បុរស​ម្នាក់​មាន​បញ្ហា​ដីធ្លី​នៅ​ក្រចេះ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រារាំង​មន្ត្រី​រដ្ឋបាល​អនុវត្ត​ច្បាប់

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់ បាន​រារាំង និង​ប្រតិកម្ម​ចំពោះ​កម្លាំង​ចម្រុះ​ដែល​ជា​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ក្រចេះ ហើយ​ចុះ​ទៅ​អនុវត្ត​ការងារ​ដីធ្លី ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​កាន់​កាប់ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់។

បុរស​អ្នក​ភូមិ​ម្នាក់​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ត្រូវ​បាន​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ក្រចេះ ចាប់​ខ្លួន​ពី​បទ​រារាំង​មន្ត្រី​រដ្ឋបាល​អនុវត្ត​ច្បាប់ បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ រង់ចាំ​កសាង​សំណុំ​រឿង​ទៅ​តុលាការ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្រូច ឃុំ​ដំរីផុស អ្នកស្រី ចាន់ធឿន ថ្លែង​នៅ​ថ្ងៃ​ទី​២០ ឧសភា ថា អ្នក​ភូមិ​ប្រមាណ ៣០ ទៅ ៤០​នាក់ បាន​រារាំង​មិន​ឲ្យ​ក្រុម​ការងារ​ចម្រុះ​ដែល​មាន​ទាំង​គ្រឿងចក្រ​ចំនួន ២​គ្រឿង​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ឌូវ ទៀង ឈូស​ដី​ដាំ​ដំណាំ​របស់​ពួក​គាត់ នៅ​ចំណុច​អូរ​ផ្ដៅ​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ការ​រារាំង​នេះ បុរស​ឈ្មោះ គីង ឈី អាយុ ៣៧​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន។ អ្នកស្រី​បញ្ជាក់​ថា ក្រៅ​ពី​ចាប់​ខ្លួន​គ្នា​គាត់​នោះ ក្រុម​ការងារ​បាន​ឈូស​ផ្ដួល និង​ដុត​ផ្ទះ រួម​ទាំង​រោង​ចាំ​ចម្ការ​របស់​ពួក​គាត់​អស់​ចំនួន ៦​ខ្នង និង​រោង។

អ្នកស្រី ចាន់ធឿន៖ «ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ហ្នឹង​ណា ទៅ​ឃាត់​គេ ដល់​ពេល​ឈូស​ទៅ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ហ្នឹង ឈ្មោះ ឈី អី​ហ្នឹង​គេ​ថា​ឲ្យ​រើ​ឥវ៉ាន់​ចេញ​ទៅ រោង​ហ្នឹង រើស​ផ្ទះ​ហ្នឹង​ណា ដល់​ពេល​ទៅ​គាត់​រើ ស្រាប់​ដល់​គាត់​បាន​រើ​ទេ ស្រាប់​តែ​គេ​ចាប់​គាត់​ហ្មង ទាហាន​ក្រុមហ៊ុន​ហ្នឹង ទាហាន​ការពារ​អា​ប៉ុល​យួន​ឈូស​ហ្នឹង​ណា។ ដី​ហ្នឹង​និស្សិត​គេ​វាស់​ឲ្យ​ខ្ញុំ​ហើយ នរណា​គេ​បាន​វាស់​គេ​វាស់​នរណា​គេ​មិន​បាន​វាស់​គេ​អត់​អ៊ីចឹង​ណា ដូច​ថា​នៅ​កណ្ដាល​អ៊ីចឹង​ទៅ។ អ្នក​គេ​វាស់​ខាងៗ​អស់​ហើយ នៅ​កណ្ដាលៗ​អ៊ីចឹង​ណា នៅ​មួយ​ហិកតារ ២​ហិកតារ​អ៊ីចឹង​ណា។ សូម្បី​តែ​វាស់​ហ្នឹង​ក៏​មិន​ទាន់​បាន​ប្លង់​បាន​អី​ដែរ នៅ​ទាំងអស់​បង​អើយ ដី​ហ្នឹង​ពួក​ខ្ញុំ​ដាំ​ដំឡូង​អស់​ហើយ។ ក្រុមហ៊ុន​ហ្នឹង​គេ​ឈូស​ឆាយ​ដាំ​កៅស៊ូ​ហ្នឹង​ណា សុទ្ធ​តែ​ក្រីក្រ គ្មាន​អី​ទេ អស់​អា​លីង​ហើយ​ឥឡូវ​អស់​ហើយ​ទៅ​នៅ​ឯណា​វិញ?»

