ប្រជាពលរដ្ឋជាង ២០០គ្រួសារ នៅខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំជីខលើ ស្រុកស្រែអំបិល ដើម្បីទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅក្រុមហ៊ុនកោះកុងស៊ូហ្គើរ អិនដាស់ទ្រី (Koh Kong Suger Industry) និងក្រុមហ៊ុនកោះកុងផ្លែនថេសិន អិនដាស់ទ្រី (Plantation Industry) ឲ្យផ្តល់ដីធ្លីបង្កបង្កើនផល ដែលក្រុមហ៊ុនទាំងពីរឈូសឆាយរំលោភយកនោះ មកជូនពួកគាត់វិញ។
ក្រុមប្រជាពលរដ្ឋ បានបំបែកការប្រមូលផ្តុំបន្ទាប់ពីមេឃុំជីខលើ អនុញ្ញាតឲ្យតំណាងពលរដ្ឋចូលរួមរកដំណោះស្រាយ នៅថ្ងៃច័ន្ទ ទី២៧ ខែតុលា។
ការប្រមូលផ្តុំរបស់សហគមន៍មានទំនាស់ដីធ្លីនៅឃុំជីខលើ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែតុលា ក៏មានមន្ត្រីសហគមន៍អឺរ៉ុប មេធាវី និងមន្ត្រីសង្គមស៊ីវិលមួយចំនួន នាខេត្តកោះកុង បានចូលរួម។
លោក អាន ហៃយ៉ា តំណាងសហគមន៍តស៊ូមតិដីធ្លីនៅឃុំជីខលើ មានប្រសាសន៍ថា ពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីនេះមានជាង ២០០គ្រួសារ ហើយទំនាស់នេះបានកើតតាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ លោកថា ការទាមទាររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំជីខលើ គឺមិនមែនទាមទារយកសំណងលុយកាក់ពីក្រុមហ៊ុនទេ ប៉ុន្តែទាមទារយកចំណែកដីស្រែចម្ការបង្កបង្កើនផលរបស់ពួកគាត់ ដែលក្រុមហ៊ុនកោះកុងស៊ូហ្គើរ និងក្រុមហ៊ុនកោះកុងផ្លែនថេសិន រំលោភយក ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផលឡើងវិញ។
លោក អាន ហៃយ៉ា៖ «ប្រជាពលរដ្ឋពួកគាត់ទាំងជាង ២០០គ្រួសារនេះ គាត់ប្ដឹងទៅតុលាការក្តី ដាក់ញត្តិផ្សេងៗក្តី គឺគាត់ទាមទារយកដីរបស់ពួកគាត់វិញ។ ចឹងការដោះស្រាយគោលនយោបាយសំណងជាលុយហ្នឹង ពួកគាត់អត់យកទេ។ ដូច្នេះពួកគាត់ចង់បង្ហាញឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា នេះ ពួកគាត់មិនបានទៅយកលុយទេ ហើយក្រុមហ៊ុនបានផ្សាយថា កំពុងតែដោះស្រាយជូនប្រជាពលរដ្ឋហើយ ប៉ុន្តែពលរដ្ឋថ្លែងថា មិនមែនជាគោលនយោបាយរបស់ពួកគាត់ទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនដែលមានទំនាស់ដីធ្លីជាមួយពលរដ្ឋសហគមន៍ជីខលើ ជាង ២០០គ្រួសារបានទេ នៅថ្ងៃសៅរ៍ នេះ។
ប៉ុន្តែ លោក ឆាយ វុធ មេឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានប្រសាសន៍ថា ករណីទំនាស់ដីធ្លីនេះ អាជ្ញាធរឃុំនឹងអញ្ជើញតំណាងសហគមន៍ និងផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយនៅថ្ងៃច័ន្ទ ទី២៧ ខែតុលា ប៉ុន្តែលោកមិនដឹងថាបានលទ្ធផលបែបណាទេ៖ «មេធាវីគាត់នាំកូនក្តីរបស់គាត់ហ្នឹង ចង់បានការចូលរួមពីពួកគាត់នៅថ្ងៃច័ន្ទ គឺថ្ងៃដែលខ្ញុំអញ្ជើញតំណាងឆ្លើយតបទៅនឹងការដាក់ញត្តិកាលពីថ្ងៃទី៩ ខែតុលា កន្លងទៅ»។
បញ្ហានេះដែរ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ទំនាស់ដីធ្លីរវាងពលរដ្ឋជាង ២០០គ្រួសារ និងក្រុមហ៊ុននៅឃុំជីខលើ ស្រុកស្រែអំបិល មានផ្ទៃដីសរុបជាង ១.៣០០ហិកតារ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានរិះគន់មន្ត្រីរដ្ឋាភិបាលចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ ថាមានភាពកម្សោយក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋនៅឃុំជីខលើ។ ជាងនេះ បានទុកឲ្យក្រុមហ៊ុនធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋ អូសបន្លាយតាំងពីឆ្នាំ២០០៦ មកដល់ពេលនេះមិនទាន់មានដំណោះស្រាយ៖ «ប្រជាជនមានចំនួន ២០០គ្រួសារ ដែលគាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងជាយូរមកហើយ។ ពួកគាត់មិនសប្បាយចិត្ត ហើយគាត់ច្រានចោលមិនចង់បានលុយទេ គឺទាមទារយកដីឲ្យអាជ្ញាធរខេត្ត និងក្រុមហ៊ុន ត្រូវតែឆ្វៀលដីឲ្យគាត់តាមបទបញ្ជាលេខ០១»។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសហគមន៍ជីខលើ បានឲ្យដឹងថា ទំនាស់ដីធ្លីនេះពួកគាត់ធ្លាប់បានស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ចាប់ពីថ្នាក់ឃុំ ស្រុក ខេត្ត រហូតដល់រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ ប៉ុន្តែគ្មានប្រយោជន៍ទេ ព្រោះគ្មានមន្ត្រីពាក់ព័ន្ធផ្នែកណាមួយជួយដោះស្រាយកង្វល់ពួកគាត់ឡើយ។ ប្រជាពលរដ្ឋអះអាងថា នឹងមិនលះបង់ការតស៊ូ ដើម្បីទាមទារដីធ្លីបង្កបង្កើនផល ដែលជាកេរ្តិ៍ដំណែលពីដូនតាជាដាច់ខាតនាថ្ងៃអនាគត ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។