សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ក្រចេះ​ឈូស​ឆាយ​ដី​ស្រែ​ពលរដ្ឋ​មិន​ជូន​ដំណឹង​ជា​មុន

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ចោទ​អាជ្ញាធរ​ខេត្ត​នេះ​ថា​ឈូស​ឆាយ​ដី​ស្រែ​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ ដែល​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក។ ការ​ចោទ​ប្រកាន់​នេះ គឺ​នៅ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ស្រែ​ផល​ដំណាំ​ពលរដ្ឋ​ប្រមាណ​ប្រវែង ៦០០​ម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​នេះ ថា​មិន​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ជា​មុន​សិន ទើប​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​កសិកម្ម​ពលរដ្ឋ។

ពលរដ្ឋ​ជាង ៤០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ ២៨​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា បាន​ឃាត់​គ្រឿងចក្រ​របស់​អាជ្ញាធរ​ខេត្ត កំពុង​ឈូស​ឆាយ​មិន​ឲ្យ​ឈូស​ឆាយ​ដី​របស់​ពួក​គាត់។ ក្រុម​ពលរដ្ឋ​ចាត់​ទុក​ថា អាជ្ញាធរ​មាន​ចេតនា​ដក​ហូត​ដី​ពួក​គាត់​ដែល​គ្រប់គ្រង និង​អាស្រ័យ​ផល​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម។

ចំណែក​អាជ្ញាធរ​អះអាង​ថា ដី​ដែល​អាជ្ញាធរ​កំពុង​ឈូស​ឆាយ​ជា​ដី​ព្រលាន​យន្តហោះ សម្រាប់​កសាង​សាកលវិទ្យាល័យ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែស្ដៅ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ អ្នកស្រី អ៊ុង គឹមយាន រៀបរាប់​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា ដី​ពលរដ្ឋ​ចំនួន ៤៥​ហិកតារ ស្នើ​នឹង ២៨​គ្រួសារ​មាន​ផ្ទះ​ចំនួន ៧​ខ្នង ដែល​ពលរដ្ឋ​គ្រប់គ្រង ថែម​ទាំង​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៥៦ រហូត​មក​ដល់​បច្ចុប្បន្ន អាជ្ញាធរ​មិន​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ឡើយ ថែម​ទាំង​ដក​ហូត​ដី​ពួក​គាត់​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ​ទៀត អាជ្ញាធរ​មិន​ដឹង​ថា យក​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ពី​ណា​មក? ដែល​សំអាង​ថា ពលរដ្ឋ​យល់​ព្រម​ឲ្យ​ឈូស​ឆាយ ស្រប​ពេល​ដែល​ពួក​គាត់​នៅ​មិន​ទាន់​ទទួល​ដំណឹង​នៅ​ឡើយ៖ «វា​ឈូស​ឆាយ​ដី​ស្រែ​ដី​ភូមិ​ទាំងអស់ ប៉ុន្តែ​គ្រាន់​តែ​គេ​សុំ​ឈូស​ធ្វើ​ផ្លូវ ពួក​ខ្ញុំ​ប្រជាពលរដ្ឋ ២៨​គ្រួសារ​អត់​បាន​ដឹង​ទេ ទើប​ម្សិលមិញ​មក​លួច​ឈូស ហៅ​ពួក​ប៉ូលិស​ខណៈ​ឃុំ​ខណៈ​ខេត្ត ពលរដ្ឋ​អត់​ដឹង​អី​ផង»

ស្ត្រី​ដដែល​បន្ថែម​ថា អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ស្រែ​លើ​ដី​នេះ មុន​ពេល​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ថែម​ទាំង​យក​កម្លាំង​ប្រដាប់​អាវុធ​ដាក់​ពង្រាយ​ការពារ​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា។

អភិបាល​រង​ក្រុង​ក្រចេះ លោក វិន សុខខេង មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ទេ លោក​ប្រាប់​ថា ជាប់​ប្រជុំ​នៅ​ថ្ងៃ​ទី​២១ មិថុនា។

