តំណាងប្រជាពលរដ្ឋ ១១០គ្រួសារ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឲ្យដឹងថា ពួកគាត់រងការរំលោភបំពានដីធ្លីពីសំណាក់អតីតប្រធានសមាគមសង្គ្រោះជនពិការ តាំងពីឆ្នាំ២០០៦។ ក្រុមពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅស្ថាប័នមួយចំនួន ដូចជាសង្គមស៊ីវិល តុលាការ និងអាជ្ញាធររាជរដ្ឋាភិបាល ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយ។
បន្ទាប់ពីប្ដឹងគ្រប់ស្ថាប័នមិនមានដំណោះស្រាយ តំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ មេសា បាននាំយកឯកសារពាក់ព័ន្ធបញ្ហាទំនាស់ដីមកបង្ហាញអ្នកសារព័ត៌មានឲ្យផ្សព្វផ្សាយជាថ្មីម្តងទៀត។
តំណាងអ្នកភូមិ លោក ហ៊ុយ សាមឌី ឲ្យដឹងថា អ្នកភូមិបានប្ដឹងទៅស្ថាប័នមួយចំនួន ដូចជា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែបានត្រឹមតែចំណារត្រឡប់ទៅឲ្យអាជ្ញាធរខេត្ត ដើម្បីដោះស្រាយដដែល។
លោករំលឹកថា ដីធ្លីរបស់ពួកគាត់ត្រូវបានអតីតប្រធានសមាគមសង្គ្រោះជនពិការឈ្មោះ ទូច សឿលី និងបក្ខពួកយកទៅលក់ឲ្យអ្នកផ្សេង ក្រោមលេសថាជួយជនពិការ បើទោះពលរដ្ឋទាំង ១១០គ្រួសារ មានឯកសារកាន់កាប់ដែលចេញដោយអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ២០០៥ ក៏ដោយ៖ «ឃុំត្រែងត្រយឹង តែម្តង ដែលធ្លាប់មានជម្លោះដីធ្លីជាមួយឈ្មោះ ទូច សឿលី តែម្តង ចាប់ពីឆ្នាំ២០០៦ ដល់ ២០១៣ តែម្តង មិនមានអាជ្ញាធរដោះស្រាយឲ្យទេ មានឯកសារតាំងពីលើដល់ក្រោម មានយើងខ្ញុំឆ្ងល់យើងខ្ញុំឡើងមក»។
ទោះជាយ៉ាងណាក្តី លោក ទូច សឿលី ដែលធ្លាប់ធ្វើជាប្រធានសមាគមជនពិការ ត្រូវអាជ្ញាធរខេត្តកំពត ចាប់ខ្លួនដាក់គុករួចទៅហើយ កាលពីខែកក្កដា ឆ្នាំ២០១២។ លោក ទូច សឿលី និងបុរស ៣នាក់ផ្សេងទៀត ដែលជាគូកនជាប់ចោទពីបទរំលោភដីរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រើអំពើហិង្សាលើម្ចាស់ដី ស្ថិតនៅភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ តំណាងអ្នកភូមិវាលធំ បញ្ជាក់ថា ករណីពួកគាត់ទាំង ១១០គ្រួសារ ក៏ត្រូវឈ្មោះ ទូច សឿលី នេះ រំលោភបំពានដូចអ្នកភូមិនៅខេត្តកំពត ដែរ។
អ្នកភូមិម្នាក់ទៀតឈ្មោះ ផុន ភេន ថ្លែងថា បន្ទាប់ពីឈ្មោះ ទូច សឿលី ជាប់គុកក៏មានបុគ្គលថ្មីម្នាក់ទៀត មកគ្រប់គ្រងសមាគមសង្គ្រោះជនពិការកម្ពុជាជំនួស។ ហើយសមាគមនោះបន្តគាបសង្កត់ប្រជាពលរដ្ឋទាំង ១១០គ្រួសារ ទាំងផ្លូវកាយ និងផ្លូវចិត្ត៖ «ពេលជាប់គុកហើយ ហេតុអីបានមានសមាគមថ្មីកាងដីហ្នឹងទៀត ប្ដឹងអាមេខ្លោងហ្នឹងធ្វើខុស ហើយអត់មានដោះស្រាយឲ្យពលរដ្ឋ ខ្ញុំឆ្ងល់ណាស់ហេតុអីអត់មានដំណោះស្រាយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំការពន្យល់អំពីរឿងនេះបានទេ នៅថ្ងៃទី២៤ មេសា ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត មានប្រសាសន៍ថា លោកនឹងចុះអង្កេតរឿងទំនាស់ដីធ្លីនេះនៅពេលក្រោយ។ ប៉ុន្តែ លោកយល់ថា អាជ្ញាធរត្រូវតែដោះស្រាយបញ្ហាឲ្យពលរដ្ឋ មិនត្រូវទុកឲ្យពលរដ្ឋរងទុក្ខវេទនាតទៅទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
