បុរស​២​នាក់​ត្រូវ​ចាប់​ខ្លួន​និង​ស្ត្រី​២​នាក់​របួស​ក្នុង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​នៅ​កំពត

0:00 / 0:00

ដី​មួយ​កន្លែង​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម តំបន់​ព្រែកចាក ខេត្ត​កំពត កំពុង​ប្រទាញប្រទង់​ដណ្ដើម​គ្នា​កាន់​កាប់​ដោយ​អ្នក​ភូមិ​ថ្កូវ និង​ក្រុមហ៊ុន វាន់ វណ្ណា។ បញ្ហា​ដណ្ដើម​ដី​កាន់​កាប់​នេះ បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ប្រុស ២​នាក់ និង​រង​របួស​ស្ត្រី ២​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មិថុនា។ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ដឹង​រឿង​ជម្លោះ​នោះ​ភ្លាមៗ​ទេ ដោយសារ​ដី​ទំនាស់​នៅ​ជាប់​ព្រំដែន។

ពលរដ្ឋ ១២​គ្រួសារ នៅ​ភូមិ​ថ្កូវព្រែកចាក លើក​គ្នា​ទៅ​រារាំង​រថយន្ត និង​គ្រឿងចក្រ​ក្រុមហ៊ុន វាន់ វណ្ណា ដែល​យក​អាចម៍​ដី​ចាក់​លុប​ដី​ពួក​គាត់​ទំហំ​ជាង ១​ហិកតារ ដើម្បី​បំបាត់​ភស្តុតាង​ផ្នូរ​ដូនតា និង​របង​ព្រំ​ដី​នៅ​ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាង​លិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

លោក អ៊ាង រតនា អ្នក​ភូមិ​ថ្កូវព្រែកចាក អះអាង​ថា ក្រុមហ៊ុន វាន់ វណ្ណា មាន​ចេតនា​រំលោភ​យក​ដី​នោះ​តែ​ម្តង ដោយសារ​តែ​ដី​នោះ​នៅ​មាត់​ផ្លូវ​ព្រំដែន​ចំ​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​វៀតណាម ចេញ​ចូល។ លោក​ថា អ្នក​ភូមិ​បាន​ប្ដឹង​ទៅ​តុលាការ​ខេត្ត​កំពត បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​សម្រប​សម្រួល​បាន។ សាលា​ដំបូង​ខេត្ត​កំពត មិន​ទាន់​បាន​ដោះស្រាយ​ផង ស្រាប់​តែ​ក្រុមហ៊ុន​ប្រើ​ក្រុម​ស្លៀកពាក់​ឈុត​ខ្មៅ មក​ឡោមព័ទ្ធ​ដី​នោះ ហើយ​សម្រុក​ចាក់​ដី​លុប​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

លោក អ៊ាង រតនា៖ «រឿង​ហ្នឹង​កំពុង​តែ​ដំណើរ​ការ​នៅ​តុលាការ ព្រោះ​ខាង​ប្រជាពលរដ្ឋ​ហ្នឹង គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ហើយ តែ​តុលាការ​អត់​ទាន់​បាន​សម្រេច​ទៅ​ខាង​ណា​ទេ។ ហើយ​ភាគី​ម្ខាង​ទៀត​នោះ ក៏​គេ​បាន​ទៅ​ឃុបឃិត​ជាមួយ​នឹង​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច ទៅ​ចុះ​មក​ចាក់​ដី​តែ​ម្តង​ទៅ ហើយ​បាន​រាំង​ស្ទះ​ប្រជាពលរដ្ឋ មិន​ឲ្យ​ចូលរួម ហើយ​ចាប់​ប្រជាពលរដ្ឋ​ហ្នឹង​ឃុំ​ខ្លួន។ ឥឡូវ​កំពុង​ចាប់​ជ្រមុជ​ទឹក ជ្រមុជ​អី​មុន​ហ្នឹង​មិញ ចាប់​វាយ​ខ្នោះ ប្រជាជន​រត់​ទៅ​ចាប់​បាន​ម្នាក់​ក្មេង​ប្រុស​អាយុ​ប្រហែល​ជា ៣០​ឆ្នាំ ជា​ម្ចាស់​ដី​ដែរ ក្នុង​ចំណោម ១២​គ្រួសារ​ហ្នឹង»

