ក៏ប៉ុន្តែ ការអភិវឌ្ឍនេះត្រូវបានអង្គការសង្គមស៊ីវិលបានថ្កោលទោសក្រុមហ៊ុនចិន នេះ ដោយសារតែក្រុមហ៊ុនមិនគោរពច្បាប់ក្នុងប្រទេសកម្ពុជា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស ដោយការបណ្ដេញចេញ និងដុតផ្ទះប្រជាពលរដ្ឋតាមអំពើចិត្ត។
ភូមិមួយចំនួនស្ថិតនៅតាមឆ្នេរសមុទ្រនៃស្រុកគីរីសាគរ និងស្រុកបុទុមសាគរ លែងមានផ្ទះសម្បែង និងមានប្រជាពលរដ្ឋរស់នៅដូចកាលពីមុនទៀតហើយ។ នៅតំបន់ទាំងនេះ បានក្លាយទៅជាផេះ និងស្នាមឈូសឆាយដីដោយគ្រឿងចក្រធំរបស់ក្រុមហ៊ុន ដើម្បីយកទីតាំងនេះធ្វើការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម។
ប្រជាពលរដ្ឋរាប់រយគ្រួសារបានបង្ហូរទឹកភ្នែកនៅក្រោយពេលក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប បានចូលទៅបោះទីតាំង ដើម្បីកែប្រែតំបន់មួយចំនួននៃស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ដែលមានផ្ទៃដីជាង ៣ម៉ឺនហិកតារ ឲ្យទៅជាតំបន់ទេសចរណ៍លំដាប់អន្តរជាតិនៅពេលខាងមុខ។
ថ្វីត្បិតតែក្រុមហ៊ុននេះទទួលបានការជួលដីពីរដ្ឋាភិបាលចំនួន ៩៩ឆ្នាំ ឬហៅថាដីសម្បទានសេដ្ឋកិច្ចនោះក្ដី ក៏ប៉ុន្តែក្រុមអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សបានចាត់ទុកថា ក្រុមហ៊ុនចិន នេះបានធ្វើសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយការបណ្ដេញប្រជាពលរដ្ឋ និងបានដុតផ្ទះសម្បែងពួកគាត់។
«សំឡេង»
ប្រជាពលរដ្ឋជាង ១០០នាក់ មកពី ៥ឃុំ នៅស្រុកគីរីសាគរ បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវនៅមុខការដ្ឋានក្រុមហ៊ុន និងបិទនៅទីតាំងតំបន់អូសន ស្ថិតភូមិព្រែកស្មាច់ ចាប់ពីថ្ងៃទី៥ កុម្ភៈ មកទល់ថ្ងៃទី៧ កុម្ភៈ មិនទាន់បើកវិញនៅឡើយ ដើម្បីកុំឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនបើកចេញចូលបាន និងទាមទារឲ្យអាជ្ញាធរ តំណាងក្រុមហ៊ុនចេញមុខមកដោះស្រាយចំពោះបញ្ហាដុតផ្ទះរបស់ពួកគាត់ចោលនោះ។ ក្នុងការធ្វើបាតុកម្មបិទផ្លូវនេះ ក្រុមប្រជាពលរដ្ឋបានលើកបដាដែលសរសេរថា គ្មានដីធ្លី គ្មានអាយុជីវិត សូមឲ្យក្រុមហ៊ុនគោរពកិច្ចសន្យា និងគោរពច្បាប់កម្ពុជា។ បដាខ្លះទៀតសរសេរថា គន់ គីម និង ម៉ុក ម៉ារ៉េត ជាខ្នងបង្អែកក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប ជាដើម។
«សំឡេង»
