ជនជាតិដើមភាគតិចព្នង ៧៥គ្រួសារនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដាក់ពាក្យប្ដឹងទៅការិយាល័យការពារសិទ្ធិមនុស្សអាដហុក (ADHOC) សុំជួយអន្តរាគមន៍ករណីមន្ត្រីសាលាស្រុកអូររាំង មួយរូប បានឈូសឆាយដីប៉ះពាល់តំបន់ខ្ទមអ្នកតាដែលសហគមន៍គោរពបូជាជាច្រើនឆ្នាំមកហើយ ធ្វើឲ្យប៉ះពាល់ជំនឿប្រពៃណីអ្នកភូមិ។
ជនជាតិដើមភាគតិចព្នង ប្រមាណ ៤០នាក់ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បាននាំគ្នាបង្ហាញទីតាំងខ្ទមអ្នកតាជាទីសក្ការៈរបស់អ្នកភូមិ បន្ទាប់ពីទីតាំងនោះត្រូវមន្ត្រីសាលាស្រុកអូររាំង គឺលោក ខៀវ ព្រិល ជួលគ្រឿងចក្រឈូសឆាយបំណងយកដីតំបន់នោះលក់។
ការបង្ហាញទីតាំងឈូសឆាយដីនេះ ធ្វើឡើងខណៈមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ចុះអង្កេតទីតាំងនោះផ្ទាល់តាមរយៈពាក្យប្ដឹងរបស់សហគមន៍ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដែលមានស្នាមមេដៃអ្នកភូមិ ៧៥គ្រួសារ សុំឲ្យមន្ត្រីសិទ្ធិមនុស្សអន្តរាគមន៍ពាក្យប្ដឹងរបស់អ្នកភូមិទៅអាជ្ញាធរខេត្តជួយដោះស្រាយ។
ចាស់ទុំដែលនាំគ្នាចង្អុលបង្ហាញពីការរំលោភដី លោកស្រី ព្លើយ អើម បញ្ជាក់ថា ការឈូសឆាយបំពានទៅលើដីខ្ទមអ្នកតារបស់សហគមន៍ គឺជាការរំលោភសិទ្ធិជនជាតិដើមភាគតិច និងធ្វើឲ្យប៉ះពាល់លើជំនឿប្រពៃណីវប្បធម៌សហគមន៍ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ។
លោកស្រីកត់សម្គាល់ថា តំបន់ខ្ទមអ្នកតានេះ គឺជាកន្លែងគោរពបូជារបស់សហគមន៍ និងជាកន្លែងដែលសហគមន៍តែងនាំគ្នាយកដង្វាយមានជ្រូក មាន់ ស្រា សែនព្រេនសុំសេចក្តីសុខសប្បាយ និងការពារឧបទ្រពចង្រៃផ្សេងៗមានជំងឺរាតត្បាត និងឧបទ្ទវហេតុចៃដន្យណាមួយដែលអ្នកភូមិជឿថា បារមីអ្នកតាអាចជួយរំដោះគ្រោះភ័យទាំងនោះបាន៖ « តាំងពីរំដោះរហូតឆ្នាំ១៩៨១ ប្រជាពលរដ្ឋមករស់នៅភូមិហ្នឹងសែនរាល់ឆ្នាំ កាប់ជ្រូកមួយសែន ស្រា ២០ពាងទុកឲ្យកូនចៅយើងរកស៊ីមានបាន កុំឲ្យមានបញ្ហារន្ទះបាញ់គោក្របីជ្រូកមនុស្ស បានសែនអ្នកតាហ្នឹង »។
នៅលើទីទួលនៃតំបន់ភ្នំឋិតនៅចម្ងាយជាង ១គីឡូម៉ែត្រពីភូមិពូត្រែង គឺជាកន្លែងដែលគ្រឿងចក្រចាប់ឈូសឆាយដីកាលពីសប្ដាហ៍ទីពីរក្នុងខែវិច្ឆិកា នេះ។ នៅទីទួលនោះ មានខ្ទមអ្នកតាទំហំមួយម៉ែត្របួនជ្រុង ធ្វើពីឈើប្រក់ស័ង្កសី សង់ខ្ពស់ពីដី គឺជាកន្លែងសក្ការៈរបស់អ្នកភូមិនៅក្នុងភូមិនេះ។
