ពលរដ្ឋ​ខេត្ត​កោះកុង​ទាមទារ​អាជ្ញាធរ​ឈប់​ប្រើ​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​រឿង​ដីធ្លី

តំណាង​ពលរដ្ឋ​ប្រមាណ ៨០​នាក់ មក​ពី​ឃុំ​ចំនួន​៦ និង​ស្រុក​ចំនួន​៣ គឺ​ស្រុក​គីរីសាគរ ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​អាជ្ញាធរ​ចុះ​វាស់វែង​ដី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ និង​សុំ​ឲ្យ​ក្រុមហ៊ុន​ឈប់​ឈូស​ឆាយ​ដី​ពលរដ្ឋ ព្រម​ទាំង​ប្រើ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​បង្ក្រាប​អ្នក​តវ៉ា​បញ្ហា​ដីធ្លី​បន្ត​ទៅ​ទៀត។

0:00 / 0:00

ទោះ​យ៉ាង​ណា អភិបាល​រង​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​អាច​ធ្វើ​តាម​សំណើ​ពលរដ្ឋ​នោះ​ទេ ព្រោះ​កិច្ចការ​នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ពលរដ្ឋ​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មាន​ប្រសាសន៍​នៅ​មុខ​សាលា​ខេត្ត កណ្ដាល​ហ្វូង​មនុស្ស​ប្រមាណ ៨០​នាក់​ថា ពួក​គាត់​មក​ជួប​ជុំ​គ្នា​នា​មុខ​សាលា​ខេត្ត​នេះ គឺ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​បញ្ឈប់​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។

អ្នកស្រី ផាវ ញើង ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​ក៏​ដឹង​ដែរ​ថា ថ្ងៃ​ទី១៩ ខែ​មិថុនា បើ​ទោះ​បី​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ក៏ដោយ ក៏​អាជ្ញាធរ​មិន​អាច​ធ្វើ​បាន​ដែរ ព្រោះ​អាជ្ញាធរ​រវល់​នឹង​ការងារ​របស់​ខ្លួន ដូច្នេះ​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ជូន​ពលរដ្ឋ​ចំពោះ​ក្បាល​ដី​របស់​ពលរដ្ឋ។

ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ភូមិ​សម្រុងតាកែវ ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ អ្នកស្រី ទិត ទែន មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​រឿង​ដីធ្លី​នា​តំបន់​ដែល​អ្នកស្រី​រស់នៅ ហាក់​មាន​មួយ​ឃុំ​តែ​ម្ដង ហើយ​កើត​មក​ពី​ក្រុមហ៊ុន ញូញៀន ឌីវឺឡុបមែន (Union Development Group Company)។

ទាក់ទង​នឹង​បញ្ហា​នេះ ពលរដ្ឋ​ទាំង​បី​ស្រុក​នោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត ឲ្យ​ដឹង​ថា បញ្ហា​ដីធ្លី​ភាគ​ច្រើន ក្រុមហ៊ុន ញូញៀន ឌីវឺឡុបមែន ជា​អ្នក​បង្ក​ឡើង។

អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​គួរ​រួសរាន់​ចាត់​ចែង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជូន​ពលរដ្ឋ ពុំ​នោះ​ទេ បញ្ហា​នេះ​អាច​រីក​រាល​កាន់​តែ​ធំ ព្រោះ​បើ​តាម​សង្កេត​របស់​លោក ឃើញ​ថា​បញ្ហា​កើត​មាន​ច្រើន​រួច​ហើយ​ក្នុង​ខេត្ត​នេះ។ លោក​ថា កន្លង​មក​លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​បាន​បង្កើត​គណៈកម្មការ​ការងារ​ស្ទើរ​គ្រប់​ស្រុក ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ ប៉ុន្តែ​បញ្ហា​ដីធ្លី​កើត​ឡើង​ហាក់​ពុំ​អាច​បញ្ចប់​សោះ។

ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ពលរដ្ឋ អភិបាល​រង​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ លោក​មិន​អាច​ឆ្លើយ​តប​បាន​ទេ ព្រោះ​អាជ្ញាធរ​ខេត្ត​ពុំ​មាន​សមត្ថកិច្ច​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ទទួល​ខុស​ត្រូវ។

ពលរដ្ឋ​ប្រមាណ​៨០ មក​ពី​ស្រុក​ចំនួន​៣ និង​ឃុំ​ចំនួន​៦ នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ពលរដ្ឋ​ដែល​មក​ពី​ស្រុក​ចំនួន​៣ នោះ រួម​មាន​ស្រុក​ស្រែអំបិល ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

ទោះ​យ៉ាង​ណា លោក​អភិបាល​រង​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា ការ​ដែល​ពលរដ្ឋ​លើក​ឡើង​ថា កង​រាជ​អាវុធ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​នោះ លោក​ហាក់​មិន​ដែល​ដឹង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។