ពលរដ្ឋដែលត្រូវក្រុមហ៊ុនចិន មួយឈ្មោះ ស៊ីណូ ម៉ិចស៊ីម (SINO MEXIM) ប្ដឹងទៅតុលាការពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន កំពុងប្រមូលស្នាមមេដៃអ្នកភូមិ ជំរុញឲ្យអង្គការសិទ្ធិមនុស្សជួយស្វែងរកអន្តរាគមន៍។
ពលរដ្ឋ ៤នាក់ ក្នុងចំណោមមនុស្ស ៨៥នាក់ ដែលទៅរារាំងមិនឲ្យក្រុមហ៊ុនឈូសឆាយដីចម្ការរបស់ពួកគាត់ ហើយត្រូវក្រុមហ៊ុនប្ដឹង មានឈ្មោះ កែវ វីរៈ អាយុ ២០ឆ្នាំ កែវ ថៃ អាយុ ៣៩ឆ្នាំ ឈ្មោះ សេម សឿន អាយុ ២០ឆ្នាំ និងឈ្មោះ ទូច គូ អាយុ ៥២ឆ្នាំ។ ប៉ុន្តែ ឈ្មោះ កែវ ថៃ បានស្លាប់ដោយជំងឺកាលពីថ្ងៃ១៤ ខែតុលា ហើយ។
បុរសអ្នកភូមិជីប្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង លោក មាស សេម ជាឪពុករបស់ សេម សឿន ដែលក្រុមហ៊ុនប្ដឹង បានថ្លែងនៅថ្ងៃទី១៥ ខែតុលា ថា រហូតមកដល់ពេលនេះ ពលរដ្ឋនៅពុំទាន់បានទទួលដីកាកោះហៅពីតុលាការនោះទេ។ ប៉ុន្តែ លោកមានការព្រួយបារម្ភ ទើបពេលនេះកំពុងប្រមូលស្នាមមេដៃពីពលរដ្ឋ ដើម្បីបានសំឡេងគាំទ្រស្នើឲ្យសង្គមស៊ីវិលជួយអន្តរាគមន៍វិញ។
លោក មាស សេម បានបន្តទៀតថា អាជ្ញាធរមិនបានអើពើនៅពេលដែលពលរដ្ឋជួបបញ្ហានោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនធ្លាប់បានដុតផ្ទះពលរដ្ឋអស់ ២ខ្នង និងឈូសដំណាំពួកគាត់ ដើម្បីយកដីអភិវឌ្ឍទៀត តែនៅពេលពួកគាត់ដាក់ពាក្យប្ដឹង បែរជាស្ងាត់មិនទទួលបានលទ្ធផលអ្វីសោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេការក្រុមហ៊ុន ស៊ីណូ ម៉ិចស៊ីម លោក ឡុក លី ចំពោះការប្ដឹងពលរដ្ឋនេះបានទេ។ ហើយមន្ត្រីតុលាការ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃទី១៥ តុលា។
ប៉ុន្តែ អភិបាលស្រុកបុទុមសាគរ លោក អន ភារៈ បានថ្លែងថា នេះជាសិទ្ធិរបស់ក្រុមហ៊ុនដែលសម្រេចប្ដឹងពលរដ្ឋទៅតុលាការ។ លោកថា លោកកំពុងឲ្យភូមិឃុំស្រង់ស្ថិតិប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ ដើម្បីផ្ដល់ដីសម្បទានសង្គមកិច្ច។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ បានហៅការប្ដឹងពលរដ្ឋនេះ ថាជាហេតុនាំឲ្យពួកគាត់កាន់តែមានការយល់ច្រឡំទៅអាជ្ញាធរ និងក្រុមហ៊ុនបន្ថែមទៀត ក្នុងការស្វែងរកដំណោះស្រាយ។
ក្រុមហ៊ុន ស៊ីណូ ម៉ិចស៊ីម របស់ចិន បានជួលដីជាង ៤ពាន់ ២រយហិកតារ ពីរដ្ឋាភិបាលចំនួន ៧០ឆ្នាំ ដើម្បីអភិវឌ្ឍតំបន់កសិកម្មទេសចរណ៍នៅស្រុកបុទុមសាគរ។ ប៉ុន្តែ បានប៉ះដីអ្នកភូមិធ្វើចម្ការចំនួន ៨៥គ្រួសារ។ កាលពីថ្ងៃទី១ ខែតុលា ពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មនៅលើដីទំនាស់ ដើម្បីស្នើឲ្យក្រុមហ៊ុននេះដកគ្រឿងចក្រចេញ កុំឲ្យឈូសឆាយលើដីចម្ការរបស់ពួកគាត់។ ដោយសារភាគីក្រុមហ៊ុននៅតែបន្ត ពលរដ្ឋបានអះអាងថា ពួកគាត់ក៏នាំគ្នាចូលរុះរោងដែលមានទំហំប្រមាណ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ចោល ទើបក្រុមហ៊ុនដាក់ពាក្យប្ដឹងអ្នកភូមិ ៤នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
