ពលរដ្ឋ​ឃុំ​កោះស្ដេច​ខេត្ត​កោះកុង​បន្ត​តវ៉ា​សុំ​អន្តរាគមន៍​បើក​ផ្លូវ​ចូល​ភូមិ​ដែល​ក្រុមហ៊ុន​ចិន​បិទ

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ រស់នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បន្ត​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​ដោះស្រាយ​កង្វល់​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បាន​ដឹក​ដី​ចាក់​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ​ជាង ១​សប្ដាហ៍​កន្លង​ទៅ​នេះ។

ពលរដ្ឋ​អះអាង​ថា ផ្លូវ​ដែល​ក្រុមហ៊ុន​ចិន ចាក់​ដី​បិទ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ គឺ​ពួក​គាត់​ធ្លាប់​ប្រើប្រាស់​តាំង​ពី​ដូនតា​មក​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ផល​ប្រយោជន៍​បុគ្គល​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ។

ប្រជាពលរដ្ឋ ៣០​គ្រួសារ រស់នៅ​ចំណុច​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​អះអាង​ថា នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​បិទ​ផ្លូវ​មួយ​កន្លែង​ចូល​ទៅ​កំពង់ផែ​ទេសចរណ៍​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​ប្រជាពលរដ្ឋ ផ្ដើម​ដោយ​ក្រុមហ៊ុន​ចិន យូញៀន ហើយ​មាន លោក ឃឹម ចាន់ឌី នៅ​កាង​ការពារ​ពី​ក្រោយ​ខ្នង។

តំណាង​ពលរដ្ឋ ៣០​គ្រួសារ លោក ប្រាក់ ថន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដឹង​ថា គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៥ គឺ​រយៈពេល​ជាង ១​សប្ដាហ៍​ហើយ ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន បាន​ដឹក​ដី​ចាក់​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​ភូមិ​អ្នក​ស្រុក​នៅ​តំបន់​ពយ​ជប៉ុន ក្នុង​បំណង​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ឲ្យ​ពលរដ្ឋ​រុះរើ​លំនៅឋាន​ចេញ​ពី​ទីតាំង​ចាស់ ទៅ​កាន់​ទីតាំង​ថ្មី តាម​មហិច្ឆតា​ចង់​បាន​របស់​ក្រុមហ៊ុន​ចិន។

បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ៣០​គ្រួសារ រស់នៅ​ចំណុច​ពយ​ជប៉ុន នេះ គឺ​ជា​គ្រួសារ​ចុង​ក្រោយ​ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន យូញៀន ហើយ​ថា ពលរដ្ឋ​បាន​មក​តាំង​ទីលំនៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​លើ​ទីតាំង​នេះ ចាប់​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម​មក​ម្ល៉េះ។

លោក ប្រាក់ ថន បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក​ដល់​បច្ចុប្បន្ន​នេះ ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ត្រូវ​រង​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ចិន យូញៀន កម្លាំង​សន្តិសុខ​រាប់​សិប​នាក់​ដុត​បំផ្លាញ​ផ្ទះ និង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំ​កសិកម្ម មាន​ខ្នុរ ដូង និង​ស្វាយ ជាដើម ដើម្បី​ប្លន់​យក​ដី ក្រោម​រូបភាព​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។ លោក​ថ្លែង​ថា កន្លង​មក​កង្វល់​នេះ ប្រជាពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ​កោះស្ដេច ថ្នាក់​ដឹក​នាំ​ស្រុក​គីរីសាគរ លោក​អភិបាល​ខេត្ត​កោះកុង និង​រហូត​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ប៉ុន្តែ​មន្ត្រី​ស្ថាប័ន​ទាំង​នោះ​មិន​បាន​រវល់​អើពើ​ទេ ហើយ​ទំនាស់​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ។

ផ្ដើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន យូញៀន និង​ទង្វើ​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ដែល​បាន​ឃុបឃិត​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​ក្នុង​ភូមិ​ពលរដ្ឋ​នៅ​តំបន់​ពយ​ជប៉ុន ឃុំ​កោះស្ដេច ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ឆ្លង​កាត់​ដូច​ដើម​វិញ៖ «ពួក​ខ្ញុំ​មិន​បន្ថយ​ការ​តវ៉ា ឬ​ប្រមូល​ផ្តុំ​បិទ​ផ្លូវ​ចូល​ទៅ​កំពង់ផែ​របស់​ចៅហ្វាយ​ស្រុក​គីរីសាគរ លោក ឃឹម ចាន់ឌី ទេ ដរាប​ណា​ក្រុមហ៊ុន​ចិន យូញៀន និង​អាជ្ញាធរ​ស្រុក​នេះ មិន​បើក​ផ្លូវ​ចេញ​ចូល​ភូមិ​ជូន​ពលរដ្ឋ​បាន​ប្រើប្រាស់​ឡើង​វិញ​នោះ​ទេ ទោះ​បី​ត្រូវ​ចំណាយ​ពេលវេលា​ពី ១​ខែ ទៅ ២​ខែ​បែប​ណា​ក្តី។ ហើយ​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដើម្បី​ការពារ​ផ្ទះ និង​ដីធ្លី​ដែល​រង​ការ​រំលោភ​ពី​ក្រុមហ៊ុន​ចិន ផង»

