ពលរដ្ឋជាង ១០០គ្រួសារ រស់នៅឃុំពីរធ្នូ នៃស្រុកស្នួល ខេត្តក្រចេះ ចោទសន្តិសុខក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ មេមត់ ថាឈូសឆាយដំណាំពួកគាត់ដើម្បីយកដី។ ការចោទប្រកាន់នេះ បន្ទាប់ពីមានគ្រឿងចក្រពីរគ្រឿង បានឈូសឆាយដំណាំអ្នកភូមិចំនួន ៦ហិកតារ កាលពីព្រឹកទី២១ ធ្នូ។ បន្ទាប់ពីឈូសឆាយ អ្នកភូមិជាង ១០០នាក់ បានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន និងទាមទារឲ្យសន្តិសុខក្រុមហ៊ុនផ្អាកឈូសឆាយ។
ពលរដ្ឋបានសុំអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងស្ថាប័នពាក់ព័ន្ធ ទាក់ទិនការឈូសឆាយផលដំណាំពួកគាត់ ដើម្បីយកដីគ្រប់គ្រងជាកម្មសិទ្ធិឯកជនដោយសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ អ្នកភូមិទាមទារឲ្យសន្តិសុខក្រុមហ៊ុន ទទួលខុសត្រូវរាល់ការឈូសឆាយ និងស្នើឲ្យអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់នោះ ខណៈអ្នកភូមិមួយចំនួន បានទទួលដីសម្បទានសង្គមកិច្ចជាង ៥ឆ្នាំកន្លងមក។
តំណាងពលរដ្ឋ លោក ម៉េត ធី ចោទប្រកាន់សន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូមេមត់ លោក តាន់ សាន់ ថាបានឈូសឆាយផលដំណាំអ្នកភូមិ មានចេក ដំឡូងមី ស្វាយចន្ទី និងដំណាំផ្សេងទៀត ខណៈដីអ្នកភូមិឋិតក្រៅក្រវាត់ព្រំដីរបស់ក្រុមហ៊ុន៖ «ប្រកាន់បក្ខពួកគេ ឆ្មាំហ្នឹងគេទុកការពារក្រុមហ៊ុនតែគ្នាវាចឹង។ ចំណែកប្រជាជនវាមិនឲ្យទេ វាចង់យកដាច់ដោយឡែកខ្លួនវា នៅនោះកន្លែងណាក៏ឆ្មាំ កន្លែងណាក៏ឆ្មាំដីមេមត់ហ្នឹងដែរ»។
អ្នកភូមិម្នាក់ទៀត លោក ខឹម សុខ រៀបរាប់ថា អ្នកភូមិបានកាប់ឆ្ការដីព្រៃជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១០ ចំនួន ៥០ហិកតារ ដោយមួយគ្រួសារមានដីប្រភេទលំនៅឋានទំហំទទឹង ១០ម៉ែត្រ បណ្តោយ ២០០ម៉ែត្រ។ លោកកត់សម្គាល់ថា កាលពីឆ្នាំ២០០៩ ពលរដ្ឋជាង ១០០គ្រួសារ ធ្លាប់ផ្ដិតមេដៃស្នើសុំដីសម្បទានសង្គមកិច្ចទៅអាជ្ញាធរ តែរហូតបច្ចុប្បន្ន ពុំទាន់ទទួលលទ្ធផលឡើយ។ លោកអំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចុះសិក្សាពីពលរដ្ឋដែលគ្មានដីរស់នៅ ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច និងឆ្វៀលដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ បន្ទាប់ពីរដ្ឋាភិបាលបានជួលដីឲ្យក្រុមហ៊ុនមេមត់ ជិត ១ម៉ឺនហិកតារ គ្រប់គ្រងរយៈពេល ៥០ឆ្នាំ៖ «ប្រជាពលរដ្ឋរាល់ថ្ងៃហ្នឹង សុំដីគេនៅធ្វើរោងធ្វើផ្ទះតាមចិញ្ចើមថ្នល់ ហើយមកពលរដ្ឋឃើញដី ដឹងថាដីសម្បទានរដ្ឋហើយ តែដឹងថាអត់មានកន្លែងនៅចឹង ពលរដ្ឋចូលកាប់តិចតួចបានម្នាក់ ៤ ទៅ ១០ម៉ែត្រ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូមេមត់ លោក តាន់ សាន់ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២២ ធ្នូ។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេមត់ គឺជាកម្មសិទ្ធិរបស់ អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិនិយោគដំណាំឧស្សាហកម្មកៅស៊ូលើផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥០ហិកតារ) រយៈពេល ៥០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨។
