តំណាងពលរដ្ឋនៅឃុំយាអង្គ លោក លីវ សារ៉ុម រស់នៅភូមិក្រវៀក បានថ្លែងនៅថ្ងៃទី២ មករា ថា ពួកគាត់សុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយចំពោះករណីដីព្រៃសហគមន៍ចំនួន ៤២១ហិកតារ ដែលសហគមន៍រក្សាទុកសម្រាប់អភិវឌ្ឍធនធានធម្មជាតិ និងប្រើប្រាស់រួម ដូចជា កន្លែងរកអុស កន្លែងឃ្វាលគោ និងជាតំបន់សក្ការបូជា ពីព្រោះតំបន់នោះជាស្ថានីយបុរាណវិទ្យាភ្នំព្រះ ប៉ុន្តែថ្មីៗនេះត្រូវពលរដ្ឋនៅភូមិព្រិចខ្ពស់ ក្នុងឃុំដដែលនេះ លួចលក់ឲ្យឈ្មួញដោយសម្ងាត់វិញ។ លោកថា នៅក្នុងពាក្យប្ដឹងដែលលោកបានដាក់ជូនឲ្យអភិបាលខេត្តជួយអន្តរាគមន៍នោះ ពាក់ព័ន្ធនឹងពលរដ្ឋចំនួន ១០នាក់ នៅភូមិផ្សេងៗគ្នា ក្នុងឃុំដដែល ដែលបានផ្ដិតមេដៃលក់ដីព្រៃសហគមន៍ឲ្យឈ្មួញ។
លោក លីវ សារ៉ុម៖ «គោលបំណងចង់ឲ្យអភិបាលខេត្តជួយអន្តរាគមន៍បញ្ហាជនខិលខូច ជួយទប់ស្កាត់កុំឲ្យយកដីហ្នឹង ហើយបញ្ឈប់នូវការទិញលក់ដីនៅម្ដុំហ្នឹងណា។ យើងដីសហគមន៍ហ្នឹង កំពុងទាមទារតាំងពីឆ្នាំ២០០៦ ឆ្នាំ២០០៧ ដែលយើងបានទទួលព័ត៌មានថា គេកាត់ឲ្យនោះ ស្រាប់តែគេកាត់ឲ្យហើយ ស្រាប់តែមានជនខិលខូចនោះយកអាដីហ្នឹងទៅលក់ទៀត។ អ៊ីចឹងវាជាន់លើជាន់»។
លោក លីវ សារ៉ុម បន្តថា មន្ត្រីសាលាខេត្តបានទទួលយកពាក្យប្ដឹងរបស់ពួកគាត់ហើយ។
ដីព្រៃសហគមន៍ដែលពលរដ្ឋជំរុញឲ្យសាលាខេត្តជួយអន្តរាគមន៍ចំនួន ៤២១ហិកតារនោះ គឺជាដីព្រៃមួយផ្នែកក្នុងចំណោមដីចំនួន ៩ពាន់ហិកតារ របស់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីធីម៉ាត កាលពីឆ្នាំ២០០៧។ ប្រជាពលរដ្ឋ ឲ្យដឹងថា កាលណោះពលរដ្ឋចំនួន ៥ភូមិ គឺភូមិក្រវៀក ភូមិពាណិជ្ជ ភូមិរំចេក ភូមិស្យា និងភូមិព្រិចខ្ពស់ បានទៅតវ៉ាដល់ថ្នាក់ជាតិ ហើយក្រោយមកមានអន្តរក្រសួងជួយអន្តរាគមន៍ និងកាត់ឲ្យពលរដ្ឋ ៤២១ហិកតារ ទុកជាដីព្រៃសមូហភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