អាចារ្យ​វត្ត​គីរីគង្គា ហៅ​វត្ត​ពយ​ជប៉ុន លោក ប្រាក់ ថន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន និង​អាជ្ញាធរ មិន​ត្រឹម​បាន​ដុត​ផ្ទះ និង​បំផ្លាញ​ផល​ដំណាំ​ធ្លាប់​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ចំនួន ៤​ជំនាន់​មក​នេះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បណ្ដេញ​ព្រះសង្ឃ​មិន​ឲ្យ​គង់​នៅ​ក្នុង​វត្ត​គីរីសាគរ ដែល​បាន​ស្ថាបនា​ព្រះវិហារ​ចំណាយ​ទឹក​ប្រាក់​អស់​ជិត ២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​កសាង​បាន ៨០% មិន​ឲ្យ​គង់​នៅ​ថែម​ទៀត ក្នុង​បំណង​លុប​បំបាត់​វត្ត​អារាម​មួយ​នេះ ដើម្បី​យក​ផ្តល់​ជូន​ក្រុមហ៊ុន​ចិន យូញៀន។ អាចារ្យ​វត្ត​ពយ​ជប៉ុន រូប​នេះ ក៏​បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ជួយ​ថែ​រក្សា​ទី​អារាម​វត្ត​គីរីគង្គា ហៅ​វត្ត​ពយ​ជប៉ុន កុំ​ឲ្យ​រលាយ​បាត់​បង់​ដោយ​ស្នាដៃ​ក្រុមហ៊ុន​ចិន យូញៀន និង​មាន​ការ​ឃុបឃិត​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កោះកុង៖ «សកម្មភាព​របស់​អ្នក​តំណាង​ក្រុមហ៊ុន​ចិន យូញៀន ដែល​ប្រើ​កង​កម្លាំង​សន្តិសុខ​មក​រុះរើ និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវ​រង​បរាជ័យ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ដោយសារ​កម្លាំង​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ក៏​បាន​ងាក​ទៅ​ឃុបឃិត​ជាមួយ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ដើម្បី​ដឹក​ដី​ចាក់​បិទ​ផ្លូវ​ចេញ​ចូល​ភូមិ​ពលរដ្ឋ​ចំនួន ៣​ខ្សែ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។ ហើយ​ទំនាស់​នេះ អាជ្ញាធរ​កន្លង​មក​ក៏​បាន​បណ្ដេញ​ព្រះសង្ឃ​មិន​ឲ្យ​គង់​នៅ​ក្នុង​វត្ត​គីរីគង្គារ ហៅ​វត្ត​ពយ​ជប៉ុន តាំង​ពី​ឆ្នាំ​២០១២ ក្នុង​បំណង​បំបាត់​ទី​អារាម​មួយ​នេះ​យក​ដី​ជូន​ក្រុមហ៊ុន​ចិន»

បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​ឃុំ​កោះស្ដេច ក៏​បាន​សំណូមពរ​ទៅ​ដល់​មន្ត្រី​ដឹក​នាំ​ស្ថាប័ន​កំពូលៗ មាន​ព្រឹទ្ធសភា រដ្ឋសភា និង​ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួយ​ដោះស្រាយ​កង្វល់​នៃ​សកម្មភាព​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឡើង​វិញ។ ជាង​នេះ ក៏​ត្រូវ​ចុះ​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន យូញៀន និង​សកម្មភាព​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ឲ្យ​បាន​ឆាប់។