ប្រជាពលរដ្ឋឈ្មោះ ងិន ធាន នៅភូមិតានួន ស្រុកបុទុមសាគរ បានរៀបរាប់ថា តំណាងក្រុមហ៊ុនជនជាតិចិន ឈ្មោះ លី តឹកហៃ បានដឹកនាំកងកម្លាំងចម្រុះ មានទាហាន មន្ត្រីបរិស្ថាន និងសន្តិសុខផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនទៅដុតផ្ទះរបស់ពួកគាត់ ដោយគេអះអាងថា ដីស្រែចម្ការ និងភូមិរបស់ប្រជាពលរដ្ឋ គឺរដ្ឋាភិបាលផ្ដល់ឲ្យក្រុមហ៊ុនហើយ ដូច្នេះប្រជាពលរដ្ឋត្រូវតែរើចេញ។
«សំឡេង»
ការចុះទៅបណ្ដេញប្រជាពលរដ្ឋនេះ តំណាងក្រុមហ៊ុនដែលមានទាំងទាហានប្រដាប់ដោយអាវុធ មិនលើកលែងឲ្យប្រជាពលរដ្ឋណាម្នាក់នោះឡើយ ទោះបីជាត្រីដែលពួកគាត់ចិញ្ចឹមនៅក្នុងទឹក ឬទំនិញនៅក្នុងផ្ទះរបស់អាជីវករ ក្រុមសន្តិសុខក្រុមហ៊ុនដុត ឬកាត់ទ្រុងចិញ្ចឹមត្រីរបស់អ្នកស្រុកចោលទាំងអស់។
ស្ត្រីលក់ដូរនៅភូមិពាមកាយ បានសម្ដែងនូវការឈឺចាប់នៅខណៈពួកគាត់ធ្វើបាតុកម្មបិទផ្លូវនោះថា កងកម្លាំងយោធា និងសន្តិសុខរបស់ក្រុមហ៊ុនបានទៅដុតបំផ្លាញរបស់របរ និងផ្ទះរបស់ពួកគាត់ ដែលធ្វើតាមបញ្ជាតំណាងរបស់ក្រុមហ៊ុនចិន ឈ្មោះថា លី តឹកហៃ។ អ្នកស្រីបញ្ជាក់ថា សូម្បីកូនរបស់គាត់អាយុប្រមាណ ៤ឆ្នាំ ក៏ក្រុមសន្តិសុខនោះមិនត្រាប្រណីដែរ បើគាត់មិនបានយកកូនគាត់ចេញផ្ទះទេ កូនរបស់គាត់នឹងត្រូវភ្លើងឆេះទាំងរស់នៅក្នុងផ្ទះ។
«សំឡេង»
នៅទីតាំងដែលក្រុមហ៊ុនដុតផ្ទះប្រជាពលរដ្ឋនោះ គ្មានផ្ទះទៀតទេ ដែលការដុតនេះមានច្រើនដំណាក់កាល គិតពីថ្ងៃទី២១ មករា ដល់ថ្ងៃទី២ កុម្ភៈ មានចំនួន ៤៥ខ្នង។ ក្រោយពីដុតផ្ទះឆេះអស់ ក្រុមហ៊ុនបានយកគ្រឿងចក្រទៅគាស់ផ្ដួលរំលំដើមស្វាយ និងដើមត្នោតចោល។ ឥឡូវនេះ សន្តិសុខក្រុមហ៊ុនបន្តរុះរើជម្រកតង់កៅស៊ូរបស់ប្រជាពលរដ្ឋទៀត បើសិនជាក្រុមសន្តិសុខក្រុមហ៊ុនឃើញនោះ។
អ្នកយកព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិល រួមមាន មន្ត្រីអង្គការអាដហុក វេទិកាមិនមែនរដ្ឋាភិបាលនៅកម្ពុជា (NGO forum) មន្ត្រីគណៈកម្មាធិការប្រព្រឹត្តិកម្ម (CHRAC) មន្ត្រីអប់រំច្បាប់សម្រាប់សហគមន៍ និងមន្ត្រីស៊ើបអង្កេតអង្គការលីកាដូ បានព្យាយាមសុំចូលទៅក្នុងការដ្ឋានក្រុមហ៊ុន ដើម្បីសុំជួបតំណាងក្រុមហ៊ុនសួរអំពីបញ្ហានេះ តែសន្តិសុខក្រុមហ៊ុនមិនអនុញ្ញាតឲ្យចូលជួបនោះទេ នៅថ្ងៃទី៥ និងថ្ងៃទី៦ កុម្ភៈ។
