គ្រួសារយុវជននៅខេត្តក្រចេះ មានអាយុក្រោម ៣៥ឆ្នាំ ដែលទើបបែកលំនៅពីឪពុកម្ដាយ ទៅកសាងអនាគតគ្រួសារថ្មីនោះ កំពុងប្រឈមមុខនឹងការខ្វះដីបង្កបង្កើនផល និងសង់លំនៅឋាន។
ការដោះស្រាយបញ្ហាប្រឈមនេះ ជំរុញឲ្យពួកគេស្វែងរកដីទំនេរ ដើម្បីបោះទីតាំងរស់នៅកសាងអនាគតគ្រួសារថ្មី ប៉ុន្តែសកម្មភាពនោះបានបង្កជាជម្លោះដីធ្លីជាមួយអាជ្ញាធររដ្ឋជាអ្នកគ្រប់គ្រងដីនោះ និងមានជម្លោះជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ បច្ចុប្បន្ន បញ្ហានេះបានក្លាយជាបន្ទុកមួយធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធដទៃទៀតនៅភ្នំពេញ។
មនុស្សជាង ២០០នាក់ តំណាង ៤០៥គ្រួសារ ដែលបានកាប់រានដីព្រៃតំបន់ពាមប៉ោអូរ៣ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បន្តស្នាក់នៅវត្តសាមគ្គីរង្ស៊ី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរខេត្តក្រចេះ បណ្ដេញឲ្យចេញពីដីកាប់រានកាលពីថ្ងៃទី៣០ ខែមេសា ដោយសារដីពួកគាត់កាប់រាននោះ អាជ្ញាធរខេត្តអះអាងថា ជាដីបម្រុងទុករបស់រដ្ឋ។
ជនជាតិស្ទៀងមកពីខេត្តក្រចេះ ឈ្មោះ ខឿន ចាន់រឿន អាយុ ២០ឆ្នាំ ឲ្យដឹងថា ពួកគាត់នាំគ្នាមកភ្នំពេញនេះ បំណងសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល រដ្ឋសភា អង្គការនានា កាកបាទក្រហមកម្ពុជា ដើម្បីទទួលបានដីធ្លីដែលបានកាប់រាននៅតំបន់ពាមប៉ោអូរ៣ ក្នុងឃុំឃ្សឹម។
យុវតីបន្តថា វប្បធម៌របស់ជនជាតិ គឺរស់នៅក្នុងព្រៃរំពឹងលើដើមឈើធំៗ ដើម្បីដងជ័រលក់។ ប៉ុន្តែ ដើមឈើដងជ័រ ត្រូវក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចកាប់បំផ្លាញអស់ ទើបគ្រួសារគាត់ស្វែងរកដីកសិកម្មដាំដុះ។ យុវតីថា គាត់កាប់ព្រៃតំបន់ពាមប៉ោអូរ៣ ហើយដាំដំឡូង តាំងពីឆ្នាំ២០០៨ មក។ ទើបតែថ្ងៃទី៣០ ខែមេសា កម្លាំងអាជ្ញាធរខេត្តក្រចេះ ឈូសរំលំផ្ទះ បាញ់ថ្នាំពុលសម្លាប់ដើមដំឡូងមីងាប់ខ្ទេចខ្ទី ចំណែកសត្វចិញ្ចឹម មាន់ទា ក៏គេមួលកសម្លាប់ សូម្បីតែប៉ោតដងទឹក គេចាក់ទម្លុះដែរ ដើម្បីបង្ខំឲ្យចេញ រួចទុកដីនោះឲ្យក្រុមហ៊ុនវៀតណាម ប៊ិន ភឿក ២ ដាំកៅស៊ូ៖ «ពួកខ្ញុំចង់បានដី។ ក្រលំបាកដែរ អត់មានដី អត់មានធ្លី ហើយឥឡូវគេឈូសឆាយអស់ហើយ ពួកយើងអត់មានដីធ្លីរស់នៅទៀតទេ»។
