ប្រធានក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ឲ្យដឹងថា ជម្លោះដីធ្លីនៅខេត្តកោះកុង គឺកងកម្លាំងប្រដាប់អាវុធ ជាអ្នកដែលស្ថិតនៅពីក្រោយនៃជម្លោះ និងមានការរំលោភសិទ្ធិមនុស្ស។
ប្រធានក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ថា បញ្ហានៅត្រង់ថា ភាពយឺតយ៉ាវនេះព្រោះតែក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ហៅកាត់ថា យូ.ឌី.ជី (UDG) និងក្រសួងបរិស្ថាន មិនអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដូចសេចក្ដីប្រកាសតាមបទបញ្ជា០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ថែមពីនេះទៀត ក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលគម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា បានចេញរបាយការណ៍នៅថ្ងៃទី១ ធ្នូ នេះរកឃើញថា កងកម្លាំងដែលត្រូវបានក្រុមហ៊ុនឯកជនជួល ជាពិសេសក្រុមហ៊ុនចិន ដែលដាក់វិនិយោគទុននៅកម្ពុជា គឺផ្ដល់កម្រៃពលកម្មក្នុងមួយខែៗចន្លោះតម្លៃចាប់ពី ៣០០ដុល្លារទៅ ៥០០ដុល្លារអាមេរិក។
របាយការណ៍ដែលដាក់ចំណងជើង "ការមិនគោរពច្បាប់ និងសិទ្ធិមនុស្ស" ឲ្យដឹងថា កម្លាំងយោធាបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ដោយមិនទាន់គិតដល់អាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ដែលទទួលលាភសក្ការៈ ហើយការពារផលប្រយោជន៍ឲ្យក្រុមហ៊ុននៅឡើយផង។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ វិច្ឆិកា ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ធ្នូ ក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារក្នុងស្រុកចំនួន២ គឺស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ស្ថិតក្នុងខេត្តកោះកុង បានក្លាយជាអ្នកដែលពុំមានផ្ទះសម្បែង បាត់បង់ដីធ្លី និងរឹតតែបញ្ហាទៀតនោះ គឺក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប មានផែនការបណ្ដេញប្រជាពលរដ្ឋបន្តទៀតពីមាត់សមុទ្រទៅកំពូលភ្នំ។
របាយការណ៍ឲ្យដឹងទៀតថា មូលហេតុដែលក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប មិនអើពើក្នុងការអនុវត្តគោលនយោបាយឆ្វៀលដីជូនពលរដ្ឋតាមរូបមន្តស្បែកខ្លា ដូចការប្រកាសរបស់ លោក ហ៊ុន សែន នោះ ដោយសារក្រុមហ៊ុនចិន នេះ មានខ្នងបង្អែកដ៏រឹងមាំ គឺកម្លាំងយោធានៅពីក្រោយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្រសួងបរិស្ថាន ឬក្រសួងកសិកម្ម មិនបានឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី ទេ នៅថ្ងៃទី១ ធ្នូ ដោយទម្លាក់ការទទួលខុសត្រូវក្នុងរឿងនេះតៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