ចំណែក​ចៅសង្កាត់​អូរឫស្សី អ្នកស្រី ញៀន ពុយភារុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា អាជ្ញាធរ​គ្រោង​យក​ទីតាំង​ដី​នេះ​កសាង​សាកលវិទ្យាល័យ ដូច្នេះ ចាំបាច់​ត្រូវ​ការ​ដី​ព្រលាន​យន្តហោះ​នេះ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​ចំណោម​ពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រលាន​យន្តហោះ​នេះ អាជ្ញាធរ​ធ្លាប់​ផ្តល់​សំណង​ជូន​ពួក​គាត់​ជា​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​អង្ក្រង ស្រុក​សំបូរ រួច​ហើយ។ ចំណែក​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ អាជ្ញាធរ​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ពី​ថ្នាក់​ជាតិ​ជា​មុន​សិន?៖ «តាម​ពិត​ដី​ចំ​ព្រលាន​យន្តហោះ យើង​ដោះ​ជូន​ពលរដ្ឋ គឺ​យើង​មាន​គោល​នយោបាយ​ផ្តល់​ជា​ថវិកា ដើម្បី​រុះរើ​ផ្ទះ​មួយ ហើយ​មួយ​ទៀត​យើង​ផ្តល់​ដី​សម្បទាន យើង​អាច​សាងសង់​សាកលវិទ្យាល័យ ត្រឹម​ទៅ​ចំណុច​ខាង​ក្រោយ​ប្រហែល​ជា ៤០​ហិកតារ»

ផ្លូវ​ដែល​អាជ្ញាធរ​បាន​ឈូស​ឆាយ​រួច​ប្រវែង ៦០០​ម៉ែត្រ​ក្នុង​ដី​ដែល​កំពុង​មាន​ជម្លោះ ឋិត​នៅ​ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
ផ្លូវ​ដែល​អាជ្ញាធរ​បាន​ឈូស​ឆាយ​រួច​ប្រវែង ៦០០​ម៉ែត្រ​ក្នុង​ដី​ដែល​កំពុង​មាន​ជម្លោះ ឋិត​នៅ​ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។ (Photo Provided)

អនុក្រឹត្យ​រដ្ឋាភិបាល​លេខ​១៤៣ ចុះ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ការ​ប្ដូរ​ដី​ព្រលាន​យន្តហោះ​ដែល​មាន​ទំហំ ១១២​ហិកតារ មក​ជា​ដី​សាងសង់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម មាន​ទំហំ​ដី​ជាង ៩៩​ហិកតារ (៩៩,០១)។ ទោះ​យ៉ាង​ណា គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បាន​ចេញ​លិខិត​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ កាត់​ដី​ព្រលាន​យន្តហោះ​នេះ​មាន​ទំហំ ៩៩,០១​ហិកតារ ជូន​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ តាម​ការ​ស្នើ និង​ដី​ជាង ៤០​ហិកតារ​ទៀត កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៤។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (adhoc) ខេត្ត​ក្រចេះ លោក ឌិន ខន្នី និយាយ​ថា អាជ្ញាធរ​ខេត្ត​គួរ​តែ​កាត់​ដី​ជូន​ពលរដ្ឋ​ជាង ៤០​ហិកតារ ដែល​ពួក​គាត់​កាន់​កាប់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម តាម​សំណើ​របស់​រដ្ឋសភា។ លោក​ថា ករណី​ឈូស​ឆាយ​ដី​អាស្រ័យ​ផល​ពលរដ្ឋ​ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ជូន​ពលរដ្ឋ ថា​ជា​យន្តការ​ខុស​នីតិវិធី ស្រប​ពេល​ដែល​ដី​នៅ​ទីតាំង​នេះ​ជា​ដី​កំពុង​មាន​ជម្លោះ​មិន​ទាន់​ដោះស្រាយ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ អភិវឌ្ឍ​ដោយ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​អាច​ទទួល​យក​បាន៖ «ចំណាត់​ការ​របស់​អាជ្ញាធរ​ខ្ញុំ​គិត​ថា ខុស​នីតិវិធី អាជ្ញាធរ​ខេត្ត​បាន​ធ្វើ គឺ​នៅ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ។ ទី​១ គឺ​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ»

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ក្រចេះ បាន​កោះ​ហៅ​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ​មក​ប្រជុំ​សម្រប​សម្រួល​បញ្ហា​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ មិថុនា។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​វាស់វែង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ជា​មុន​សិន ទើប​ពលរដ្ឋ​សម្រេច​ឲ្យ​អាជ្ញាធរ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ឡើង​វិញ។ ដោយ​ឡែក​អាជ្ញាធរ​ក្រុង​និយាយ​ថា អាជ្ញាធរ​នឹង​យក​សំណើ​នេះ​ទៅ​ប្រឹក្សា​គ្នា​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។