មន្ត្រីរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី បានចុះជួបប្រជាពលរដ្ឋមានបញ្ហាដីធ្លីប្រមាណ ៣០០នាក់ នៅស្រុកគីរីសាគរ ខេត្តកោះកុង នៅថ្ងៃទី៨ ខែសីហា។ ការជួបជុំនោះ មន្ត្រីរដ្ឋាភិបាលបើកឱកាសឲ្យពលរដ្ឋ រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ក្រោយមកទើបក្រុមមន្ត្រីផ្តល់ការសន្យាទៅពលរដ្ឋ។ យ៉ាងណាមិញ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ លោក វ៉ា សំអឿន សន្យាថានឹងយករឿងរ៉ាវទាំងនេះទៅប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក ប្រាក់ ថន ប្រាប់ឲ្យដឹងថា លោក វ៉ា សំអឿន សន្យាថានឹងលើកយកសំណើកាត់ដីភូមិពយជប៉ុន ចេញពីដីក្រុមហ៊ុន ផ្តល់ឲ្យពលរដ្ឋវិញ ដែលមានទំហំ ៣៥ហិកតារ។ តំណាងពលរដ្ឋដដែលឲ្យដឹងថា ពួកគេមិនអាចចាកចេញពីភូមិនេះបានទេ ត្បិតនៅកន្លែងនោះជាសាលារៀន និងវត្តអារាម៖ «យើងខ្ញុំក៏អបអរសាទរចំពោះការសន្យាដែលថា នឹងដោះស្រាយឲ្យពួកយើងក្នុងពេលឆាប់ៗនេះ»។
ក្រុមពលរដ្ឋនៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) កាលពីឆ្នាំ២០១០ សព្វថ្ងៃប្រជាពលរដ្ឋចំនួន ២៣គ្រួសារ មិនព្រមទទួលសំណងចាកចេញពីភូមិ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកោះកុង រំពឹងថា វត្តមានមន្ត្រីរដ្ឋាភិបាលនៅពេលនេះ នឹងអាចដោះស្រាយជម្លោះរវាងពលរដ្ឋ និងក្រុមហ៊ុនបាន ប្រសិនរដ្ឋាភិបាលមានចេតនាចង់ដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
