មនុស្ស​ម្នាក់​រង​របួស​ធ្ងន់​និង​ផ្ទះ​ចាំ​ចម្ការ​២​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​កំពង់ស្ពឺ

0:00 / 0:00

ជម្លោះ​ដណ្ដើម​កាន់​កាប់​ដី​មាន​ប្លង់​ត្រួត​ស៊ី​គ្នា​នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា។ ក្នុង​ជម្លោះ​នោះ​ដែរ ក្រុម​ប្រដាប់​អាវុធ​ការពារ​ដី​ក្រុមហ៊ុន ធី.ធី.ម៉ាត កំពុង​តែ​ប្រើ​ហ្វូង​មនុស្ស​របស់​ខ្លួន ឲ្យ​ចូល​ដុត​ផ្ទះ​អ្នក​ភូមិ​ដែល​សង់​ចាំ​ចម្ការ។ ចំណែក​អ្នក​ភូមិ បាន​លើក​គ្នា​តតាំង​ការពារ​ដី កុំ​ឲ្យ​គេ​រំលោភ​យក។

មនុស្ស​ម្នាក់​ជា​ម្ចាស់​ដី​រង​របួស​ធ្ងន់ និង​ផ្ទះ​ចាំ​ចម្ការ​២ ត្រូវ​ភ្លើង​ឆេះ ក្នុង​ពេល​ក្រុម​ប្រដាប់​អាវុធ​បាន​ជួល​ក្រុម​មនុស្ស​ស៊ី​ឈ្នួល ទៅ​ដុត​នៅ​កន្លែង​ដី​ជម្លោះ​ក្បែរ​ភ្នំ​វាយ ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

«សំឡេង​ទប់​ទប់​គ្នា»

ពលរដ្ឋ​ភូមិ​ស្យា ឃុំ​យាអង្គ ស្រុក​ថ្ពង លោក អឿ សារីម ថ្លែង​ថា យោធា​ប្រដាប់​ដោយ​កាំភ្លើង​ជាង ១០​នាក់ និង​មនុស្ស​មួយ​ក្រុម លើក​គ្នា​ចូល​មក​ដុត​ផ្ទះ​ចម្ការ​គាត់ ដើម្បី​បណ្ដេញ​ឲ្យ​ចេញ​ពី​ដី​គាត់​កំពុង​ដាំ​ដំឡូងមី និង​ដើម​ឈើ​ហូប​ផ្លែ ៥​ហិកតារ។ លោក​ថា ក្រុម​ជន​ប្រដាប់​អាវុធ​នោះ​ដុត​ផ្ទះ បង្ខំ​ឲ្យ​អ្នក​ភូមិ​ចេញ​ពី​ដី ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន ធី.ធី.ម៉ាត ដែល​អះអាង​មាន​ប្លង់​ត្រួត​លើ​ដី​គាត់៖ «កំពុង​ប្រទូស្ដ​ប្រទះ​ជាមួយ​ទាហាន និង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ក្រៅ ចូល​មក​ដុត​រោង​ពួក​ខ្ញុំ។ ដុត​ដើម្បី​បណ្ដេញ​យក​ដី»

ពលរដ្ឋ​ភូមិ​ស្វាយព្រៃ ឃុំ​ទ័ពមាន ស្រុក​ថ្ពង ដែរ​ថ្លែង​ថា មនុស្ស​ជា​ហ្វូង​ក្រោម​ការ​ជួយ​ការពារ​ពី​យោធា​មាន​កាន់​កាំភ្លើង​គ្រប់​ដៃ រត់​ចូល​ដុត​លំនៅ​គាត់ កំពុង​តែ​ឆេះ ទោះ​បី​គាត់​រារាំង​មិន​ឲ្យ​គេ​ដុត​ក៏ដោយ៖ «ក្រុមហ៊ុន ធី.ធី.ម៉ាត គេ​ជួល​ទាហាន ជួល​អី​មក​កាង​ដី កាង​អ៊ីចឹង ហើយ​មាន​អ្នក​ជេរ​កណ្ដាល​គេ​បន្តបន្ទាប់​អ៊ីចឹង​ទៀត ឲ្យ​មក​ដុត​រោង​ខ្ញុំ​ហ្នឹង​ចោល»