ប្រជាពលរដ្ឋវ័យក្មេងៗមកពីតំបន់ពាមប៉ោអូរ៣ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មកសុំដីធ្លីនោះ ភាគច្រើនមានប័ណ្ណក្រីក្រថ្នាក់លេខ១។ ពួកគេជាអតីតប្រជាពលរដ្ឋខេត្តក្រចេះ កំពង់ចាម តាកែវ និងខេត្តព្រៃវែង។ ពួកគេទើបកសាងគ្រួសារថ្មី គ្មានដីកសិកម្មសម្រាប់ដាំដុះ ទើបចូលកាប់ដីព្រៃតំបន់ពាមប៉ោអូរ៣ ដើម្បីធ្វើចម្ការបន្ថយការចំណាកស្រុកទៅស៊ីឈ្នួលនៅបរទេស។
យុវជន អាត បូរី អាយុ ២៥ឆ្នាំ ឲ្យដឹងថា ពីមុនរស់នៅក្នុងភូមិវាលកន្សែង ស្រុកឆ្លូង ខេត្តក្រចេះ។ នៅទីនោះ គាត់គ្មានដីដាំដំណាំ ឬសង់ផ្ទះទេ។ យុវជនដដែលបន្តថា ដោយគ្មានដីធ្វើកសិកម្មខ្លួនឯង គាត់ដើរស៊ីឈ្នួលធ្វើការឲ្យគេ ប៉ុន្តែការស្វែងរកប្រាក់ ដោយលក់កម្លាំងពលកម្ម។ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ ប្រាក់រកបានមកបានត្រឹមបង់ថ្លៃព្យាបាលជំងឺ។ គាត់គ្មានអ្វីទីពឹង ក៏បានចូលទៅកាប់ដីព្រៃនៅតំបន់ពាមប៉ោអូរ៣ ឃុំឃ្សឹម ដើម្បីដាំដំឡូង។ ផលដំឡូងលក់បាន ៤ឆ្នាំ ស្រាប់តែមានការបណ្តេញដោយដុតផ្ទះគាត់ចោលទៀត៖ «ខ្ញុំគ្មានដីទេ ខ្ញុំត្រូវការរស់នៅដូចជាប្រជាពលរដ្ឋធម្មតា។ បើសិនជាដីនោះគេព្រមប្រគល់ឲ្យខ្ញុំមែន ខ្ញុំនឹងទៅវិញ»។
ចំណែកបុរសវ័យក្មេងឈ្មោះ ស្រ៊ុន ស្រៀក ដែលកំពុងមានរឿងរ៉ាវដូចគ្នាដែរនោះ ថ្លែងថា ឪពុកម្ដាយគាត់គ្មានទីលំនៅទេនៅខេត្តកំពង់ចាម។ គាត់រស់នៅក្នុងវត្តតាំងពីតូចមក រហូតដល់ឆ្នាំ២០០៨ គាត់ចូលទៅចាប់ដីព្រៃនៅតំបន់ពាមប៉ោអូរ៣ ដើម្បីសង់លំនៅផង និងដាំដំណាំផង។ ប៉ុន្តែ ការបណ្ដេញដោយអាជ្ញាធរខេត្តក្រចេះ គាត់ពិតជាគ្មានលំនៅទេ៖ «ខ្ញុំបានស្រង់ឈ្មោះ និងផ្ដិតមេដៃហើយ រួចគាត់មានប្រសាសន៍ថា គាត់នឹងរកដំណោះស្រាយទំនាស់ដីធ្លីឲ្យពួកខ្ញុំរស់នៅ ហើយគាត់មានប្រសាសន៍ថា នឹងដេញប្រជាពលរដ្ឋខ្ញុំឲ្យទៅរស់នៅតាមស្រុកកំណើតវិញ ប៉ុន្តែប្រជាពលរដ្ឋខ្ញុំឲ្យទៅរស់នៅយ៉ាងម៉េច ពួកខ្ញុំគ្មានដីគ្មានផ្ទះ សូម្បីតែចានឆ្នាំងក៏បំផ្លិចបំផ្លាញ ឲ្យពួកខ្ញុំទៅរស់នៅកន្លែងណា? ឲ្យខ្ញុំទៅរស់នៅកន្លែងវត្ត ឲ្យខ្ញុំហូបបាយវត្តទៀតឬ? រាជរដ្ឋាភិបាលសុំជួយមើលប្រជាពលរដ្ឋយើងខ្ញុំផង តើប្រជាពលរដ្ឋខ្ញុំមានការលំបាកយ៉ាងម៉េច។ ពួកខ្ញុំ ៤០០គ្រួសារនេះ មានការលំបាកខ្លាំងណាស់ សូម្បីតែខោអាវប្រជាពលរដ្ឋ សប្បុរសជនទេអ្នកឧបត្ថម្ភ ក្រមាខោនេះ ពួកខ្ញុំគ្មានទេ បើរាជរដ្ឋាភិបាលមិនជឿទេ សូមមកសួរខ្ញុំមក ខ្ញុំមានប័ណ្ណក្រីក្រលំដាប់លេខ១ ដែលរាជរដ្ឋាភិបាលចេញដោយផ្ទាល់»។
បុរសម្នាក់ទៀតឈ្មោះ យ៉ាំង ង៉ុយ ទៅពីឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ឲ្យដឹងថា ក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំ ទើបពលរដ្ឋកាប់ព្រៃបាន ១ ទៅ ២ហិកតារ ដើម្បីដាំដំណាំ ផ្ទុយពីក្រុមហ៊ុនគេបំផ្លាញព្រៃរាប់ម៉ឺនហិកតារ បែរជាគេស្របច្បាប់ ឯពលរដ្ឋខ្មែរបែរជាចាប់ដាក់ខ្នោះវាយបណ្ដេញ ដុតផ្ទះទៅវិញ។ លោកបន្តថា ពេលណាគាត់មានដីដាំដុះ ទើបកូនចៅគាត់មានអនាគតយូរអង្វែង៖ «ហាមឃាត់ប្រជាពលរដ្ឋ ថាប្រជាពលរដ្ឋហ្នឹងបំផ្លាញព្រៃ បំផ្លាញសម្បទាន ចុះបើដីសម្បទានក៏ហាមឃាត់ ចុះបើក្រុមហ៊ុនក៏មិនថា គេយកដីអស់រាប់ម៉ឺនហិកតារ ម៉េចក៏មិនថាផង ម៉េចក៏ថាតែខ្ញុំ អស់ព្រៃប៉ុន្មានទៅ បើប្រជាពលរដ្ឋកាប់ព្រៃអស់បន្តិចបន្តួចហ្នឹង កន្លះហិកតារ ១ហាត់ ២ហាត់ វាអស់ប៉ុន្មាន បើចុះក្រុមហ៊ុនអស់រាប់ម៉ឺនហាត់ ឲ្យខ្ញុំថាម៉េច។ ឥឡូវពួកខ្ញុំនេះសុំតវ៉ាមិនព្រមទេ ទាល់តែតវ៉ាបានកើត ក្រុមហ៊ុនឈូសឆាយរាប់ម៉ឺនហាត់ ចុះបើបងប្អូនប្រជាពលរដ្ឋនៅកាប់រំលំហ្នឹង កាំបិត ពូថៅ បានតែ ១ហាត់ ២ហាត់ ទម្រាំ ១ហាត់ ២ហាត់ហ្នឹង បែកញើសឡើងក្រិអស់ហើយ ម្រាមដៃ»។
ក្រោយការចូលមកស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី តាំងពីថ្ងៃទី៣ ខែឧសភា មក អាជ្ញាធរខេត្តក្រចេះ ខេត្តកំពង់ចាម សាលារាជធានីភ្នំពេញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ ជាដើម ជួបចរចាជាមួយពលរដ្ឋមកពីតំបន់ពាមប៉ោអូរ៣ ហាមត្រឡប់ទៅរស់នៅតំបន់ពាមប៉ោអូរ៣ ព្រោះដីនៅទីនោះជាដីរដ្ឋបម្រុងទុក។ ចំណែកប្រជាពលរដ្ឋបានចោទថា អាជ្ញាធរខេត្តក្រចេះ បណ្ដេញពួកគាត់ចេញពីតំបន់ពាមប៉ោអូរ៣ ដើម្បីឲ្យដីទៅក្រុមហ៊ុនវៀតណាម ឈ្មោះ ប៊ិន ភៀក ២ ដាំកៅស៊ូ។ ដោយសារការចរចានៅបន្តចម្រូងចម្រាសគ្នានេះ អាជ្ញាធរខេត្តក្រចេះ បានសុំឲ្យអ្នកស្រុកទៅសុំអាជ្ញាធរតាមភូមិឃុំដែលរស់នៅពីមុនៗ បានចូលកាប់ព្រៃតំបន់ពាមប៉ោអូរ៣ ឲ្យទទួលស្គាល់ថា ពិតជាគ្មានដីដាំដុះមែន ចាំដាក់ពាក្យស្នើសុំដីទៅអាជ្ញាធរខេត្តក្រចេះ ដែលមានដីបម្រុងទុកជាង ៧.០០០ហិកតារ នៅក្នុងស្រុកសំបូរ សម្រាប់ចែកជាដីសម្បទានសង្គមកិច្ច។
អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ឲ្យដឹងថា ដីរដ្ឋបម្រុងទុកនៅតំបន់ពាមប៉ោអូរ៣ មានទំហំជាង ៤.០០០ហិកតារ។ លោកថា ប្រជាពលរដ្ឋ ៤០៥គ្រួសារទៅពីតំបន់ផ្សេងៗចូលកាប់ព្រៃអស់ជាង ៧០០ហិកតារ ក្នុងចំណោមដីប្រជាពលរដ្ឋព័ទ្ធទុកជាកម្មសិទ្ធិជាង ២.០០០ហិកតារ៖ «ទោះបីពេលផ្សព្វផ្សាយពេលណាក៏ដោយ គឺយើងបានជម្រាបពួកគាត់ថា បងប្អូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដី ត្រូវការដីពិតប្រាកដ គឺដាក់ពាក្យសុំដីសម្បទានសង្គមកិច្ច។ នៅខេត្តក្រចេះ សព្វថ្ងៃនេះ គឺកំពុងតែរៀបចំដីសម្បទានសង្គមកិច្ចបន្ថែមប្រមាណជាង ៧ពាន់ហិកតារទៀត នៅស្រុកសំបូរ។ ពាក្យនេះ គឺយើងបានជម្រាបគាត់តាំងពីចុងឆ្នាំ២០១២ មកម្ល៉េះថា រឿងដីខេត្តក្រចេះ គឺមិនខ្វះទេ ប៉ុន្តែមិនអាចទៅរៀបចំតាមការចង្អុលបង្ហាញរបស់គាត់ទេ រដ្ឋគឺមានផែនការច្បាស់លាស់រដ្ឋ ដីសម្បទានសង្គមកិច្ចដែលយើងត្រៀមរៀបចំនេះ ឬយើងកំពុងរៀបចំនេះ គឺជាដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានលុបពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នៅស្រុកសំបូរ»។
យោងការស្រង់ស្ថិតិ ប្រជាពលរដ្ឋមកពីតំបន់ពាមប៉ោអូរ៣ ឡើងមកភ្នំពេញ សុំអន្តរាគមន៍ដីនោះមានអតីតពលរដ្ឋខេត្តក្រចេះ ១០៤នាក់ ខេត្តកំពង់ចាម ៩៥នាក់ ខេត្តតាកែវ ២នាក់ និងខេត្តព្រៃវែង ៤នាក់។ មកដល់បច្ចុប្បន្ន អ្នកទាំងនោះបន្តស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី បន្ទាប់ពីអាជ្ញាធរខេត្តក្រចេះ និងរាជធានីភ្នំពេញ មិនបន្តការចរចា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។