នៅចម្ងាយប្រមាណ ២០ ទៅ ៣០ម៉ែត្រពីខ្ទមអ្នកតា ស្នាមឈូសឆាយដី និងព្រៃមានសភាពថ្មីៗនៅឡើយ ខណៈគ្រឿងចក្របានឈូសឆាយព្រៃរបោះនៅតំបន់នោះដើម្បីយកដី។
ប្រធានសហគមន៍ភូមិពូត្រែង លោក ព្យាន ច្រេន អះអាងថា គ្រឿងចក្ររបស់មន្ត្រីសាលាស្រុក គឺលោក ខៀវ ព្រិល បានឈូសឆាយប៉ះពាល់ដីមួយផ្នែកនៃតំបន់សក្ការៈ ដោយសំអាងថាដីនោះត្រូវមន្ត្រីនោះបានទិញពីប្រជាពលរដ្ឋនៅក្នុងភូមិ។ ក្រៅពីនោះ ដីប្រជាពលរដ្ឋពីរគ្រួសារនៅជិតតំបន់ខ្ទមអ្នកតា ក៏ត្រូវគ្រឿងចក្រឈូសឆាយយកដោយមិនមានការលក់ដូរ ឬយល់ព្រមពីម្ចាស់ដី៖ « មេភូមិជូនលេខគាត់ ខ្ញុំទូរស័ព្ទទៅគាត់ បើបងឯងអត់មានដោះស្រាយទេ ពួកខ្ញុំប្ដឹងបាតុកម្មបងឯង។ ប្រហែល ១៥នាទី ប្រពន្ធគាត់មកនិយាយអត់ស្តាប់គ្នា ជជែកក្នុងដីហ្នឹង ពួកខ្ញុំអត់លក់ទេ។ ហេតុអ្វីមកឈូសកន្លែងហ្នឹង។ គាត់ថាចង់បានព្រំដីត្រង់កន្លែងហ្នឹង »។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អ្នកភូមិប្រមាណ ៥០នាក់ បាននាំគ្នារារាំងគ្រឿងចក្រដែលកំពុងឈូសឆាយដីនៅតំបន់ក្បែរខ្ទមអ្នកតា និងសុំឲ្យមន្ត្រីអាជ្ញាធរភូមិ ជួយដោះស្រាយការឈូសឆាយចូលតំបន់ខ្ទមអ្នកតាប្រជាពលរដ្ឋ។
ទាក់ទិនការប្ដឹងតវ៉ារបស់ប្រជាពលរដ្ឋភូមិពូត្រែង មន្ត្រីសាលាស្រុកអូររាំង លោក ខៀវ ព្រិល ទទួលស្គាល់ថា ជាកំហុសអចេតនាដែលអ្នកបើកគ្រឿងចក្របានឈូសឆាយចូលដីតំបន់ខ្ទមអ្នកតាប្រមាណ ៤ ទៅ ៥ម៉ែត្រ។ លោកថា ដីនៅតំបន់នោះ លោកបានទិញមានឯកសារទិញលក់ពីប្រជាពលរដ្ឋម្ចាស់ដី រីឯការឈូសឆាយប៉ះពាល់ដីខ្ទមអ្នកតា លោកមានគម្រោងសម្របសម្រួលជាមួយសហគមន៍ ដើម្បីពិភាក្សារកដំណោះស្រាយសែនព្រេនតាមជំនឿប្រពៃណីអ្នកភូមិ៖ « ជាក់ស្តែង គឺអត់មានប៉ះពាល់ គ្រាន់តែចូលព្រំដីបន្តិចទេ។ ចង់ឲ្យមានដំណោះស្រាយនៅដីថា សហគមន៍ណាធំជាងគេ ឲ្យចង្អុលព្រំមើល ខ្ញុំនៅកន្លែងហ្នឹងយូរធ្លាប់ទៅសែនកន្លែងហ្នឹងដែរ »។
របាយការណ៍របស់សហគមន៍ភូមិពូត្រែង ដីតំបន់ខ្ទមអ្នកតាសហគមន៍មានទំហំជាងកន្លះហិកតារ។ បច្ចុប្បន្ន អ្នកទិញដីបានឈូសឆាយតំបន់នោះអស់ពាក់កណ្ដាល ទើបអ្នកភូមិប្ដឹងតវ៉ា។