អ្នកភូមិកត់សម្គាល់ថា កាលពីឆ្នាំ២០១០ ពលរដ្ឋចំនួន ៥២៧គ្រួសារ បានតាំងទីលំនៅត្រង់ចំណុច១០៩ ដល់ ១១៥ ឋិតនៅឃុំឃ្សឹម ស្រុកស្នួល បន្ទាប់មក ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានបណ្ដេញអ្នកភូមិចេញ ដោយដុតផ្ទះពួកគាត់ជាង ១០ខ្នង។ បន្ទាប់ពីក្រុមហ៊ុនបណ្ដេញអ្នកភូមិនៅសល់ពលរដ្ឋជិត ២០០គ្រួសារ មករស់នៅលើចិញ្ចើមផ្លូវត្រង់ចំណុច១០៤ ឋិតនៅឃុំពីរធ្នូ រង់ចាំអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ច។
មេឃុំពីរធ្នូ លោក ពឹង វិន និយាយថា ពលរដ្ឋជាង ១០០គ្រួសារ បានមកតាំងទីលំនៅតាមចិញ្ចើមថ្នល់ជាច្រើនឆ្នាំកន្លងមក អ្នកខ្លះមកកាប់ឆ្ការព្រៃរបស់ក្រុមហ៊ុនធ្វើចម្ការ និងមានមហិច្ឆតាគ្រប់គ្រងដីនោះ។ លោកថា អ្នកភូមិធ្លាប់ស្នើអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ តែការសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច គឺហួសពីសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន៖ «គាត់មកចាំនៅនោះ គាត់ទាមទារឲ្យអាជ្ញាធររដ្ឋអំណាចចែកដីឲ្យពួកគាត់។ តែមិនដឹងដីនៅណា? គេថាអត់មានទេ! កន្លងមកដីតំបន់នោះជាដីសម្បទានសង្គមកិច្ច បើចង់បានធ្វើសំណើ»។
អភិបាលស្រុកស្នួល លោក គង់ គឹមនី មានប្រសាសន៍ថា ពលរដ្ឋបានមកតាំងទីលំនៅទីនោះខុសច្បាប់ តែអាជ្ញាធរកំពុងរកនីតិវិធីដើម្បីឲ្យពួកគាត់រស់នៅស្របច្បាប់ និងរកមធ្យោបាយផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ៖ «គាត់រស់នៅលើដីក្រុមហ៊ុនខុសច្បាប់ហើយ តែធ្វើម៉េចបងប្អូនប្រជាពលរដ្ឋយើងគាត់អត់យល់ទេ។ ចឹងទាល់តែយើងជួយណែនាំគាត់ ជួយផ្សព្វផ្សាយពន្យល់ពីច្បាប់ដល់គាត់។ បាទ! ហើយយើងរកពិធីណាមួយឲ្យគាត់ពីខុសច្បាប់មកត្រូវច្បាប់»។
ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក (ADHOC) លោក ឡាត់ គី យល់ថា អាជ្ញាធរដែនដីមានសិទ្ធិអំណាចគ្រប់គ្រងដី និងបែងចែកក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែសិទ្ធិសម្រេចលើបញ្ហានេះ អាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវសិក្សានូវកង្វល់របស់ពលរដ្ឋ ទទួលយកកង្វល់ពួកគាត់ និងតាមដានរាល់ការប្រឈមរបស់អ្នកភូមិ ហើយលើកសំណើចងក្រងជារបាយការណ៍ទៅថ្នាក់លើ និងតាមដានពីលទ្ធផលសំណើទាំងនោះ៖ «អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ ពេលដែលពលរដ្ឋខ្វះអ៊ីចឹង គាត់ត្រូវតែគិតគូរ ហើយណែនាំ។ នេះ គឺជាមធ្យោបាយសមស្របមួយ ប៉ុន្តែជាទូទៅ ខ្ញុំកត់សម្គាល់តំបន់ដីសម្បទានសង្គមកិច្ចក្នុងខេត្តក្រចេះ តែងតែមានឧបសគ្គច្រើនសម្រាប់ការបែងចែក ដូចជាមានផលលំបាកច្រើនដល់ពួកគាត់ក្នុងការបំពេញបែបបទក្នុងការស្នើសុំ»។
ពលរដ្ឋទាំង ១០០គ្រួសារនោះ បច្ចុប្បន្នកំពុងរស់នៅតាមដងផ្លូវជាតិលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះគាត់មើលឃើញថា ការរស់នៅដូចនេះជិតទីប្រជុំជន និងងាយស្រួលប្រកបរបរចិញ្ចឹមជីវិត។ កាលពីឆ្នាំ១៩៩៦ ដីសម្បទានសង្គមកិច្ចមេមត់ គឺជាតំបន់ដែនជម្រកសត្វព្រៃស្រុកស្នួល លាតសន្ធឹងលើផ្ទៃដីជាង ១ម៉ឺនហិកតារ ជាប់ព្រំដែនស្រុកស្នួល ខេត្តក្រចេះ ដល់ខេត្តមណ្ឌលគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
