ពលរដ្ឋ​នៅ​កំពង់ធំ​ចោទ​អាជ្ញាធរ​ថា​បាន​វាស់វែង​ដី​មិន​ស្រប​តាម​ការ​ស្នើសុំ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​នាំ​គ្នា​ចេញ​ទៅ​ហាម​ឃាត់​ត្រាក់ទ័រ​ដែល​បាន​ធ្វើ​ការ​ឈូស​ឆាយ​លើ​ដី​ចម្ការ​របស់​ខ្លួន​នៅ​ក្បែរ​ភូមិ។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​វាស់វែង​ដី​ជូន​ពួក​គាត់ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​ធ្វើ​ខុស​អ្វី​ដែល​ពួក​គាត់​ស្នើ​ទៅ​វិញ។ អាជ្ញាធរ​វិញ​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ គឺ​ធ្វើ​ទៅ​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ ហើយ​រួម​ទាំង​ខាង​ខេត្ត​ក៏​បាន​ឯកភាព​គ្នា​ថា​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​បែរ​ជា​ជំទាស់​ទៅ​វិញ។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ អ្នកស្រី នួន អៀង បាន​ឱ្យ​ដឹង​ថា ប្រជាជន​ជិត ២០០​គ្រួសារ បាន​ធ្វើ​ការ​ស្នើសុំ​ទៅ​ខាង​អាជ្ញាធរ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​វាស់វែង​ដី​របស់​ខ្លួន ដែល​ពួក​គាត់​បាន​រស់​នៅ​ទីនោះ ប៉ុន្តែ​សកម្មភាព​ដែល​អាជ្ញាធរ​បាន​អះអាង​ថា​កំពុង​ធ្វើ​ការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​នោះ បែរ​ជា​ប្រជាពលរដ្ឋ​មិន​ដឹង​ទៅ​វិញ ហើយ​សកម្មភាព​នោះ គឺ​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ។

អ្នកស្រី​បន្ត​ថា នៅ​ថ្ងៃ​ទី​១៩ មីនា ឃើញ​មាន​ត្រាក់ទ័រ​ឈូស​ឆាយ ពីរ​គ្រឿង ទៅ​ឈូស​ឆាយ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​អាជ្ញាធរ​ប្រាប់​ថា ជា​ការ​ឈូស​ដើម្បី​ធ្វើ​ផ្លូវ ប៉ុន្តែ​ប្រជាពលរដ្ឋ​បារម្ភ​ថា ដី​នោះ​អាច​នឹង​មាន​អ្នក​មាន​លុយ​ទិញ​យក ពីព្រោះ​ការ​ឈូស​ឆាយ​ប្រៀប​បាន​ទៅ​នឹង​ការ​ធ្វើ​របង​ព័ទ្ធ​ដី​របស់​ពួក​គាត់​ទៅ​វិញ។

អ្នកស្រី នួន អៀង៖ «អត់​មាន​ប្រាប់​ប្រជាពលរដ្ឋ​ទេ​លោកគ្រូ​មើល! ស្រាប់​តែ​យក​ទៅ​ឈូស​ឆាយ​ហ្មង ប៉ុន្តែ​នេះ​ប្រជាពលរដ្ឋ​ខ្ញុំ​ឃាត់​បាន​ប្រហែល​ជា​បី​បួន​ថ្ងៃ​ហើយ វា​អត់​ហ៊ាន​ឈូស ប៉ុន្តែ​វា​អត់​ដឹង​អាប៊ុល​ចេញ​ពី​កន្លែង​ហ្នឹង​សោះ​លោកគ្រូ​មើល។ វា​ថា​ចាំ​ឡាន ខ្ញុំ​មក​ដឹង​ទើប​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ដឹក​មិន​រួច ដល់​សួរៗ​ទៅ វា​ថា​វា​ស៊ី​ឈ្នួល​គេ​អី​ណា​អី​ណី វា​ឆ្លើយ​ថា​អ៊ីចឹង មិន​ថា​លក់​ឱ្យ​អ្នក​ណា? អ្នក​ណា​គេ​ទិញ​យក? ប្រជាពលរដ្ឋ​កំពុង​តែ​តាម​ដាន​ថា អ្នក​ណា​គេ​ជា​អ្នក​លក់​អ៊ីចឹង​លោកគ្រូ»

ប្រភព​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​មិន​សូវ​ទទួល​ព័ត៌មាន​ច្រើន​ពី​ខាង​អាជ្ញាធរ​ក្នុង​គម្រោង​វាស់វែង​ដី​ជូន​ពួក​គាត់​នោះ​ទេ ហើយ​អាជ្ញាធរ​ឃុំ​ដូច​មិន​សូវ​អើពើ​នឹង​រឿង​ដី​របស់​ពួក​គាត់​ឡើយ ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​វាស់វែង​ដោយ​ខ្លួន​ឯង ត្រូវ​បាន​សមត្ថកិច្ច​ហាម​ឃាត់។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ជ័យ សុខា មាន​ប្រសាសន៍​ថា ដី​ដែល​ពួក​គាត់​បាន​ដាំ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ប៉ុន្តែ​មិន​ទាន់​មាន​ប្លង់​ច្បាស់​លាស់ ហើយ​កន្លង​មក​ធ្លាប់​មាន​បញ្ហា​កើត​ឡើង ដូច​នេះ​ប្រជាពលរដ្ឋ​ក៏​ស្នើសុំ​ឱ្យ​មាន​ការ​វាស់វែង​ជា​ផ្លូវ​ការ។ ឆ្លើយ​តប​តាម​ការ​ស្នើ​នោះ មុន​ការ​បោះ​ឆ្នោត ក្រុម​និស្សិត​បាន​ទៅ​ចុះ​ប្លង់​ដី​នោះ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បាន​ឃើញ​ដំណើរ​អ្វី​ឡើយ​រហូត​ដល់​ថ្មីៗ​នេះ បែរ​ជា​លេច​ឮ​ថា​ដី​ដែល​ពួក​គាត់​តវ៉ា​នោះ គឺ​មាន​អ្នក​ទិញ​យក​ទៅ​វិញ ដែល​កាន់​តែ​ធ្វើ​ឱ្យ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាំង​ឡើង​ខ្លាច​បាត់​បង់​ដី​របស់​ខ្លួន។

