ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រឆាំងសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹក និងស្នើឲ្យអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ ដកហូតយកដីព្រៃលិចទឹកពីក្រុមអ្នកភូមិចំនួន ២៧គ្រួសារ ដែលកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
តំណាងពលរដ្ឋសម្រេចស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ជាថ្មីទៀត បន្ទាប់ពីដាក់លិខិតសុំអន្តរាគមន៍ជាច្រើនដងក្នុងករណីនេះទៅអាជ្ញាធរស្រុក និងខេត្តតាំងពីឆ្នាំ២០០៥ គ្មានដំណោះស្រាយ។ លើកនេះ តំណាងពលរដ្ឋបានស្នើឲ្យមន្ត្រីសិទ្ធិមនុស្សតាមដាន និងជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយទុក្ខកង្វល់ជូនពួកគាត់ឲ្យបានឆាប់។
ប្រជាពលរដ្ឋចំនួន ១៤៩គ្រួសារ នៅភូមិអូរតាសេក និងភូមិទ្រនាមពេជ្រ នៃឃុំគោកបន្ទាយ ប្រតិកម្មនឹងការសម្រេចរបស់អាជ្ញាធរ និងមន្ត្រីជំនាញជលផល ដែលមិនទុកដីព្រៃលិចទឹកទំហំ ២៤ហិកតារ តែបែរជាកាត់ដីព្រៃមិនលិចទឹកទំហំជាង ១៥ហិកតារ ទៅជាតំបន់អភិរក្សត្រីពងកូនទៅវិញ។ ពួកគេអះអាងថា អាជ្ញាធរ និងមន្ត្រីជំនាញ បានបណ្ដោយឲ្យអ្នកភូមិចំនួន ២៧គ្រួសារ កាប់ទន្ទ្រានយកដីធ្វើកសិកម្មប៉ះពាល់លើផ្ទៃដីទំហំ ២៤ហិកតារនោះ ដែលប្រជាពលរដ្ឋទាំងពីរភូមិកំពុងទាមទារយកមកដាក់ជាដីព្រៃលិចទឹកគ្រប់គ្រងដោយរដ្ឋវិញ។
តំណាងពលរដ្ឋម្នាក់ លោក លី មឿន មានប្រសាសន៍នៅថ្ងៃទី១៧ ខែវិច្ឆិកា ថា រូបលោក និងពលរដ្ឋជាង ១០០គ្រួសារទៀត នឹងតវ៉ាទាមទារដីព្រៃលិចទឹកនៅចំណុចកន្លែងឆ្ដោរអូសទូក និងចំណុចកំភរ ដែលជនល្មើសកំពុងកាន់កាប់នោះ មកធ្វើជាដីព្រៃអភិរក្សត្រីពងកូនវិញ។ លោកថា ចាប់តាំងពីឆ្នាំ២០០៥ មក ពលរដ្ឋបានដាក់ពាក្យបណ្ដឹងចូលទៅអាជ្ញាធរឃុំ ស្រុក និងខេត្ត ដើម្បីឲ្យជួយដោះស្រាយដែរ ប៉ុន្តែពុំមានលទ្ធផលដែលអាចទទួលយកបានសោះ រហូតមកដល់សព្វថ្ងៃ៖ «ដីហ្នឹងពីមុនមកមានព្រៃសុទ្ធតែម្ដងបង! ប៉ុន្តែជនល្មើស ២៧គ្រួសារ មកកាប់ទន្ទ្រានអស់ទៅធ្វើជាដីប្រាំង។ កាលពីមុនដែលព្រៃដុះនៅធំធាត់ព្រៃនៅច្រើន ជាជម្រកត្រីពង ជម្រកត្រីកូនសម្បូរត្រី ដល់ពេលឥឡូវ គាត់រុករានកាប់អស់ហើយមានព្រៃណាដែលត្រីនៅទៀត អត់មានកន្លែងជ្រកនៅបាន។ ឥឡូវខ្ញុំតំណាងឲ្យពលរដ្ឋចំនួន ១៤៩គ្រួសារ សូមឲ្យលោកអង្គការអាដហុក (adhoc) ជួយរក និងបំភ្លឺដំណោះស្រាយហ្នឹងផង»។
ចំណែកតំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី សុខ ផាន់ ថ្លែងបញ្ជាក់ថា នៅចំណុចកន្លែងឆ្ដោរអូសទូក និងចំណុចកំភរ គឺជាជង្រុកត្រីសាច់សម្រាប់អ្នកភូមិរស់នៅក្នុងឃុំគោកបន្ទាយ ពីព្រោះប្លុកទាំងបីនេះមានព្រែក និងដៃអូរហូរកាត់ ដែលនាំយកត្រីស្ទើរគ្រប់ប្រភេទចូលមកសម្ងំពងកូន ប៉ុន្តែក្រោយឆ្នាំ២០០៥ ជង្រុកត្រីនេះត្រូវបានបំផ្លាញជាបន្តបន្ទាប់ ដោយសារតែសកម្មភាពកាប់បំផ្លាញព្រៃលិចទឹក។ អ្នកស្រីរំឭកថា កន្លងទៅគ្រួសារអ្នកស្រី និងពលរដ្ឋក្នុងភូមិមួយចំនួនទៀត ធ្លាប់រកត្រីហូបគ្រប់គ្រាន់ និងសល់បានលក់យកប្រាក់គ្រាន់ដោះស្រាយជីវភាពគ្រួសារខ្លះទៀតផង៖ «កាលពីគេមិនទាន់កាប់គាស់ទន្ទ្រានព្រៃ កន្លែងហ្នឹងដាក់មងដាក់ទ្រូដាក់បានជាប់បានជានិច្ច ដូចជាត្រីឆ្លូញ ត្រីឆ្លាតអីក៏ដោយ ឲ្យតែដាក់បានតែម្ដង។ ដល់ពេលឥឡូវស្ងាត់ទាំងអស់ សូម្បីត្រីចង្វាធ្លាក់ភ្លៀងមួយមេធំ សឹងមិនបានហូបផង។ ពីដើមបានលក់ដូរដោះស្រាយក្នុងគ្រួសារស្រួល ដល់ពេលធ្លាក់ភ្លៀងមក ខ្ញុំយកទៅដាក់ទៅបានត្រីលក់ដូរដោះស្រាយគ្រួសាររបស់ខ្ញុំស្រួលដែរ ក្នុង១យប់បានបួនដប់ម៉ឺនអ៊ីចឹងដែរប្លុកត្រីតាមតាមដងអូរហ្នឹង»។
យោងតាមឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដីព្រៃរក្សាទុកនៅកន្លែងឆ្ដោរមានទំហំជិត ១០០ហិកតារ នៅឆ្នាំ២០០៥ លុះមកដល់ចុងឆ្នាំ២០១២ ដីព្រៃនេះត្រូវបានកាប់បំផ្លាញជិត ៣០ហិកតារ ហើយរហូតមកដល់ចុងឆ្នាំ២០១៤ នេះ ផ្ទៃដីព្រៃលិចទឹកនៅតំបន់នោះនៅសល់តែជាង ១៥ហិកតារ។ ដីព្រៃលិចទឹកនៅសេសសល់ចុងក្រោយនេះ ត្រូវអភិបាលខេត្តកំពង់ឆ្នាំង ចេញលិខិតបង្គាប់ការមួយដល់អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ចាប់ផ្ដើមវាស់វែង និងអភិរក្ស។
នៅក្នុងលិខិតបង្គាប់ការចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ របស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានចាត់ឲ្យអភិបាលរងខេត្ត លោក អ៊ុន សំអុល អតីតអភិបាលស្រុករលាប្អៀរ លោក ឈឹម វុទ្ធា និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត ចុះវាស់វែងបោះបង្គោលព្រំកំណត់ទំហំដីព្រៃលិចទឹកនៅចំណុចកន្លែងឆ្ដោរអូសទូក និងកន្លែងកំភរ ឋិតក្នុងភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រុមការងារចម្រុះថ្នាក់ខេត្តនេះ បានបញ្ចេញរបាយការណ៍របស់ខ្លួនចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បញ្ជាក់ថា ដីព្រៃលិចទឹកនៅចំណុចកន្លែងឆ្ដោរក្នុងភូមិអូរតាសេក នៅសល់ជាក់ស្ដែងចំនួនជាង ១៥ហិកតារ។ យោងតាមរបាយការណ៍នេះ គណៈអភិបាលខេត្តកំពង់ឆ្នាំង បានចាត់វិធានការឲ្យអាជ្ញាធរស្រុកមេឃុំ និងមេភូមិពាក់ព័ន្ធ រក្សាការពារ និងគ្រប់គ្រងដីព្រៃលិចទឹកដែលនៅសេសសល់នេះឲ្យបានគង់វង្ស។ ចំណែកខណ្ឌរដ្ឋបាលជលផល ត្រូវចុះបោះបង្គោលព្រំកំណត់ឲ្យបានច្បាស់លាស់ ដាក់ស្លាកសញ្ញាការពារដីព្រៃលិចទឹក និងចុះផ្សព្វផ្សាយដល់ពលរដ្ឋឲ្យបានដឹងពីតំបន់អភិរក្ស។
យ៉ាងណា ក្រុមពលរដ្ឋដែលកំពុងតវ៉ា ចាត់ទុករបាយការណ៍ ឬចំណាត់ការរបស់អាជ្ញាធរ ថាគ្មានយុត្តិធម៌ ដោយចុះវាស់វែងតែទៅលើដីព្រៃលិចទឹកនៅសល់តិចតួច ចំណែកផ្ទៃដីដែលអ្នកភូមិចំនួន ២៧គ្រួសារបាននាំគ្នាកាប់ទន្ទ្រានយកដោយខុសច្បាប់នោះ គឺគ្មានវិធានការអ្វីឡើយ។ ពួកគេចង់ឲ្យអាជ្ញាធរ ដកហូតផ្ទៃដីទំហំប្រមាណជា ៧៧ហិកតារ នៅចំណុចកំភរ អូសទូក និងផ្នែកខ្លះនៃកន្លែងឆ្ដោរ ឋិតនៅភូមិអូរតាសេក ដែលពលរដ្ឋទាំង ២៧គ្រួសារនោះបានកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិ មកទុកបម្រើឲ្យផលប្រយោជន៍សាធារណៈឡើងវិញ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្តចុះវាស់វែងដីព្រៃលិចទឹកនេះ គឺលោក អ៊ុន សំអុល បដិសេធថា លោកមិនបានដឹងច្បាស់ជុំវិញការងារនេះទេ ហើយលោកជំរុញឲ្យវិទ្យុអាស៊ីសេរី ទៅសួរខាងមន្ត្រីជំនាញជលផលវិញ។ ចំណែកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ថ្លែងបញ្ជាក់ថា ខាងលោកបានទទួលចំណាររបស់អភិបាលខេត្ត ដើម្បីពិនិត្យមើលឡើងវិញចំពោះការទាមទាររបស់ប្រជាពលរដ្ឋនេះ ប៉ុន្តែក្រុមការងារហ្នឹងត្រូវបោះបង្គោលព្រំដីព្រៃលិចទឹកដែលនៅសេសសល់ជាមុនសិន ទើបអាចឈានដល់ការស្រាវជ្រាវអំពីប្រវត្តិនៃការកាន់កាប់ដីរបស់អ្នកភូមិទាំង ២៧គ្រួសារ និងពិនិត្យមើលលើទិដ្ឋភាពច្បាប់ មុននឹងសម្រេចថាត្រូវចាត់វិធានការយ៉ាងណាចំពោះអ្នកទាំងនោះ៖ «យើងកំពុងធ្វើការបង! ចាំមើលលទ្ធផលយ៉ាងម៉េចទៀត វាទាមទារពេលវេលាបន្តិច ហើយព្រឹកមិញនេះ ក្រុមការងារជួបជាមួយអភិបាលរងស្រុក ដើម្បីរកប្រវត្តិដីហ្នឹងឲ្យបានច្បាស់លាស់ តើយ៉ាងម៉េចពីមុនមក? (ចុះអាចដកហូតដីទាំងនោះតាមការចង់បានរបស់ពលរដ្ឋបានទេ?) អាហ្នឹងមិនឈានដល់ថាម៉េចបានទេបង អាហ្នឹងពិនិត្យលើទិដ្ឋភាពច្បាប់គ្រប់ជ្រោយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ខាងលោកបានទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ហើយនឹងចុះអង្កេតករណីនេះក្នុងពេលឆាប់ៗ។ លោកថា បើទោះបីជាករណីនេះលោកមិនទាន់អាចអត្ថាធិប្បាយអ្វីបានច្បាស់លាស់ ព្រោះមិនទាន់បានចុះស៊ើបអង្កេត ប៉ុន្តែលោកកត់សម្គាល់ថា សកម្មភាពកាប់ទន្ទ្រានព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំង កំពុងកើតមានច្រើនគួរឲ្យព្រួយបារម្ភ៖ «ខាងមុខនេះសមាគមនឹងធ្វើការស៊ើបអង្កេតរកធាតុពិតនៅក្នុងជម្លោះដីព្រៃលិចទឹកនេះ។ ជេដ្ឋា៖ តាមខ្ញុំដឹងលោកទទួលបានឯកសារខ្លះពីខាងប្រជាពលរដ្ឋដែរ តើលោកពិនិត្យឃើញយ៉ាងម៉េចដែរបាទ? យើងបានពិនិត្យឃើញនេះហើយ ក៏ប៉ុន្ដែយើងត្រូវការចុះទៅអង្កេតដល់ទីកន្លែង ហើយជួបសាក្សីជួបគ្រប់ភាគីសិន បានយើងអាចសន្និដ្ឋានថាយ៉ាងម៉េចបាន»។
តំណាងអ្នកភូមិទ្រនាមពេជ្រ និងភូមិអូរតាសេក នៃឃុំគោកបន្ទាយ អះអាងថា ក្រុមអ្នកភូមិដែលចូលទៅកាប់ទន្ទ្រានយកដីព្រៃលិចទឹកនៅចំណុចកន្លែងឆ្ដោរអូសទូក និងចំណុចកំភរ បានធ្វើសកម្មភាពតាំងពីឆ្នាំ២០០៥។ កាលណោះ អាជ្ញាធរឃុំធ្លាប់ចាប់កាំបិត និងពូថៅរបស់អ្នកទាំងនោះ រួចធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពកាន់ទន្ទ្រានទៀតផង ប៉ុន្តែគេមិនស្ដាប់រហូតដល់មានពលរដ្ឋក្នុងភូមិមួយក្រុមទៀត ដាក់ពាក្យបណ្ដឹង ឬលិខិតសុំអន្តរាគមន៍ទប់ស្កាត់សកម្មភាពនេះទៅសាលាស្រុក និងខេត្ត តែគ្មានលទ្ធផល។ បច្ចុប្បន្ន ក្រុមពលរដ្ឋដែលទន្ទ្រានយកដីព្រៃលិចទឹកធ្វើកសិកម្មនោះ តែងតែនិយាយបញ្ឈឺ ឬបញ្ឆិតបញ្ឆៀងដល់ក្រុមអ្នកតវ៉ាយកដីនោះមកដាក់ជាដីព្រៃលិចទឹកគ្រប់គ្រងដោយរដ្ឋវិញ ខណៈដែលពួកគេភ្ជួររាស់ និងសម្អាតព្រៃស្ទូងស្រូវក្នុងរដូវទឹកស្រកឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
