ពលរដ្ឋ​៣​ឃុំ​នៅ​ខេត្ត​កណ្ដាល​គ្រោង​ដាក់​ញត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បញ្ហា​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​ចំនួន ៣​ឃុំ រស់​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល គ្រោង​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ក្រុម​ឈ្មួញ​ឯកជន​ដែល​កំពុង​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​ប្រាំង​របស់​ពួក​គាត់​ជិត ២០០​ហិកតារ យក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់។

អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ដី​តំបន់​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​កំពុង​រៀបចំ​ឆ្វៀល​ដី​ខ្លះ​ទុក​ជូន​ពលរដ្ឋ តាម​គោល​នយោបាយ​របស់​រដ្ឋ។

ពលរដ្ឋ​ចំនួន ៧៦​គ្រួសារ រស់​នៅ​ក្នុង​ឃុំ​ព្រែកហ្លូង ឃុំ​ព្រែកតាកូវ និង​ឃុំ​ស្វាយជ្រុំ ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ស្នើសុំ​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ដែល​រដ្ឋាភិបាល​ឆ្វៀល​ទុក​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ​ចំនួន ៧៦​គ្រួសារ លោក ណុប វុទ្ធី បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ២​ពាន់​ហិកតារ ឲ្យ​ក្រុមហ៊ុន ស៊ិន ដាយ វិនិយោគ។ តែ​ក្រុមហ៊ុន​មួយ​នេះ​មិន​ទាន់​មាន​សកម្មភាព​អ្វី​លើ​ដី​សម្បទាន​នោះ​នៅ​ឡើយ តាំង​ពី​ឆ្នាំ​២០០៩ មក ក្រៅ​តែ​ពី​លើក​ទំនប់​សម្គាល់​ព្រំ​ដី ទើប​ពលរដ្ឋ​នៅ​តែ​បន្ត​ធ្វើ​ស្រែ​ប្រាំង​នៅ​លើ​ដី​ចាស់​របស់​ខ្លួន​ដដែល។ លោក​បន្ត​ថា ដី​ដែល​រដ្ឋាភិបាល​សម្បទាន​ឲ្យ​ក្រុមហ៊ុន​នោះ គឺ​ជាន់​នឹង​ដី​ស្រែ​ប្រាំង​របស់​ពលរដ្ឋ។ ប៉ុន្តែ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ ឆ្វៀល​ដី​ខ្លះ​សម្រាប់​ពលរដ្ឋ​ប្រកប​របរ​កសិកម្ម។

តំណាង​រូប​នេះ​បន្ត​ថា តំបន់​ដី​ឆ្វៀល​តាម​លិខិត​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨ សម្រេច​កាត់​ដី​ជិត ៤០០​ហិកតារ (៣៥៥,៦១​ហិកតារ) សម្រាប់​ឲ្យ​ពលរដ្ឋ ១៤៧​គ្រួសារ​នោះ អាជ្ញាធរ​នៅ​មិន​ទាន់​វាស់វែង​ជូន​ពលរដ្ឋ​នៅ​ឡើយ។ ស្រាប់​តែ​មាន​ឈ្មួញ​ឯកជន​ម្នាក់​ឈ្មោះ គ្រី ទូច និង​បក្ខពួក បាន​ចេញ​មុខ​មក​ទិញ​ដី​ពី​ពលរដ្ឋ និង​ឈូស​ឆាយ​ដី​ស្រែ​ប្រាំង​របស់​ពួក​គាត់ ហើយ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ស្រែ​បណ្ដេញ​ទឹក និង​ដាំ​ឈូក​ដូច​រាល់​ដង៖ «ចង់​សួរ​រក​អាជ្ញាប័ណ្ណ​របស់ លោក គ្រី ទូច ហ្នឹង​មើល ថា​ក្រុមហ៊ុន ស៊ិន ដាយ ផ្ទេរ​ឲ្យ​គាត់​ជា​ម្ចាស់​អាជ្ញាប័ណ្ណ ឬ​ក៏​ក្រុមហ៊ុន ស៊ិន ដាយ មិន​បាន​បំពេញ​កាតព្វកិច្ច​ទេ​តាម​សម្ដី​សម្ដេច (ហ៊ុន សែន) តាម​រយៈ​សារាចរ​០២ ចុះ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០០១ បាន​និយាយ​ត្រង់​ចំណុច «ខ» ថា​ត្រូវ​ចុះ​បញ្ជី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ។ បទ​បញ្ចា​០១ ថា​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន គឺ​ត្រូវ​ដក​អាជ្ញាប័ណ្ណ​វិញ​ជូន​រដ្ឋ បើ​ដី​នោះ​ពលរដ្ឋ​អាស្រ័យ​ផល​ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ»