អ្នកស្រី ជ័យ សុខា៖ «ប្រជាជន​សព្វថ្ងៃ​មិន​មែន​ថា​ព្រួយ​បារម្ភ​យ៉ាង​ម៉េច​ទេ គឺ​ព្រួយ​បារម្ភ​ស្នើ​ជីវិត គ្មាន​អី​រស់​នៅ​ប្រចាំ​ជីវិត​សម្រាប់​ដី​នេះ​ឯង។ ប្រសិន​បើ​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ទាំងអស់ និង​សម្ដេច ហ៊ុន សែន ដែល​បាន​ចារ​មក​នេះ ចៅហ្វាយ​ខេត្ត​មិន​អនុវត្ត​តាម​ទេ ប្រជាជន​នៅ​បាក់ស្នា នេះ​មិន​ដឹង​ថា​រស់​នៅ​ទីពឹង​អី​នោះ​ទេ ចាត់​ទុក​ជីវិត​មួយ​ស្លាប់​គ្មាន​មែក​ទំ​ពឹង​ផ្អែក​លោកគ្រូ»

អ្នកស្រី​បញ្ជាក់​ថា ដី​ដែល​ប្រជា​ពលរដ្ឋ​កំពុង​មាន​បញ្ហា​មាន​ទំហំ ៩០០​ម៉ែត្រ គុណ​នឹង ៣​ពាន់​ម៉ែត្រ ហើយ​មាន​ប្រជាពលរដ្ឋ ១៨៦​គ្រួសារ បាន​អាស្រ័យ​ផល​នៅ​ទីនោះ។

មេ​ឃុំ​បាក់ស្នា លោក ម៉ី សារឿន មាន​ប្រសាសន៍​ថា រឿង​ដី​នេះ​ប្រជាពលរដ្ឋ​បាន​ដាក់​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចាត់​ឱ្យ​ខាង​ខេត្ត​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​សំណើ ប៉ុន្តែ​លោក​មិន​យល់​ថា ប្រជាពលរដ្ឋ​មាន​គំនិត​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​នៅ​ពេល​ដែល​ខាង​ខេត្ត​ឈូស​ឆាយ​ធ្វើ​ផ្លូវ និង​ធ្វើ​ការ​វាស់វែង​ដី​ឱ្យ​នោះ បែរ​ជា​ប្រជាពលរដ្ឋ​ជំទាស់​ទៅ​វិញ៖ «ជា​រឿង​សិទ្ធិ​រំលោភ​របស់​គាត់​ទេ មិន​ដឹង​ថា​ម៉េច​សេរីភាព​របស់​ប្រជាពលរដ្ឋ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ គោលការណ៍​របស់​ខេត្ត​ឱ្យ​គេ​ឈូស​ឆាយ​សម្អាត​ធ្វើ​ផ្លូវ​ឱ្យ​គេ ដល់​គាត់​ឃើញ​គេ​ធ្វើ​ផ្លូវ​គាត់​ទៅ​រារាំង​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ»

លោក​បន្ត​ថា ខាង​ឃុំ​តែង​តែ​ពន្យល់​ចំពោះ​បញ្ហា​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ទាំង​នោះ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​យល់​ពី​បញ្ហា​នេះ​ឡើយ។ លោក​បញ្ជាក់​ថា ខាង​ឃុំ​មាន​សិទ្ធិ​ត្រឹម​តែ​ជា​អ្នក​សម្រប​សម្រួល​តែ​ប៉ុណ្ណោះ ចំណែក​ការ​ដោះស្រាយ គឺ​អាស្រ័យ​ទៅ​លើ​អាជ្ញាធរ​ខេត្ត។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​ពិត​ជា​បាន​ស្នើសុំ​ឱ្យ​មាន​ការ​វាស់វែង​មែន ប៉ុន្តែ​ការ​វាស់វែង​នោះ​វា​ខុស​ពី​អ្វី​ដែល​ពួក​គាត់​ចង់​បាន ចំណែក​ឯ​ការ​ឈូស​ឆាយ​នោះ គឺ​មិន​មែន​ជា​ការ​ឈូស​ឆាយ​ដើម្បី​ធ្វើ​ផ្លូវ​នោះ​ទេ ហើយ​ប្រសិន​បើ​មាន​ការ​ឈូស​ឆាយ​មិន​ត្រឹម​ត្រូវ​ត​ទៅ​ទៀត ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើ​ការ​រារាំង​មិន​ឱ្យ​បន្ត​សកម្មភាព​បាន​នោះ​ឡើយ ដរាប​ណា​គ្មាន​ការ​ដោះស្រាយ​ឱ្យ​ពួក​គាត់​ស្ងប់​ចិត្ត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។