ពលរដ្ឋ​១៨​គ្រួសារ​នៅ​ក្រចេះ​អះអាង​ថា​យោធា​សឹក​រង​គំរាម​ឲ្យ​ផ្ដិត​មេ​ដៃ

ប្រជាពលរដ្ឋ ១៨​គ្រួសារ នៅ​ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាង​ថា ពួក​គាត់​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី ហើយ​ពួក​គាត់​ត្រូវ​បាន​កង​កម្លាំង​យោធា​សឹក​រង​នៃ​ស្រុក​ស្នួល ២​នាក់ បាន​ចុះ​គំរាម​ពលរដ្ឋ​ឲ្យ​ផ្ដិត​ស្នាម​មេ​ដៃ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ។

0:00 / 0:00

តំណាង​ពលរដ្ឋ​ស្ថិត​នៅ​ភូមិ​សំរោងស្រែស្រាយ ចំណុច​គីឡូម៉ែត្រ​១១៣ ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ អ្នកស្រី ម៉ា សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ថា កង​យោធា​សឹក​រង​នៃ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្លៀកពាក់​ស៊ីវិល ប្រាប់​ថា ពលរដ្ឋ​ចាំបាច់​ផ្ដល់​ស្នាម​មេ​ដៃ​ឲ្យ​ពួក​គេ ដើម្បី​យក​ស្នាម​មេ​ដៃ​នោះ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តុលាការ។

អ្នកស្រី​អះអាង​ទៀត​ថា បុរស ២​នាក់​នោះ​គំរាម​ពលរដ្ឋ​ទៀត​ថា បើ​មិន​ផ្ដល់​ស្នាម​មេ​ដៃ​ទេ តុលាការ​នឹង​ចាប់​ខ្លួន​ដាក់​គុក ព្រោះ​ពលរដ្ឋ​មក​ធ្វើ​លំនៅឋាន​លើ​ដី​ដែល​គេ​មាន​ប្លង់​រួច​រាល់​ហើយ។ អ្នកស្រី ម៉ា សុខា បញ្ជាក់​ទៀត​ថា បុរស ២​នាក់​នោះ​បញ្ជាក់​អត្តសញ្ញាណ​ខ្លួន​មិន​ច្បាស់​លាស់​ទេ ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ មិថុនា បុរស ២​នាក់​នោះ​អះអាង​ថា គេ​មក​ពី​កង​យោធា​សឹក​រង​ស្រុក​ស្នួល។ ក្រោយ​នោះ​បន្តិច​នៅ​ថ្ងៃ​ដដែល ម៉ោង​ប្រមាណ ១​រសៀល បែរ​ជា​អះអាង​ថា ពួក​គាត់​ជា​កង​រាជ​អាវុធហត្ថ​ទៅ​វិញ។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា បុរស ២​នាក់​នោះ​បាន​រំខាន​អ្នកគ្រូ​ម្នាក់ ស្ថិត​ក្នុង​ភូមិ​សំរោងស្រែស្រាយ ខណៈ​ពេល​អ្នកគ្រូ​នោះ​កំពុង​បង្រៀន​សិស្ស ដោយ​បញ្ជា​ឲ្យ​អ្នកគ្រូ​នោះ​ផ្ដល់​ស្នាម​មេ​ដៃ។ ទោះ​យ៉ាង​ណា អ្នកគ្រូ​ពុំ​បាន​ធ្វើ​តាម​ការ​បញ្ជា​របស់​បុរស​នោះ​ទេ។

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នេះ បាន​អះអាង​ថា ពួក​គាត់​បាន​តាំង​លំនៅឋាន​នៅ​លើ​ក្បាល​ដី​តំបន់​នោះ កាល​ពី​ឆ្នាំ​២០០៧។ ក្បាល​ដី​អ្នក​ភូមិ ១៨​គ្រួសារ ចាប់​កើត​បញ្ហា​ខណៈ​ពេល​ដែល​ក្រុមហ៊ុន សុវណ្ណ វុទ្ធី បាន​ឈូស​ឆាយ​ដី​តំបន់​នេះ​ដាំ​កៅស៊ូ ប៉ះពាល់​ដី​ពលរដ្ឋ​ជាច្រើន។ ក្រោយ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ ពលរដ្ឋ​បាន​ក្រោក​ឡើង​តវ៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​នេះ។ ក្រុមហ៊ុន សុវណ្ណ វុទ្ធី ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១០។ ក្រោយ​មក ក្បាល​ដី​មាន​ជម្លោះ​ត្រូវ​អភិបាល​រង​ខេត្ត លោក ខាន់ ចំណាន ផ្ដល់​សិទ្ធិ​ឲ្យ​លោក គីន ស៊ីដូ។ ពលរដ្ឋ​អះអាង​ថា ដី​មាន​ជម្លោះ​នេះ ត្រូវ​ក្រុម​និស្សិត​ចុះ​វាស់វែង និង​ផ្ដល់​សលាកបត្រ​ជូន​ពលរដ្ឋ​រួច​ហើយ ដោយ​រង់ចាំ​ទទួល​ប្លង់​រឹង។

ផ្ទុយ​ពី​ការ​អះអាង​របស់​ពលរដ្ឋ​នេះ អភិបាល​ស្រុក​ស្នួល លោក សាន់ ណាល់ អះអាង​ថា សលាកបត្រ​ដែល​ពលរដ្ឋ​កំពុង​កាន់​នោះ កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺ​ក្បាល។ លោក​បញ្ជាក់​ថា សលាកបត្រ​ដែល​ពលរដ្ឋ​កាន់​កាប់​នោះ មិន​មែន​ជា​សលាកបត្រ​ដីធ្លី​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា លោក​បាន​ឲ្យ​ទៅ​ទាក់ទង​សួរ​បញ្ជាក់​ពី​អភិបាល​រង​ខេត្ត​ក្រចេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន បាន​ទេ​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា។

ប៉ុន្តែ​កន្លង​មក លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​អាច​បកស្រាយ​បាន​ទេ​ពី​បញ្ហា​នេះ ដោយ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ហាក់​ច្រើន​ពេក ហើយ​លោក​ក៏​ទទួល​ភារៈ​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

ទោះ​យ៉ាង​ណា ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ក្រចេះ អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍​ថា រដូវ​នេះ​ជា​រដូវ​វស្សា ដូច្នេះ​អាជ្ញាធរ​គួរ​រួសរាន់​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ។ ម្យ៉ាង​ទៀត បើ​ទោះ​បី​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​ទាន់​ដោះស្រាយ ក៏​អាជ្ញាធរ​មូលដ្ឋាន​គួរ​ប្រញាប់​សម្រួល​ធ្វើ​យ៉ាង​ណា​ផ្ដល់​ទីតាំង​ដល់​ពលរដ្ឋ​ធ្វើ​ទី​លំនៅ​បណ្ដោះ​អាសន្ន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។