ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីខេត្តកោះកុង បង្ហាញភាពធូរស្បើយក្នុងចិត្តបន្តិច ក្រោយពេលជួបដោះស្រាយគ្នាជាមួយមន្ត្រីនៃក្រុមដោះស្រាយវិវាទដីធ្លីទី៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៦ កុម្ភៈ។ តំណាងពលរដ្ឋទាំងនេះហាក់សាទរកិច្ចចរចា ហើយពួកគាត់បន្ថយការទាមទារខ្លះ។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចម្ការអំពៅនៅខេត្តកោះកុង លោកស្រី ផាវ ញ៉ឺង មានប្រសាសន៍ថា ការជួបប្រជុំចរចាដោះស្រាយគ្នានៅក្រសួងរៀបចំដែនដី ថ្ងៃទី៦ កុម្ភៈ មានលទ្ធផលល្អខ្លះ ក្រោយពេលដែលពួកលោកស្រីជាតំណាងចំនួន ២០នាក់ បានបន្ថយការទាមទារប្រាក់សំណងចំនួន ៥០០ដុល្លារក្នុងមួយគ្រួសារ៖ «គឺនៅពេលហ្នឹង ចុះមកនៅ ៤.៥០០ដុល្លារក្នុងមួយគ្រួសារ»។
លោកស្រីកត់សម្គាល់ថា ការបន្ថយការទាមទារនេះ ត្រូវបានស្វាគមន៍ដោយប្រធានក្រុមដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺលោក ទេព ធន។ ស្របពេលបន្ថយចំនួនទឹកប្រាក់ ពលរដ្ឋនៅរក្សាការទាមទារដីជាសំណងទំហំ ២ហិកតារក្នុងមួយគ្រួសារដដែល។
អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីទី៨ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន មានប្រសាសន៍បញ្ជាក់បន្ថែមលើកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហានេះថា នៅថ្ងៃទី៦ កុម្ភៈ ភាគីវិវាទបានយល់គ្នាហើយ។ លោកសន្យាថា នឹងបញ្ជូនជំហររបស់ពលរដ្ឋទៅឲ្យក្រុមហ៊ុនពិភាក្សាគ្នាបន្តទៀត៖ «មើលទៅដូចជាយល់គ្នាច្រើនហើយ។ បានន័យថា ស្អីដែលកើតឡើងពីមុន កុំលើកយកមកនិយាយ ផាត់ចោលទៅ។ យើងនិយាយស្អីដែលយើងត្រូវទៅមុខ ហើយដែលជាសំណូមពររបស់ បងប្អូន ហ្នឹង ហើយសំណូមពរហ្នឹង ខ្ញុំនឹងទៅជូនក្រុមហ៊ុមពិភាក្សាក្នុងបត ( ក្រុមប្រឹក្សា ) របស់គេ ហើយគេគ្រោងប្រជុំនៅថ្ងៃដំណាច់ខែ មិនដឹងថ្ងៃណាទេ ហើយបានលទ្ធផលយ៉ាងណានោះ យើងនឹងយកមកផ្សព្វផ្សាយបន្តទៀត ហើយប្រសិនបើចំណុចណានៅឃ្លាតគ្នា យើងខិតមករកគ្នាបន្តិចៗមក គឺឆាប់ចប់ »។
កំណត់ហេតុប្រជុំដែលលោកបានចុះហត្ថលេខា កត់ត្រាថា ពលរដ្ឋរក្សាជំហរទាមទារដីក្នុង ១គ្រួសារ ២ហិកតារ និងរៀបចំក្នុងចំណុចប្រមូលផ្ដុំបីកន្លែងផ្សេងមិនឆ្ងាយពីភូមិ ហើយរៀបចំប្រព័ន្ធផ្លូវឲ្យពលរដ្ឋផង។ ចំណុចចុងក្រោយ កត់ត្រាថា ប្រសិនបើក្រុមហ៊ុនសម្រេចតាមសំណើ ពលរដ្ឋសុំមកទទួលប្រាក់នៅក្រសួងរៀបចំដែនដី ហើយការបែងចែកដី ត្រូវអនុវត្តតាមការចាប់ឆ្នោត ដើម្បីទទួលយកដីឡូត៍រៀងៗខ្លួន។