ក្រុម​ប្រជាពលរដ្ឋ បាន​ចាត់​ទុក​ថា សកម្មភាព​របស់​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​ណែនាំ​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​ពាក់ព័ន្ធ កាត់​ឆ្វៀល​ដី​កសិកម្ម ឬ​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ត្រង់​ចំណុច​នេះ តំណាង​ពលរដ្ឋ ៣០​គ្រួសារ លោក ប្រាក់ ថន បាន​ថ្លែង​ថា វា​អយុត្តិធម៌​បំផុត​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ ដែល​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​ជួយ​ឈឺ​ឆ្អាល​ចំពោះ​កង្វល់​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​បាន​ងាក​ទៅ​គាំទ្រ​សកម្មភាព​ល្មើស​របស់​ក្រុមហ៊ុន​ឯកជន​ទៅ​វិញ។ តំណាង​ពលរដ្ឋ​រូប​នេះ បាន​ចោទ​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន យូញៀន ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ថា​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ។ បុរស​វ័យ​ចំណាស់​រូប​នេះ បាន​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៣០​គ្រួសារ នឹង​មិន​លះ​បង់​ការ​តវ៉ា​របស់​ខ្លួន​ទេ ដរាប​ណា​ក្រុមហ៊ុន​ចិន យូញៀន និង​អភិបាល​ស្រុក​គីរីសាគរ លោក ឃឹម ចាន់ឌី មិន​បើក​ផ្លូវ​ចេញ​ចូល​ភូមិ​ជូន​ពលរដ្ឋ​បាន​ប្រើប្រាស់​ដូច​ដើម​វិញ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ចោទ​សកម្មភាព​ពលរដ្ឋ​ថា បាន​ប្រឆាំង​នឹង​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​តំបន់​នោះ​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ស្ថាបនា​ផ្លូវ​ថ្មី​សម្រាប់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជំនួស​ផ្លូវ​ចាស់ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ចចេស​ចង់​ប្រើប្រាស់​ផ្លូវ​ចាស់ ដែល​ផ្លូវ​នោះ​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន៖ «ក្រុមហ៊ុន​គេ​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​អន្តរ​ក្រសួង ដោយ​បាន​អភិវឌ្ឍ​ផ្លូវ​ថ្មី​មួយ​ខ្សែ។ ពលរដ្ឋ​បាន​បិទ​ផ្លូវ​ចូល​ភូមិ​ខ្លួន​ឯង​ផង និង​ផ្លូវ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ស្ថាបនា​នៅ​លើ​កោះ​ស្ដេច​មិន​ឲ្យ​ចេញ​ចូល​ផង។ សកម្មភាព​ពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច នេះ មិន​ត្រឹមត្រូវ​ទេ។ សូម​ឲ្យ​ត្រូវ​មាន​ជម្រើស និង​ពិចារណា ហើយ​ចូលរួម​សម្របសម្រួល​ការងារ​នេះ​ជាមួយ​អាជ្ញាធរ»

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ថា ផ្លូវ​ដែល​ក្រុមហ៊ុន​ស្ថាបនា​ថ្មី​នោះ គឺ​មិន​មែន​ជា​ផ្លូវ​ធ្វើ​សំដៅ​ចូល​ភូមិ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជា​ផ្លូវ​ស្ថាបនា​ថ្មី​ទៅ​កាន់​កំពង់ផែ​ទេសចរណ៍ ឬ​កន្លែង​លក់​ដូរ​បម្រើ​វិស័យ​ទេសចរណ៍​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ទៅ​វិញ​ទេ៖ «សុំ​កុំ​ជឿ​សម្ដី​ចៅហ្វាយ​ស្រុក​គីរីសាគរ ហ្នឹង​ឲ្យ​សោះ គឺ​គាត់​និយាយ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​លើ​បំភ្លៃ​ការ​ពិត​ទាំង​ស្រុង​ទេ។ ផ្លូវ​ដែល​ក្រុមហ៊ុន​ចិន មាន​ការ​ឃុបឃិត​ពី​អភិបាល​ស្រុក​គីរីសាគរ នៅ​ឃុំ​កោះស្ដេច ចាក់​ដី​បិទ​នោះ គឺ​ប្រជាពលរដ្ឋ​ធ្លាប់​ប្រើប្រាស់​ជាច្រើន​តំណ​តាំង​ពី​ដូនតា​រៀង​មក និង​មាន​ច្រើន​ជំនាន់​នៃ​ការ​ដឹក​នាំ​ប្រទេស។ ហើយ​ផ្លូវ​ស្ថាបនា​ថ្មី​ចូល​ទៅ​ផែ​ទេសចរណ៍​របស់ លោក ឃឹម ចាន់ឌី ហ្នឹង​គឺ​ស្ថាបនា​ឡើង​ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍ និង​ភាព​មាន​បាន​របស់​បុគ្គល​ជា​អភិបាល​រូប​នេះ​តែ​ប៉ុណ្ណោះ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ប្រចាំ​ខេត្ត​កោះកុង ក៏​បាន​រិះគន់​សកម្មភាព​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ដែល​បណ្តោយ​ឲ្យ​មាន​សកម្មភាព​រំលោភ​ដីធ្លី​ពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​ចិន យូញៀន នា​មូលដ្ឋាន​ឃុំ​កោះស្ដេច ប៉ុន្តែ​គ្មាន​វិធានការ​ដោះស្រាយ។

លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កោះកុង សម្ដែង​អារម្មណ៍​ខក​ចិត្ត កាល​បើ​មន្ត្រី​ដឹក​នាំ​គណៈកម្មការ​អន្តរ​ក្រសួង ដឹក​នាំ​ដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ មិន​បាន​ចេញ​មុខ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​នា​ឃុំ​កោះស្ដេច ពេល​នេះ។ លោក​រិះគន់​ថា ស្ថាប័ន​ថ្នាក់​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​បង្កើត​ឡើង​មក​នេះ គឺ​បង្កើត​ឲ្យ​មាន​តែ​ល្អ​មើល ប៉ុន្តែ​គ្មាន​សកម្មភាព​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តាម​មូលដ្ឋាន​នីមួយៗ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន យូញៀន ដែល​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច និង​បាន​ដឹក​ដី​ចាក់​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​លំនៅឋាន​ពលរដ្ឋ​នៅ​តំបន់​ពយ​ជប៉ុន ពេល​នេះ៖ «ពលរដ្ឋ​ដោយសារ​តែ​គ្មាន​ដំណោះស្រាយ ទើប​នាំ​គ្នា​បិទ​ផ្លូវ​ចូល​ទៅ​សាលា​ស្រុក​គីរីសាគរ។ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កោះកុង និង​ជាពិសេស លោក សាយ សំអាល់ ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ត្រូវ​មាន​វិធានការ​ដោះស្រាយ ឬ​សម្រប​សម្រួល​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​ឈាន​ដល់​បើក​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ ឬ​ចូល​ទៅ​កាន់​តំបន់​ផ្សេងៗ ដែល​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បិទ បាន​ប្រើប្រាស់​ទាំងអស់​គ្នា​ឡើង​វិញ​ដោយ​សន្តិវិធី»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង ធ្លាប់​បញ្ជាក់​ថា នឹង​ជួយ​ដោះស្រាយ​ការ​តវ៉ា​លើ​ទំនាស់​ដីធ្លី និង​ឈាន​ដល់​បិទ​ផ្លូវ ផ្ដើម​ដោយ​ក្រុមហ៊ុន​ចិន យូញៀន និង​ប្រជាពលរដ្ឋ​ឃុំ​កោះស្ដេច ឲ្យ​មាន​ការ​ឯកភាព​គ្នា​វិញ។

ប៉ុន្តែ​ការ​អះអាង​នេះ ត្រូវ​តំណាង​ពលរដ្ឋ ៣០​គ្រួសារ នៅ​ឃុំ​កោះស្ដេច រិះគន់​ថា មិន​ដែល​ឃើញ​មុខ​អភិបាល​ខេត្ត​រូប​នេះ​បង្ហាញ​មុខ​ជួប​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ទំនាស់​នេះ​ទេ​ជាង ១​សប្ដាហ៍​មក​ហើយ។

ទំនាស់​នេះ​ដែរ លោក ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ឲ្យ​ដឹង​ថា រាល់​បញ្ហា​ទំនាស់​ដីធ្លី​ដែល​ក្រសួង ឬ​ស្ថាប័ន​ណា​មួយ​ជា​អ្នក​បង្កើត​ឲ្យ​មាន​ទំនាស់​នេះ​ឡើង គឺ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​ដោះស្រាយ​ដោយ​ខ្លួន​ឯង ដូច​ពាក្យ​ដែល​គេ​និយាយ​ថា ចេះ​ស៊ី ត្រូវ​ចេះ​ដោះស្រាយ។ លោក​លើក​ឧទាហរណ៍​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន យូញៀន ជាមួយ​ពលរដ្ឋ​នៅ​ស្រុក​គីរីសាគរ នេះ គឺ​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន ជា​អ្នក​បង្កើត​ទំនាស់​នេះ​ឡើង។ ដូច្នេះ ក្រសួង​បរិស្ថាន ត្រូវ​សហការ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​ខ្លួន​ឯង ហើយ​រូប​លោក​មិន​លូក​ដៃ​ចូល​ទេ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ប្រចាំ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ ៣០​គ្រួសារ រស់នៅ​ចំណុច​ពយ​ជប៉ុន នា​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​ក្រាញ​ននៀល និង​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នឹង​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ពេល​នេះ គឺ​ជា​គ្រួសារ​នៅ​សេសសល់​ចុង​ក្រោយ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត កេរ​ដំណែល​ដូនតា​ធ្លាប់​រស់នៅ​ច្រើន​ជំនាន់ ទៅ​តាម​ការ​គំរាម​កំហែង​របស់​ក្រុមហ៊ុន យូញៀន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​តំបន់​នោះ​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។