មេ​ឃុំ​យាអង្គ លោក កែវ យឿន អះអាង​ថា ពលរដ្ឋ​២​ឃុំ​មាន​ជម្លោះ​ដី​នៅ​តំបន់​ភ្នំ​វាយ ប្រមាណ​ជា ៣០០​គ្រួសារ បាន​ចាប់​ដី​បង្កបង្កើនផល​យូរ​ឆ្នាំ​ហើយ នៅ​ជាប់​ភ្នំ​វាយ នោះ។ ស្រាប់​តែ​ឆ្នាំ​២០០៦ មាន​ក្រុមហ៊ុន ធី.ធី.ម៉ាត មក​អះអាង​ថា បាន​ទិញ​ដី​ពី​អ្នក​ភូមិ។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ប្លង់​ដែល​បាន​ទិញ​ដី​នោះ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បាន​ឃើញ​ទេ។ លោក​មេ​ឃុំ​បន្ត​ថា គាត់​កំពុង​មាន​ជំងឺ មិន​អាច​ចុះ​ទៅ​អង្កេត​បញ្ហា​ជម្លោះ​ដី​រវាង​ពលរដ្ឋ​ម្ចាស់​ដី និង​អ្នក​បំពាន​ដី​កំពុង​តតាំង​គ្នា​នោះ​បាន​ទេ៖ «គេ​មក​គំរាម​អី​ប្រជាពលរដ្ឋ អ៊ីចឹង​ខ្ញុំ​ថា​ឲ្យ​ធ្វើ​អន្តរាគមន៍​ទៅ​ឲ្យ​ហាម​ឃាត់​ទៅ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​គេ​ធ្វើ​ដោយ​ប្រការ​ណា​មួយ»

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​យាអង្គ លោក ជីម ជឿន ថ្លែង​ថា លោក​ទើប​បាន​ទទួល​បណ្ដឹង​តាម​ទូរស័ព្ទ​ភ្លាមៗ បាន​បញ្ជូន​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ចុះ​ឃាត់​ភាគី​ទាំង​សង​ខាង ក្រែង​មាន​ហិង្សា។ លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​តប​មក​វិញ​ទេ ព្រោះ​លោក​កំពុង​តែ​ប្រជុំ​នៅ​ក្រៅ​មូលដ្ឋាន​ឃុំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន ធី.ធី.ម៉ាត ជម្រាប​សួរ​ព័ត៌មាន​បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​២៥ មិថុនា។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​មាន​ក្រុមប្រឹក្សា​ឃុំ​មួយ​រួប​ទៅ​ប្រចាំ​ការ​នៅ​កន្លែង​ដី​ដែល​ក្រុមហ៊ុន​ប៉ង​រំលោភ​យក​នោះ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ មន្ត្រី​រូប​នោះ​គាត់​ជាប់​ប្រជុំ​ពី​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​នៅ​អង្គការ អ៊ិល.ដាប់ប៊លយូ.អែស (LWS) ទើប​ក្រុម​ប្រដាប់​អាវុធ និង​ហ្វូង​មនុស្ស​ហ៊ាន​ចូល​អុកឡុក​ក្នុង​ឃុំ។

រហូត​មក​ដល់​ពេល​នេះ ផ្ទះ​ចាំ​ចម្ការ​មិន​ទាន់​មាន​ការ​ដុត​បន្ត​នៅ​ឡើយ ដោយសារ​អ្នក​ភូមិ​លើក​គ្នា​ទៅ​ការពារ​ដី។ ចំណែក​ម្ចាស់​ដី​ដែល​រង​បួស​ធ្ងន់​ឈ្មោះ ឆាង អាយុ ២៦​ឆ្នាំ បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។