លោកស្រី ផាវ ញ៉ឺង បន្តថា ពួកលោកស្រីទទួលបានការបញ្ជាក់ពីមន្ត្រីដោះស្រាយវិវាទថា នឹងយកការបន្ទន់ជំហរខ្លះនេះ ហើយសន្យាថា ប្រសិនបើក្រុមហ៊ុនចម្ការអំពៅយល់ព្រម ហើយប្រគល់ដីដែលមានស្រាប់ខ្លះនោះ ខាងលោកនឹងអាចបែងចែកសម្រាប់ ១៧០គ្រួសារ ហើយនឹងរកដីផ្សេងសម្រាប់ ៥គ្រួសារទៀត។
ទោះជាលោកស្រី ផាវ ញ៉ឺង មានភាពធូរស្រាលខ្លះ ប៉ុន្តែលោកស្រីនៅតែមើលឃើញថា ដំណើរការសម្របសម្រួលដោះស្រាយនេះនៅវែងឆ្ងាយទៀត៖ «យើងនឹងបញ្ចប់ការទាមទារដែរ ប្រសិនបើទទួលបាន ៤.៥០០ដុល្លារក្នុងមួយគ្រួសារ និងដី ២ហិកតារដែលគ្រោងនឹងផ្ដល់ជូនហ្នឹង។ ប៉ុន្តែខ្ញុំនៅតែគិតថា ការឆ្លើយឆ្លងរបៀបនេះ នៅតែមានពាក្យអូសបន្លាយ។ គាត់ថា នេះគ្រាន់តែជាសំណើសុំរបស់យើង ហើយនេះក៏យោបល់របស់គាត់នៅឡើយទេ មិនមែនជាការសម្រេចចិត្តរបស់ក្រុមហ៊ុន គឺនៅឆ្លងកាត់ក្រុមហ៊ុនដដែល។ នេះហើយជាព័ត៌មានអូសបន្លាយធ្វើឲ្យប្រជាពលរដ្ឋយើងដេកចាំនៅវត្តសាមគ្គីរង្សី នេះ ដែលខកអត់បាយអត់ទឹក»។
ក្រុមពលរដ្ឋប្រមាណ ១០០នាក់មកពីខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនស្ករអំពៅ លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦ តែងនាំគ្នាមកតវ៉ានៅភ្នំពេញជាញឹកញយ។ កាលពីព្រឹកថ្ងៃទី២ កុម្ភៈ ពួកគាត់បានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតាមដានការដោះស្រាយ និងសុំឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់នោះ។
ពលរដ្ឋទាំងនេះតំណាងឲ្យពលរដ្ឋប្រមាណ ១៧៥គ្រួសារនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមិនទាន់ទទួលបានដំណោះស្រាយពីក្រុមហ៊ុនស្ករអំពៅទាំងពីរ អះអាងថា គាត់បានបាត់បង់ទាំងដីភូមិ និងដីចម្ការដែលពួកគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៩ មក។
ក្នុងចំណោមពលរដ្ឋ ១៧៥គ្រួសារនេះ មានពលរដ្ឋ ១៥គ្រួសារមានវិវាទបាត់ដីភូមិដោយសារក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា ហេង ហ៊ុយ។ កាលពីថ្ងៃទី២០ ខែមករា គូវិវាទបានជួបជជែកគ្នាម្ដងហើយ ប៉ុន្តែពុំទទួលបានលទ្ធផល។ ពួកគាត់គ្រោងជួបចរចាដោះស្រាយគ្នាទៀត នៅថ្ងៃទី១២ ខែកុម្ភៈ។
ពលរដ្ឋទាំងនេះនិយាយថា គាត់មិនទាន់យល់ព្រមវិលត្រឡប់ទៅផ្ទះវិញទេ រហូតទទួលបានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
