ពលរដ្ឋ​មាន​ទំនាស់​​ដី​នៅ​កំពង់ចាម​មក​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​ជាង ៤០​នាក់ ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ ១៧៥​គ្រួសារ នៅ​ភូមិ​ចង្គំក្រោម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្ត​យក​ដី​ចម្ការ​របស់​ពួកគាត់​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​វៀតណាម បាន​មក​ភ្នំពេញ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា អ្នកស្រី ឈុន សាវុធ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ពួកគាត់​នាំ​គ្នា​មក​នេះ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គ្រា​ដែល​បញ្ហា​របស់​ពួកគាត់​បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៧ មក ហើយ​គ្មាន​ដំណោះ​ស្រាយ​នោះ។

អ្នកស្រី​បន្ត​ថា ដី​ចម្ការ​វិល​ជុំ​ដែល​កាន់កាប់​ដោយ​ពលរដ្ឋ​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគតិច​ស្ទៀង តាំង​ពី​ឆ្នាំ​១៩៧៩ ប្រមាណ ១​ពាន់​ហិកតារ នៅ​ឆ្នាំ​២០០៧ ក្រុមហ៊ុន ស៊្រុន ម៉េងលាង និង​ទាហាន បាន​មក​ឈូស​ឆាយ​ រំលោភ​យក។ យ៉ាង​ណា មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី បាន​ទទួល​លិខិត​ពី​ពួកគាត់​ហើយ។

អ្នកស្រី​បញ្ជាក់​ថា អភិបាល​ខេត្ត​បាន​រាយការណ៍​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ថា​ដី​១​ពាន់​ហិកតារ ដែល​ពលរដ្ឋ​ស្នើ​សុំ​នោះ មិន​អាច​ផ្ដល់​ឲ្យ​ពលរដ្ឋ​បាន​ទេ ដោយ​ថា ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​របស់​សាលា​ខេត្ត​ទៅ​វិញ។

អ្នក​ភូមិ​បន្ត​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា រោង​ចាំ​ចម្ការ​របស់​ពួកគាត់​ចំនួន ៥៦​រោង នៅ​ចំណុច​ដី​ទំនាស់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ​ចោល ទើប​ពួកគាត់​បង្ខំ​ចិត្ត​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ។ ពលរដ្ឋ​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ពួកគាត់​និង​យក​លិខិត​ដដែល​ដាក់​ជូន​អភិបាល​ខេត្ត​កំពង់ចាម​ឲ្យ​ជួយ​អន្តរាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។