ស្ត្រី​ឈ្មោះ សល់ ច្រឹម អះអាង​ថា ក្នុង​ជម្លោះ​នោះ គ្រឿង​អលង្ការ​ពាក់​ជាប់​ខ្លួន​មួយ​ចំនួន ត្រូវ​ក្រុម​ឈុត​ខ្មៅ​ដណ្ដើម​យក​អស់​ច្រើន​តម្លឹង​មាស។ លោកស្រី​បន្ត​ថា ក្នុង​ការ​ប្រតាយប្រតប់​ដណ្ដើម​គ្រឿង​អលង្ការ​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​បណ្ដាល​ឲ្យ​មាន​អ្នក​របួស និង​សន្លប់៖ «ចាប់​ខ្លួន ២​នាក់ ហើយ​របួស​ទៅ​ពេទ្យ​អស់ ២​នាក់ បាក់​ធ្មេញ។ ហើយ​ខ្សែក ខ្សែ​ដៃ​ខ្ញុំ​បាត់ វា​កន្ត្រាក់​យក​តែ​ម្តង»

ក្នុង​ព្រឹត្តិការណ៍​ទប់ស្កាត់​ការ​ចាក់​ដី​របស់​ក្រុមហ៊ុន វាន់ វណ្ណា នោះ មក​លើ​ដី​អ្នក​ភូមិ ១២​គ្រួសារ​នោះ ក្រុម​ស្លៀកពាក់​ឈុត​ខ្មៅ​បាន​ចាប់​ខ្លួន​ម្ចាស់​ដី ២​នាក់ និង​ធ្វើ​ឲ្យ​របួស​រហូត​សន្លប់​មនុស្ស​ស្រី​ចំណាស់ ២​នាក់។ អ្នក​ទាំង ៤​នាក់​មាន​ឈ្មោះ សាំង វណ្ណនឿន អាយុ ៣២​ឆ្នាំ លោក ទូ សឿន អាយុ ៦៥​ឆ្នាំ ជា​គណៈកម្មការ​ភូមិ និង​ស្ត្រី ២​រូប​ផ្សេង​ទៀត​រង​របួស បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឈ្មោះ ហ៊ិន វី អាយុ ៤២​ឆ្នាំ សន្លប់ និង​បាក់​ធ្មេញ និង​ស្ត្រី​ឈ្មោះ សល់ ក្រែង អាយុ ៤៦​ឆ្នាំ​សន្លប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន វាន់ វណ្ណា ដែល​រង​នូវ​ការ​ចោទ​នោះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​២៥ ខែ​មិថុនា ឆ្នាំ​២០១៤។

មេ​ឃុំ​ឫស្សី​ស្រុក​ខាង​លិច លោក ថៃ សារិ ថ្លែង​ថា ដី​ជម្លោះ​នេះ​ទំហំ​ជាង ១​ហិកតារ មាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​គ្រប់គ្រង​ដី​នោះ។ ប៉ុន្តែ​រឿង​ហេតុ​ដែល​កើត​នៅ​ថ្ងៃ​ទី​២៥ មិថុនា នេះ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ អត់​បាន​ចូលរួម​ក្នុង​ហ្នឹង​ទេ»

អ្នក​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពត លោក ម៉ម កេសី ថ្លែង​ថា ជម្លោះ​ដី​នៅ​ភូមិ​ថ្កូវ​ព្រែក​ចាក បាន​កើត​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​ខាង​ព្រំដែន បាន​បោះ​បង្គោល​ចប់​សព្វគ្រប់។ លោក​ថា ក្រុមហ៊ុន វាន់ វណ្ណា បាន​សិទ្ធិ​ឲ្យ​អភិវឌ្ឍ​ព្រំដែន​លើ​ដី​របស់​ពលរដ្ឋ ១២​គ្រួសារ​ជា​ម្ចាស់​ដី​នោះ។ នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន វាន់ វណ្ណា បាន​ផ្តល់​ប្រាក់​គោល​នយោបាយ ៤​ម៉ឺន​ដុល្លារ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​យក ដោយ​គាត់​ទារ​ក្នុង​១​ម៉ែត្រ​ការ៉េ​តម្លៃ ៦០​ដុល្លារ ហើយ​ក៏​មាន​ការ​ប្ដឹង​គ្នា​កន្លង​មក។ តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ទៅ​ឲ្យ​ក្រុមហ៊ុន មុន​ការ​បើក​សវនាការ​ទៅ​ទៀត។ លោក​ថា បញ្ហា​នេះ​ទើប​មាន​ជម្លោះ​ខ្លាំង​ឡើង​មក​ដល់​បច្ចុប្បន្ន៖ «តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ គឺ​ជា​ចេតនា​មួយ​របស់​អាជ្ញាធរ​ចង់​ចាប់​មនុស្ស ដើម្បី​បំបាក់​ស្មារតី»

ជម្លោះ​ដី​ទំហំ​ជាង ១​ហិកតារ នៅ​ភូមិ​ថ្កូវ​ព្រែក​ចាក មិន​ទាន់​បាន​ស្ងប់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​នៅ​តែ​ការពារ​ដី​ដដែល ហើយ​ក្រុមហ៊ុន​បន្ត​ទុក​គ្រឿងចក្រ​នៅ​ទីនោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។