អភិបាលស្រុកគីរីសាគរ លោក ឃឹម ច័ន្ទឌី មានប្រសាសន៍ថា បញ្ហាផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ គឺហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។ លោកបញ្ជាក់ថា ការសិក្សាផលប៉ះពាល់ និងការផ្ដល់សំណងណាមួយនោះ ខាងគណៈកម្មការអន្តរក្រសួង ហើយបញ្ហានេះខាងអន្តរក្រសួងបានធ្វើការសិក្សារួចរាល់ហើយ។ លោកអភិបាលស្រុកបញ្ជាក់ថា កន្លងមកខាងក្រុមហ៊ុនបានស្នើខាងស្រុកទៅចូលរួមក្នុងការបណ្ដេញប្រជាពលរដ្ឋដែរ តែលោកបានបដិសេធ ពីព្រោះអាជ្ញាធរស្រុកមិនចង់យកការបណ្ដេញចេញនេះជាដំណោះស្រាយទេ។
«សំឡេង»
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ មានផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ នៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ ដែលមានរយៈពេល ៩៩ឆ្នាំ។ ហើយនៅពេលចប់កិច្ចសន្យានេះ រដ្ឋាភិបាលបន្តជួលឲ្យទៀត ដែលនឹងកំណត់រយៈពេលជាថ្មី។ ទីតាំងនៃដីសម្បទាននេះ ស្ថិតក្នុងតំបន់អភិរក្សឧទ្យានជាតិបុទុមសាគរ ឆ្នាំ១៩៩៣។
របាយការណ៍របស់វេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានសរសេរថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចនេះមាន ១.១៤៣គ្រួសារ ក្នុងនោះចំនួន ៨០០គ្រួសារ បានទទួលយកសំណងពីក្រុមហ៊ុន។ តែជាង ៣០០គ្រួសារទៀត មិនព្រមទទួលយកសំណងនោះទេ។
ប្រធានកម្មវិធីដីធ្លី និងជីវភាពនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ផាន់ ស៊ីថាន បានជំរុញឲ្យតំណាងក្រុមហ៊ុនជួបដោះស្រាយជាមួយប្រជាពលរដ្ឋ មិនត្រូវគេចវេសដូច្នេះទេ។ លោកបញ្ជាក់ថា ការធ្វើដូច្នេះ ប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរចំពោះគម្រោងអភិវឌ្ឍន៍នេះ។
«សំឡេង»
មន្ត្រីអង្គការសិទ្ធិមនុស្សបានបញ្ជាក់ថា ការអនុវត្តរបស់ក្រុមហ៊ុននេះ គឺផ្ទុយពីសារាចរលេខ០១ របស់រដ្ឋាភិបាលឆ្នាំ២០១២ សរសេរថា ក្រសួងស្ថាប័ន និងអាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គោលនយោបាយ និងរាល់លក្ខខណ្ឌទាំងឡាយនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្តល់សម្បទានដីសេដ្ឋកិច្ច ពិសេសការអនុវត្តគោលនយោបាយស្បែកខ្លា និងមិនធ្វើឲ្យប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហានេះ ក្រុមមន្ត្រីសិទ្ធិមនុស្សបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ ចំពោះសកម្មភាពរបស់ក្រុមហ៊ុនដែលផ្ទះប្រជាពលរដ្ឋ និងស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសំណងជាបន្ទាន់ឲ្យប្រជាពលរដ្ឋ ឲ្យបានសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។