក្នុងម្នាក់នោះទេ៖ «បាទ! អាហ្នឹងគេមានលិខិតគេសុំកាន់កាប់តាំងពីយូរមកហើយ ប៉ុន្តែពាក់ព័ន្ធអារឿងដីសហគមន៍ មិនដឹងគេរៀបចំយ៉ាងម៉េច ខ្ញុំវាធ្វើមេឃុំក្រោយដែរណា។ វានៅជាប់ត្រង់ហ្នឹងទៅគេដីគេ ដោយសារអ៊ីចឹងហើយ បានជាខ្ញុំអត់ដោះស្រាយអីណា ហើយគាត់ចេះតែចោទប្រកាន់អ៊ីចឹង ចេះតែចោទហើយ។ ព្រៃឈើហ្នឹងម្ខាងណោះគេថាធ្លាប់កាប់ ធ្លាប់ឆ្ការមកដែរលើដីដែលគេថាដីរបស់គេហ្នឹង»។
តំណាងសហគមន៍ និងអាជ្ញាធរឃុំពាម ឲ្យដឹងថា បច្ចុប្បន្នដីព្រៃសហគមន៍ភ្នំព្រះធាតុទំហំ ១៨២ហិកតារ ដែលពលរដ្ឋចំនួន ៧ភូមិក្នុងឃុំធ្លាប់ប្រើប្រាស់ ត្រូវប៉ូលិស និងពលរដ្ឋមួយចំនួនកាប់ទន្ទ្រានយកដី និងឈើស្ទើរគ្មានសល់។ ពួកគេចង់ឲ្យរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ជួយអភិរក្សដីព្រៃនៅតំបន់នោះឲ្យបានគង់វង្ស ដោយគេយល់ថា នាថ្ងៃអនាគត នៅតំបន់សហគមន៍ភ្នំព្រះធាតុ ឬវត្តភ្នំព្រះធាតុនេះ អាចក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬតំបន់ទេសចរណ៍ធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