តំណាង​ពលរដ្ឋ​រូប​នេះ​បន្ត​ថា ឈ្មួញ​ឯកជន​ឈ្មោះ គ្រី ទូច នោះ​បាន​ឲ្យ​មេ​ខ្យល់ ៣​នាក់ ដើរ​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​ប្រមាណ ១០០​ហិកតារ។ តែ​ពេល​ឈូស​ឆាយ​ដី​ជាក់ស្តែង បែរ​ជា​ឈូស​យក​ដី​រហូត ៧០០​ហិកតារ។

ពលរដ្ឋ​ដែល​មាន​ទំនាស់​ជាមួយ​ឈ្មោះ គ្រី ទូច នោះ​ក៏​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក ឲ្យ​ដោះស្រាយ​ដែរ តែ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ឲ្យ​ពួក​គេ​ទេ ហើយ​សន្យា​ឲ្យ​ពួក​គេ​រង់ចាំ​មួយ​រយៈពេល​សិន។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ស្រុក​ខ្សាច់កណ្ដាល លោក សឹង្ហ គីលីន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ឧសភា ដី​តំបន់​នោះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ស៊ិន ដាយ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​វិនិយោគ។ តែ​ពលរដ្ឋ​បែរ​ជា​ទៅ​វាត​យក និង​លក់​ឲ្យ​ក្រុម​ឈ្មួញ​ខុស​ច្បាប់។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ចុះ​វាស់វែង​ដី​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ឆ្វៀល​ចេញ ប្រគល់​ឲ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​រួច​ហើយ តែ​មិន​ទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​នៅ​ឡើយ៖ «ឃើញ​លិខិត​ដាក់​ដល់​ខេត្ត​ហូរហែ តែ​មិន​ទាន់​មាន​ដំណោះស្រាយ និង​ថ្នាក់​លើ​ជា​អ្នក​ដោះស្រាយ មិន​មែន​មូលដ្ឋាន​ថ្នាក់​ស្រុក​ដោះស្រាយ​ទេ។ ដី​នោះ​ជា​របស់​រដ្ឋ​ថ្នាក់​ជាតិ និង​រដ្ឋាភិបាល​ជា​អ្នក​សម្រេច»

លោក គ្រី ទូច មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ រីឯ​តំណាង​ក្រុមហ៊ុន ស៊ិន ដាយ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

តំណាង​ពលរដ្ឋ​ចំនួន ៧៦​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​ខ្សាច់កណ្ដាល ឲ្យ​ដឹង​ថា កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​២ គឺ​ទី​មួយ សម្រេច​ឆ្វៀល​ដី​ទំហំ​ជិត ៥០០​ហិកតារ (៤៨១,៩៨​ហិកតារ) ឲ្យ​ពលរដ្ឋ​ជិត ៣០០​គ្រួសារ (២៨៦​គ្រួសារ) នៅ​ក្នុង​ស្រុក​ល្វាឯម ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន ស៊ិន ដាយ។ មួយ​ទៀត រាជ​រដ្ឋាភិបាល​ក៏​បាន​ឆ្វៀល​ដី​ជិត ៤០០​ហិកតារ (៣៥៥,៦១​ហិកតារ) ចែក​ជូន​ពលរដ្ឋ​ជាង ១០០​គ្រួសារ (១៤៧​គ្រួសារ) រស់​នៅ​ឃុំ​ព្រែកហ្លូង ព្រែកតាកូវ និង​ឃុំ​ស្វាយជ្រុំ ក្នុង​ស្រុក​ខ្សាច់កណ្ដាល។ ប៉ុន្តែ ការ​វាស់វែង​នោះ អាជ្ញាធរ​បាន​វាស់​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ល្វាឯម រួច​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល បាន​វាស់វែង​ឲ្យ​ពលរដ្ឋ​ខ្លះ ដែល​មាន​លុយ​ឲ្យ​អាជ្ញាធរ ហើយ​ពលរដ្ឋ​ដែល​មិន​មាន​លុយ​នោះ គឺ​អាជ្ញាធរ​ឲ្យ​រង់ចាំ​រហូត ទើប​ពលរដ្ឋ​ខ្លះ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ស្រែ​ប្រាំង និង​ដាំ​ឈូក​លើ​ដី​ចាស់​របស់​ពួក​គេ ប៉ុន្តែ​ឥឡូវ ឈ្មួញ​ឯកជន​ឈ្មោះ គ្រី ទូច បាន​រារាំង និង​ឈូស​ឆាយ​ដី​ទាំង​នោះ។

ពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល ដែល​មាន​ទំនាស់​ដីធ្លី គ្រោង​ឡើង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។