ប្រធានភូមិពូត្រែង លោក ប្លង់ សេង ទទួលស្គាល់ថា អ្នកភូមិបានផ្តល់ព័ត៌មាន និងសុំឲ្យអាជ្ញាធរភូមិជួយដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែដោយសារលោកជាប់រវល់ ទើបអូសបន្លាយពេលដល់ថ្ងៃនេះ។ លោកអះអាងថា នឹងអញ្ជើញភាគីពាក់ព័ន្ធមកសម្របសម្រួលនៅសប្ដាហ៍នេះ ដើម្បីរកវិធីបញ្ចប់ជម្លោះនេះ៖ « តាមជាក់ស្តែងវាស់វែងទាំងអស់គ្នាទៅ អាងតែដីទូលាយហ្នឹងពីមុនចេះតែចោល បានមានបញ្ហា។ ម្ចាស់ភូមិគេលក់ខាងក្រោមៗដែរហ្នឹង នៅសល់តែ ៥០ម៉ែត្របួនជ្រុងទេ »។
នៅថ្ងៃទី២២ ខែវិច្ឆិកា ការិយាល័យការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី បានធ្វើលិខិតអន្តរាគមន៍ជូនអាជ្ញាធរខេត្តមណ្ឌលគិរី ទាក់ទិនពាក្យប្ដឹងរបស់សហគមន៍ដែលបានប្ដឹងលោក ខៀវ ព្រិល ឲ្យសងសំណងខូចខាតជាប្រាក់ ២ពាន់ដុល្លារ ដើម្បីសែនព្រេនអ្នកតា និងទាមទារឲ្យប្រគល់ដីខ្ទមអ្នកតាមកអ្នកភូមិគ្រប់គ្រងវិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ដីតំបន់ជនជាតិដើមភាគតិចត្រូវបានទទួលស្គាល់ដោយច្បាប់ភូមិបាលឆ្នាំ២០០១ ហេតុនេះអាជ្ញាធរត្រូវមានវិធានការបន្ទាន់ចំពោះជនណាដែលធ្វើឲ្យប៉ះពាល់ ឬខូចខាត ជាពិសេសដីតំបន់សក្ការៈរបស់ជនជាតិដើមភាគតិច។ លោកថា សហគមន៍បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរភូមិ ប៉ុន្តែមិនបានលទ្ធផល ទើបប្ដឹងមកការិយាល័យសិទ្ធិមនុស្សជួយរកយុត្តិធម៌៖ « យើងចុះមកពិតជាមានការឈូសឆាយប្រាកដមែន។ យើងនឹងផ្ដិតរូបភាពនេះភ្ជាប់ជាមួយលិខិតអន្តរាគមន៍ ជំរុញឲ្យអាជ្ញាធរខេត្តជួយដោះស្រាយ »។
ជំនឿរបស់ជនជាតិដើមភាគតិចព្នង ភូមិពូត្រែង រៀងរាល់ឆ្នាំ ពួកគេតែងតែរួមគ្នារៀបចំកាប់ជ្រូកមួយក្បាល និងស្ងោរមាន់ និងស្រាពាងតាមក្រុមគ្រួសារនីមួយៗ យកមកសែនខ្ទមអ្នកតាដែលមានឈ្មោះថា "អ្នកតាឡាវអន់យើ ឬអ្នកតាត្រពាំងតាយើ" ដែលអ្នកភូមិជឿថាបារមីអ្នកតានេះជួយឲ្យអ្នកភូមិទទួលបានភោគផលកសិកម្មល្អ ចៀសវាងជួបប្រទះបាតុភូតរន្ទះបាញ់ ងាប់គោក្របី និងស្លាប់អ្នកភូមិ ឬការពារមិនឲ្យកើតមានជំងឺរាតត្បាតក្នុងភូមិ និងពិសេសការពារសត្វឃ្មុំ និងគ្រោះថ្នាក់ខណៈអ្នកភូមិស្វែងរកឃ្មុំក្នុងព្រៃជាមុខរបរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។