ទាក់ទង​បញ្ហា​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ លោក​ឧត្ដមសេនីយ៍ កែវ ជា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី ក្រោម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ខេត្ត កង​កម្លាំង​អន្តរាគមន៍​ដល់​ក្រុម​ការងារ​ចម្រុះ ដែល​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​ពី​ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត បាន​ចុះ​ទៅ​អនុវត្ត​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន ដែល​កំពុង​កាន់​កាប់​ដី​ខុស​ច្បាប់។ ប៉ុន្តែ លោក​មិន​បញ្ជាក់​ថា ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ឌូវ ទៀង ដូច​ដែល​ពលរដ្ឋ​អះអាង​នោះ​ទេ។ លោក​ថា ក្រុម​ការងារ​នឹង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ៖ «ព្រោះ​ក្រុម​ការងារ​ហ្នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី ចុះ​ទៅ​បង្ក្រាប​ដីធ្លី​ដែល​យើង​និយាយ​ថា ប្រជាពលរដ្ឋ​ផង​ក៏​បាន​ថា​ជា​ជន​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ចូល​ទៅ​កាប់​ទន្ទ្រាន​បំផ្លាញ​ធនធាន ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ក៏​បាន។ ដល់​ពេល​គេ​អនុវត្ត​ទៅ គាត់​មក​រារាំង​នៅ​ក្នុង​ការ​អនុវត្ត​របស់​មន្ត្រី​អនុវត្ត​ច្បាប់។ ខ្ញុំ​មិន​ដឹង​ពាក់ព័ន្ធ​ដី​របស់​ក្រុមហ៊ុន ឬ​ក៏​ដី​រដ្ឋ​ទេ ប៉ុន្តែ​ទោះ​បី​ដី​របស់​ក្រុមហ៊ុន​ក៏ដោយ ដី​នេះ​ក៏ដោយ វា​ស្ថិត​ជា​ដី​រដ្ឋ​ទាំងអស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាលរង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ដីធ្លី គឺ​លោក ខ័ណ្ឌ ចំណាន បាន​ទេ នៅ​ថ្ងៃ​ទី​២០ ឧសភា ដើម្បី​បំភ្លឺ​ជុំវិញ​វិវាទ​ដីធ្លី​នេះ ដោយ​ទូរស័ព្ទ​លោក​ជាប់​រវល់។

បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ គឺ​មាន​ភាព​ច្របូកច្របល់ ដោយ​ទំនាស់​រវាង​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ផង និង​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក ទៅ​កាប់​រាន​ព្រៃ​យក​ដី និង​រស់​នៅ​ធ្វើ​ចម្ការ​ផង​ក៏​មាន។ បញ្ហា​នេះ អាជ្ញាធរ​បាន​ចាត់​វិធានការ​ជា​ញឹកញាប់។ ជា​វិធានការ​នោះ គឺ​អាជ្ញាធរ​អាច​ឈាន​ទៅ​ចាប់​ខ្លួន​ពលរដ្ឋ​ក៏​មាន។

កាល​ពី​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែ​មេសា អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ចាប់​ខ្លួន​មនុស្ស ៣​នាក់ នៅ​ភូមិ​ថ្មសំលៀង ឃុំ​ដំរីផុង ដោយ​ចោទ​ថា​រំខាន​ដល់​មន្ត្រី​អាជ្ញាធរ​អនុវត្ត​ច្បាប់ ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា និង​ប្រើ​អំពើ​ហិង្សា​ចំពោះ​អាជ្ញាធរ ជាដើម។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា សាលា​ដំបូង​ខេត្ត​សម្រេច​ដោះ​លែង​ពលរដ្ឋ​មួយ​រូប​វិញ បន្ទាប់​ពី​បាន​រក​ឃើញ​ថា គាត់​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​នា​ពេល​កន្លង​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។