ពលរដ្ឋនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភថាពួកគាត់នឹងត្រូវបាត់បង់ដីសហគមន៍ដែលធ្លាប់អាស្រ័យផល ដោយសារការឈូសឆាយរបស់ក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ (CRCK)។ ក៏ប៉ុន្តែបញ្ហានេះ អាជ្ញាធរថាការឈូសឆាយនោះ គឺក្រុមហ៊ុនឈូសទៅតាមផែនទីដែលរាជរដ្ឋាភិបាលផ្តល់ដីសម្បទានឲ្យគេតែប៉ុណ្ណោះ។
ពលរដ្ឋប្រមាណជិត ១០០នាក់ នាំគ្នាទៅឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ ២គ្រឿង ដែលបានឈូសឆាយលើដីដែលពលរដ្ឋអះអាងថា ជាដីព្រៃអាស្រ័យផលរបស់ប្រជាសហគមន៍ភូមិឈូក។ ពលរដ្ឋថា ការឈូសឆាយដីព្រៃសហគមន៍នោះ ប្រៀបបានទៅនឹងការឈូសឆ្នាំងបាយរបស់ពលរដ្ឋយ៉ាងនោះឯង។ សកម្មភាពទៅឃាត់គ្រឿងចក្រនោះ គឺចាប់តាំងពីថ្ងៃទី២៥ វិច្ឆិកា រហូតដល់ថ្ងៃទី៣ ធ្នូ ប៉ុន្តែត្រូវអាជ្ញាធរលើកឡើងថា នឹងចាត់វិធានការលើពួកគាត់ ប្រសិនបើពលរដ្ឋនៅតែបន្តសកម្មភាពនោះតទៅទៀត ទើបធ្វើឲ្យពលរដ្ឋផ្អាកសកម្មភាពឃាត់គ្រឿងចក្រជាបណ្ដោះអាសន្ន។
តំណាងពលរដ្ឋម្នាក់នៅភូមិឈូក ឃុំសណ្ដាន់ កញ្ញា ប៊ុត ចាន់ណា ឲ្យដឹងថា ព្រៃនោះពលរដ្ឋនាំគ្នាអាស្រ័យផលជាយូរយារណាស់មកហើយ ប៉ុន្តែនៅពេលក្រោយមកនេះ ស្រាប់តែក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ មកឈូសឆាយដោយអះអាងថា ជាដីរបស់ខ្លួន។ កញ្ញាថា ពលរដ្ឋជាង ១០០គ្រួសារនៅតំបន់នោះយល់ថា ការឈូសឆាយដីព្រៃធ្លាប់អាស្រ័យផលនោះ គឺប្រៀបដូចជាផ្តាច់ជីវិតរបស់ពួកគាត់៖ «អ្វីដែលចង់បានរបស់ប្រជាពលរដ្ឋនោះ ចង់បានដីហ្នឹងឲ្យរាជរដ្ឋាភិបាលចុះមើលដីផ្ទាល់ ហើយចង់បានផែនទីពីអង្គការផ្សេងៗ ដើម្បីជួយណាបង! ដើម្បីឲ្យព្រៃហ្នឹងកើតជាព្រៃរបស់ប្រជាពលរដ្ឋនៅតំបន់ដែលពួកខ្ញុំការពារហ្នឹង ព្រោះអីពួកខ្ញុំនៅតែបារម្ភថា បើអស់ព្រៃហ្នឹង គឺអស់អ្វីៗគ្រប់យ៉ាងប្រៀបដូចជាអស់ជីវិតអ៊ីចឹង»។
ប្រភពដដែលបន្តថា ការឈូសឆាយនោះ ខាងក្រុមហ៊ុន ឬអាជ្ញាធរ មិនបានបង្ហាញឯកសារជាផ្លូវការចំពោះផ្ទៃដីដែលកំពុងឈូសឆាយនោះទេ។ កញ្ញាថា ប្រសិនបើក្រុមហ៊ុននៅតែបន្តឈូសឆាយតទៅទៀតលើដីសហគមន៍ជាង ៣០០ហិកតារនោះ ផ្ទៃដីក្រុមហ៊ុននឹងខិតមកកៀកផ្ទះសម្បែងរបស់ពួកគាត់ ហើយពលរដ្ឋនឹងមិនមានមុខរបរចិញ្ចឹមជីវិតនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ ដើម្បីឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី៤ ធ្នូ។
យ៉ាងណាក៏ដោយ មេឃុំសណ្ដាន់ លោក បាន ហេង មានប្រសាសន៍ថា ការឈូសឆាយដីព្រៃរបស់ក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ គឺត្រឹមត្រូវទៅតាមផែនទីដែលកំណត់ដោយរាជរដ្ឋាភិបាល ពោលគឺមិនទាន់ហួសពីព្រំដែនកំណត់របស់ក្រុមហ៊ុននោះទេ។ លោកបន្ថែមថា កន្លងមក អាជ្ញាធរតែងយកឯកសារទៅប្រាប់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសា ប៉ុន្តែមានពលរដ្ឋមួយចំនួន ហាក់មិនយល់លើបញ្ហានេះ៖ «គាត់ចង់ថាគាត់សុំច្បាប់មើល ប៉ុន្តែច្បាប់ហ្នឹងគេបានអានឲ្យគាត់ស្តាប់មិនដឹងម៉ានដងហើយទេ។ មិនត្រឹមអានឲ្យគាត់ស្តាប់ជាង ១០០នាក់ហ្នឹងទេ។ គេធ្លាប់អានឲ្យគាត់ស្តាប់រហូតដល់ទៅ ៤ ឬ ៥០០នាក់ទៀតផង។ សូម្បីតែម្នាក់ដែលទៅទាមទារពីម្សិលហ្នឹង ក៏គាត់បានស្តាប់ដែរ ប៉ុន្តែគាត់នៅទាមទារដដែលៗ»។
លោកបន្ថែមទៀតថា ដីដែលក្រុមហ៊ុនឈូសឆាយនោះក៏មិនមែនជាដីរបស់សហគមន៍នោះដែរ ហើយអាជ្ញាធរថ្នាក់ក្រោម ធ្វើទៅតាមរាជរដ្ឋាភិបាលប៉ុណ្ណោះ។
យ៉ាងណា បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ដែលបានតាមដានរឿងនេះ សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ទង្វើរបស់ក្រុមហ៊ុនយកគ្រឿងចក្រទៅឈូសឆាយនោះ គឺជារឿងមួយមិនស្របច្បាប់ និងបានរំលោភលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទៀតផង៖ «ទាក់ទងដីសម្បទានសេដ្ឋកិច្ចហ្នឹងមាន ៥ជំហាន ចង់និយាយថា វាខុសច្បាប់ទៅទៀត គឺគាត់មិនបានពិគ្រោះយោបល់ជាមួយប្រជាជននៅតំបន់ដែលគាត់ឈូសឆាយរបស់ក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ។ ប្រជាជនទាំងអស់ហ្នឹង គឺគាត់អត់ដឹងសោះ»។
បណ្ដាញសហគមន៍ដដែលបន្តថា រាជរដ្ឋាភិបាលគប្បីដោះស្រាយលើបញ្ហាមួយនេះ ប្រសិនបើរដ្ឋាភិបាលចង់អភិវឌ្ឍប្រទេសជាតិ ស្របតាមអ្វីដែលប្រជាសហគមន៍ចង់បានដែរនោះ ដោយពុំមែនជាការអភិវឌ្ឍតែក្រុមហ៊ុន ឬបុគ្គល ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
