ពលរដ្ឋ​១៤​គ្រួសារ​នៅ​កំពង់ស្ពឺ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​កម្លាំង​ទាហាន​ចេញ​ពី​តំបន់​ដី​ជម្លោះ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជាង ១០​គ្រួសារ បារម្ភ​ថា​ពួក​គាត់​នឹង​បាត់​បង់​ដីធ្លី​បង្កបង្កើនផល ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា ពួក​គាត់​បាន​រង​ការ​គំរាម​កំហែង និង​រារាំង​មិន​ឲ្យ​ដាំ​ដំណាំ និង​ធ្វើ​ស្រែ​លើ​ដី​របស់​ពួក​គាត់​ពី​សំណាក់​ទាហាន​ភូមិ​ភាគ​៣ ដែល​យាម​កាម​ដី​ធ្លី​ឲ្យ​ក្រុមហ៊ុន​ក្បែរ​នោះ ដែល​ពួក​គាត់​ចោទ​ថា រំលោភ​ដី​របស់​អ្នក​ភូមិ។

ពលរដ្ឋ​ដែល​កាន់​កាប់​ដី​ដាំ​ដំណាំ និង​ធ្វើ​ស្រែ​ចំនួន ១៤​គ្រួសារ នៅ​ចំណុច​ពេជ្រ​សង្វារ ក្នុង​ឃុំ​តាំងសំរោង ស្រុក​ភ្នំ​ស្រួច បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សុវណ្ណ​វិវឌ្ឍ ដក​កម្លាំង​ទាហាន​ចេញ​ពី​តំបន់​នោះ ដែល​គេ​ចោទ​ថា ទាហាន​នោះ​បាន​ប្រើ​អំណាច​គំរាម​កំហែង និង​រារាំង​អ្នក​ភូមិ។

បុរស​រស់​នៅ​តំបន់​ពេជ្រ​សង្វារ ជាប់​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​តាំងសំរោង លោក ថោង បូរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​កម្លាំង​ទាហាន​ភូមិ​ភាគ​៣ ដឹក​នាំ​ដោយ លោក ឃុត សុខុន និង​កម្លាំង​មួយ​ចំនួន​ទៀត ជា​អ្នក​យាម​ល្បាត​ដី​ឲ្យ​ក្រុមហ៊ុន​សុវណ្ណ​វិវឌ្ឍ បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ក្នុង​ដី​របស់​ពួក​គាត់ ដើម្បី​ភ្ជួរ​រាស់​ធ្វើ​ស្រែ​ឡើយ ដោយ​គេ​អះអាង​ថា ជា​ដី​របស់​ក្រុមហ៊ុន។ លោក​បន្ត​ថា អ្នក​ភូមិ​បាន​ចូល​ទៅ​រស់នៅ និង​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៥ បន្តបន្ទាប់​មក ដោយ​មាន​អាជ្ញាធរ​ដឹង​ឮ​ទទួល​ស្គាល់ ក្នុង​ទំហំ ១​គ្រួសារ​ប្រមាណ ៥​ហិកតារ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​នេះ​បាន​មក​អះអាង​ថា ជា​ដី​របស់​គេ។ លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​ដដែល​បាន​រារាំង​ក្រុម​និស្សិត​មិន​ឲ្យ​ចុះ​វាស់វែង​ដី​ជូន​អ្នក​ភូមិ​ថែម​ទៀត​ផង។

«សំឡេង»

ស្ត្រី​អ្នក​ភូមិ​មួយ​រូប​ទៀត គឺ​អ្នកស្រី ភួង ពៅ ថ្លែង​ថា វិវាទ​ដីធ្លី​នេះ​ពួក​គាត់​បាន​រង់ចាំ​ចំណាត់​ការ​ពី​តុលាការ ដែល​ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ភាគី​ក្រុមហ៊ុន​សុវណ្ណ​វិវឌ្ឍ ទៅ​តុលាការ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ។

«សំឡេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ហេង លីហាន តំណាង​ក្រុមហ៊ុន​សុវណ្ណ​វិវឌ្ឍ ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ មិថុនា។

ប៉ុន្តែ នាយ​រង​ការិយាល័យ​អភិវឌ្ឍន៍​ភូមិ​ភាគ​៣ លោក ឃុត សុខុន ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ដី​របស់​ក្រុមហ៊ុន​នេះ បាន​បដិសេធ​ថា លោក​មិន​បាន​គំរាម​កំហែង​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា តាំង​ពី​ឆ្នាំ​២០១០ មក ដែល​លោក​ឈរ​ជើង​នៅ​ទី​នោះ ដីធ្លី​របស់​ក្រុមហ៊ុន​មិន​មាន​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ណា​នោះ​ទេ គឺ​ទើប​តែ​មាន​ការ​អះអាង​ថា​ជា​ដី​របស់​ពលរដ្ឋ​នៅ​ពេល​បច្ចុប្បន្ន។

«សំឡេង»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​តាំងសំរោង លោក គង់ សឿន មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ពលរដ្ឋ​ទាំង​នោះ។ លោក​ថា ពី​ដើម​ឡើយ​លោក​ស្គាល់​តែ​ក្រុមហ៊ុន​ស្លាត​សាណាន តែ​១​ទេ ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍ​នៅ​តំបន់​នោះ។ បន្ទាប់​មក បែរ​ជា​ក្រុមហ៊ុន​សុវណ្ណ​វិវឌ្ឍ និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​ចូល​អភិវឌ្ឍ​តំបន់​នោះ​ដែរ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ដឹង​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​លក់​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន និង​ពលរដ្ឋ​មួយ​ចំនួន​ក៏​មិន​បាន​លក់​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។

«សំឡេង»

កាល​ពី​ឆ្នាំ​២០១៣ ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ហេង លីហាន តំណាង​ក្រុមហ៊ុន​សុវណ្ណ​វិវឌ្ឍ ទៅ​តុលាការ​ចំនួន ២​លើក បន្ទាប់​ពី​ផ្ទះ​អ្នក​ភូមិ​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ដុត​បំផ្លាញ និង​ឈូស​ឆាយ​ដំណាំ។ ប៉ុន្តែ​តុលាការ​មិន​ទាន់​ចាត់​វិធានការ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។